
មន្ត្រីក្រសួងធនធានទឹកចុះពិនិត្យការដ្ឋានប្រឡាយ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី៨ ឧសភា។ រូបថត ក្រសួងធនធានទឹក
បន្ទាយមានជ័យៈ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម កំពុងជំរុញការស្ថាបនាប្រព័ន្ធធារាសាស្រ្ដ នៅតាមការដ្ឋានស្ថិតក្នុងតំបន់ស្ទឹងក្រសាំង ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ តំបន់អាងតាម៉េង និងតំបន់អាងត្រពាំងថ្ម ដើម្បីធានាបានលើបញ្ហាសុវត្ថិភាពទឹកបម្រើឱ្យគ្រប់វិស័យក្នុងខេត្តបន្ទាយមានជ័យ។ នេះបើតាមក្រសួងធនធានទឹក។
តាមរយៈការចាត់តាំងពីលោកលឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៩ ខែឧសភា លោកចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងសហការី រួមនឹងប្រធាន អនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានចុះធ្វើការជំរុញការងារតាមបណ្តាការដ្ឋានស្ថាបនាប្រព័ន្ធធារាសាស្រ្ដ ស្ថិតក្នុងតំបន់ស្ទឹងក្រសាំង ព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ តំបន់អាងតាម៉េង និងតំបន់អាងត្រពាំងថ្មនេះ។
លោកចាន់ ស៊ីណាត ថ្លែងពេលចុះត្រួតពិនិត្យនេះថា៖«ការចុះត្រួតពិនិត្យនាពេលនេះមានក្នុងគោលបំណងធ្វើការជំរុញល្បឿនការងារឱ្យបានឆាប់បំផុត មុនរដូវវស្សាចូលមកដល់ ដើម្បីរៀបចំរបាយការណ៍គោរពជូនឯកឧត្តមរដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងរៀបចំការត្រៀមចុះត្រួតពិនិត្យរបស់តំណាងជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាពេលខាងមុខ»។
បើតាមក្រសួងធនធានទឹក យោងតាមកិច្ចខិតខំប្រឹងប្រែងរបស់លោកលឹម គានហោ បានដឹកនាំបញ្ជាផ្ទាល់ដោយយកចិត្តទុកដាក់ និងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជាប្រចាំ ដោយបានទទួលនូវការគាំទ្រពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍ទាំងអស់។ ជាពិសេសជាមួយមហាមិត្តលើវិស័យធនធានទឹក និងឧតុនិយម មានដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី (AIIB) និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប(EIB)។
ក្រសួងបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងលើវិស័យធនធានទឹកនេះ គឺដើម្បីធានាបានលើបញ្ហាសុវត្ថិភាពទឹកជូនដល់តំបន់អាងទឹកខ្នាតធំ អាងត្រពាំងថ្មសម្រាប់បម្រើឱ្យគ្រប់វិស័យក្នុងខេត្តបន្ទាយមានជ័យ។
ក្រសួងបញ្ជាក់ថា ដើម្បីសម្រេចគោលដៅនៃការងារសុវត្តិភាពទឹកនេះ ជាយុទ្ធសាស្រ្ត លោកលឹម គានហោ បានអនុវត្ដនៅពេលនេះ គឺចាប់យកទឹកទាំងអស់ពីតំបន់៥ ព្រំដែនតំបន់អាងតាម៉ុក តំបន់ទំនប់ថ្មី ធ្វើការកែសម្រួល និងបង្វែរទឹកពីតំបន់អាងស្រែងទាំងអស់មកបម្រើឱ្យតំបន់អន្សងនៀវនិងអាងត្រពាំងថ្ម។បង្វែរទឹកទាំងអស់ពីតំបន់បឹងត្រកួនព្រំដែន តំបន់ភ្នំឆត្រ និងតំបន់ថ្មពួក ទឹកបែកវាលពីខេត្តស្រះកែវព្រំដែនតាមអាងតាម៉េង និងអាងពន្លៃមកចូលអាងត្រពាំងថ្ម។
ក្រសួងបញ្ជាក់ថា ការអនុវត្ដការងារនេះ គឺមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹង ADB, EIB, និង AIIB ដើម្បីធ្វើទំនើបកម្មវិស្វកម្មវិស័យធារាសាស្រ្តក្នុងបណ្តាតំបន់អាងទន្លេរងខាងលើ។
លោកចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម និងលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ដបន្ទាយមានជ័យ មិនទាន់អាចធ្វើការបកស្រាយបន្ថែមបានទេ កាលពីថ្ងៃទី៩ ខែឧសភា ដោយប្រាប់ថារវល់ប្រជុំនៅក្រសួង៕