ភ្នំពេញៈ អាជ្ញាធរ​មីន​ស្នើ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក​នៃ​អង្គការសហប្រជាជាតិ (UN ESCAP) គាំទ្រ​ហិរញ្ញវត្ថុ និង​បច្ចេកទេស ក្នុង​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា ខណៈ​ UN ESCAP នឹង​ពិចារណា​លើ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​សកម្មភាព​មីន​តាម​ការស្នើសុំ​របស់​អាជ្ញាធរ​មីន​។

ការស្នើ​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី១ ​អាជ្ញាធរ​មីន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អេស្កាប់ (NC ESCAP) ​និង​លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរង​អង្គការ​សហប្រជាជាតិ និង​ជា​ប្រធាន UNESCAP នា​ថ្ងៃទី ​៩ ខែឧសភា តាម​ប្រព័ន្ធ​វីដេអូ​។

UN-ESCAP ប្រចាំ​កម្ពុជា​បានឱ្យដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ បន្ទាប់ពី​ជំនួប​នេះ​ថា​៖ «​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ស្នើសុំ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ក្នុង​វិស័យ​មីន ជាពិសេស​ក្នុងការ​រៀបចំ​គោលនយោបាយ​ជាតិ​ស្តីពី​វិស័យ​មីន​នៅ​កម្ពុជា ដែល​វិស័យ​មីន​ជា​គោលដៅ​ទី ១៨៖ កម្ពុជា​គ្មាន​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៃ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា ឆ្នាំ ២០១៦-២០៣០»​។

លោក លី ធុជ ថ្លែងថា ការបោសសម្អាត​មីន​ពិតជា​សំខាន់​ក្នុងការ​ចូលរួម​ចំណែក​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​ជំរុញ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជួយ​លើកកម្ពស់​សមភាព​យេនឌ័រ និង​ជួយ​ជំរុញ​ការសម្រេច​បាន​របៀបវារៈ​ឆ្នាំ​ ២០១៦-២០៣០ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​លោកជំទាវ​បាន​បន្ថែមថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង UN ESCAP មានការ​កើនឡើង​ជា​ទី​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​លោកជំទាវ​នឹង​ពិចារណា​លើ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​សកម្មភាព​មីន តាម​ការស្នើសុំ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ​»​។

បច្ចុប្បន្ន​កម្ពុជា និង​ UNESCAP ​មាន​កិច្ចសហប្រតិបត្តិការ​ចំនួន​ ៨​ វិស័យ​ដែល​រួមមាន​អភិវឌ្ឍ​សង្គម​, ពាណិជ្ជកម្ម វិនិយោគ និង​នវានុវត្តន៍​,​ស្ថិតិ​,​បរិស្ថាន និង​អភិវឌ្ឍន៍​, គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​ហិរញ្ញប្បទាន​សម្រាប់​អភិវឌ្ឍន៍​, បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង និង​ការគ្រប់គ្រង​គ្រោះ​មហន្តរាយ​, ដឹកជញ្ជូន​, និង​ថាមពល​។ សន្និបាត​ប្រចាំឆ្នាំ​លើក​ទី​ ៧៨ របស់ UN ESCAP នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ២៣ ដល់ ២៧ ខែឧសភា​ខាងមុខ​ក្រោម​ប្រធានបទ «​របៀប​វារៈរួម​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​បើក​កម្មវិធី​តាមរយៈ​សារ​វីដេអូ​ថត​ទុក​នៅក្នុង​សន្និបាត​នេះ​។

លោកស្រី​ Alisjahbana បានចាត់ទុក​សុន្ទរកថា​របស់​លោក ហ៊ុន សែន គឺជា​ធាតុចូល​ដ៏​សំខាន់​សម្រាប់​ការរៀបចំ​ផែនទី​បង្ហាញ​ទិស​របស់ UN- ESCAP ជាពិសេស​ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​។ លោកស្រី​ក៏​គ្រោង​ជួប​ទ្វេភាគី​ដោយផ្ទាល់​ជាមួយ​លោក លី ធុជ នៅក្នុង​ឱកាស​សន្និបាត​ប្រចាំឆ្នាំ​ខាងមុខ​ផងដែរ​។

លោក លី ធុជ បាន​អញ្ជើញ​លោកស្រី Alisjahbana ចូលរួម​ក្នុង​សន្និសីទ​សកល​ស្តីពី​ជំនួយ​ដល់​ជនរងគ្រោះ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ឆ្នាំក្រោយ ដោយ​កម្ពុជា​។

លោកស្រី Alisjahbana បាន​សរសេរ​នៅលើ Twitter បន្ទាប់ពី​ជំនួប​នេះ​ថា ជំនួប​និម្មិត​ជាមួយ​លោក លី ធុជ ​ជាថ្មី​ម្តងទៀត​គឺ​ទទួលបាន​លទ្ធផល​ផ្លែផ្កា ដោយ​ភាគី​ទាំង​ ២ ​បាន​ពិភាក្សា​អំពី​វិស័យ​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​នាពេល​អនាគត និង​ការចូលរួម​របស់​កម្ពុជា​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​លើក​ទី ៧៨ របស់ UN ESCAP​។ អាជ្ញាធរ​មីន​បាន​ដកស្រង់​សម្តី​លោកស្រី Alisjahbana នា​ថ្ងៃទី​ ៩ ខែឧសភា ថា UNESCAP នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ សេដ្ឋកិច្ច ឌីជីថល បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​។

លោក លី ធុជ សរសេរ​នៅលើ​ហ្វេសប៊ុកថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ UNESCAP ចំពោះ​កិច្ចសហប្រតិបត្តិការ ព្រមទាំង​បានស្នើ​សុំ​ជាពិសេស​ឱ្យ​ UNESCAP ពិចារណា​គាំទ្រ​លើ​ការ​ផ្តល់ជំនួយ​បច្ចេកទេស​ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បានដាក់​កំណត់​ជា​គោលដៅ​ទី​ ១៨ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​កម្ពុជា​»៕