The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​បបែល​យក្ស​ទឹកសាបទម្ងន់​ ១៨០ ​គីឡូក្រាម បាន​ជាប់​បង្កៃ​របស់​ប្រជានេសាទ​នៅ​ខេត្ត​ស្ទឹងត្រែង

សត្វ​បបែល​យក្ស​ទឹកសាបទម្ងន់​ ១៨០ ​គីឡូក្រាម បាន​ជាប់​បង្កៃ​របស់​ប្រជានេសាទ​នៅ​ខេត្ត​ស្ទឹងត្រែង

Content image - Phnom Penh Post
អ្នកជំនាញ​ និង​ប្រជានេសាទ​កំពុង​ត្រួតពិនិត្យ​ត្រី​បបែល​យក្ស​ទម្ងន់​ ១៨០ ​គីឡូក្រាម ដែល​ជាប់​បង្កៃ​របស់​ប្រជានេសាទ​នៅ​ស្រុក​សៀម​បូក​កាលពី​ថ្ងៃទី​ ៤ ខែឧសភា​។ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​ត្រូវបាន​ដោះលែង​វិញ​។ រូបថត WM

សត្វ​បបែល​យក្ស​ទឹកសាបទម្ងន់​ ១៨០ ​គីឡូក្រាម បាន​ជាប់​បង្កៃ​របស់​ប្រជានេសាទ​នៅ​ខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែងៈ សត្វ​បបែល​យក្ស​ទឹកសាប (Giant freshwater Stingray) ទម្ងន់ ១៨០ គីឡូក្រាម បានមក​ស៊ី​ត្រី​ជាប់បង្កៃ​របស់​ប្រជានេសាទ​នៅក្នុង​ទន្លេមេគង្គ​នៅ​ចំណុច​កាំងតាស៊ី ស្ថិតក្នុង​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀមបូក កាលពី​ថ្ងៃទី​ ៤ ខែឧសភា​។

លោក​ ស៊ិន ពិសិដ្ឋ ក្រុម​ការងារ​ឆ្មាំ​ទន្លេ​នៅ​ភូមិ​កោះព្រះ​បាន​និយាយថា កាលពី​ថ្ងៃទី​ ៤ ខែឧសភា ឆ្នាំ​ ២០២២ មាន​ប្រជានេសាទ​ម្នាក់ ឈ្មោះ កន សុភាព​អាយុ​ ២៨ ​ឆ្នាំ មាន​លំនៅ​ក្នុងភូមិ​កោះ​ព្រះ​បាន​ដាក់​បង្កៃ នៅ​ចំណុច​កាំងតាស៊ី នៃ​ភូមិសាស្ត្រ​ខាងលើ ហើយ​ត្រូវ​សត្វ​បបែល​យក្ស​ទន្លេមេគង្គ​ទៅ​ចាប់​ស៊ី​ត្រី​ស្ទូច​គាត់​បណ្ដាលឱ្យ​ជាប់​សន្ទូច​នោះ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​ប្រទះឃើញ​បង្កៃ​នោះ ជាប់​សត្វ​បបែល​ដ៏ធំ​ហ្នឹង គាត់​បាន​ស្រែកហៅ​អ្នកភូមិ​ឱ្យជួយ ព្រោះ​វា​បាន​អូស​សន្ទូច​គាត់​ទៅ​កណ្ដាលទន្លេ​។ បន្ទាប់មក​អ្នកភូមិ​បាននាំគ្នា​ទៅ​ជួយ​អូសទាញ​សត្វ​បបែល​យក្ស​នោះមក​ខាង ហើយ​ទូរស័ព្ទ​ប្រាប់​មន្ត្រី​ឆ្មាំ​ទន្លេ​យើង ឱ្យជួយ​អន្តរាគមន៍​ទៅ​កម្មវិធី អច្ឆរិយ​ភាព​ទន្លេមេគង្គ ដើម្បី​មក​ធ្វើការ​វាស់វែង និង​ដាក់​ស្លាក​សញ្ញា​សម្គាល់ ដើម្បី​ដោះលែង​វា​វិញ​»​។

បើតាម​លោក ពិសិដ្ឋ ក្រុម​មន្ត្រី​ជំនាញ​នៃ​អច្ឆរិយភាព​ទន្លេមេគង្គ​បាន​ចុះមក​វាស់វែង​វា​តាម​លក្ខណៈ​បច្ចេកទេស​ជា​លទ្ធផល​សត្វ​បបែល​យក្ស​ទន្លេមេគង្គ​ដ៏​កម្រ​នេះ​មាន​ទទឹង​ប្រវែង ១៨៥ ​សង់ទីម៉ែត្រ និង​កន្ទុយ​ប្រវែង ២០០ ​សង់ទីម៉ែត្រ និង​មាន​ប្រវែង​សរុប​ចាប់ពី​ចុងច្រមុះ ដងខ្លួន ដល់​ចុងកន្ទុយ ៣៩៣ ​សង់ទីម៉ែត្រ​។

លោក ផេង បឿន ប្រធាន​សហគមន៍​នេសាទ​ភូមិ​កោះព្រះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សត្វ​បបែល​នោះ វា​បាន​ជាប់​សន្ទូច​របស់​ឈ្មោះ​ កន សុភាព ជា​ប្រជានេសាទ ក្នុង​សហគមន៍​របស់លោក​ដោយ​សារ​វា​ទៅ​ចាប់​ស៊ី​ត្រី​ដែល​ជាប់​សន្ទូច​ដែល​បង្កៃ​ដើម្បី​ចាប់​ត្រី​ធំៗ​នៅ​ចំណុច​កាំងតាស៊ី​នោះ​។ ទោះយ៉ាងណា វា​មិនមែនជា​លើក​ទី​ ១ ដែល​អ្នកភូមិ នៅក្នុង​សហគមន៍​មូលដ្ឋាន​ទើបតែ​ចាប់បាន​ត្រី​បបែល​យក្ស​បែប​នេះនោះ​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ទន្លេមេគង្គ​ក្នុង​ភូមិសាស្ត្រ​ស្រុក​សៀម​បូក​យើង​នៅមាន​វត្តមាន​សត្វ​បបែល​យក្ស​ទន្លេមេគង្គ​នេះ​ច្រើន ព្រោះ​យើង​ធ្លាប់​ចាប់​បានជា​បន្តបន្ទាប់​នាពេល​កន្លងមក ដោយ​ក្នុង​ ១ ​ក្បាល ទម្ងន់​ពី​ ៣០​ ទៅ​ ៤០ ​គីឡូក្រាម ហើយ​ពួកយើង​ក៏បាន​ដោះលែង​ពួកវា​វិញ​ដែរ​»​។

បើតាម​លោក ផេង ប៊ឿន ក្រុមមន្ត្រី​នៃ​កម្មវិធី​អច្ឆរិយ​ភាព​ទន្លេមេគង្គ​បាន​លើកទឹកចិត្ត​ដល់​ពួកលោក ដោយ​ផ្ដល់នូវ​ថវិកា និង​សម្ភារ​មួយចំនួន​ក្រោយពេល​ចាប់​សត្វ​បបែល​នោះបាន និង​ទាក់ទង​ឱ្យ​មន្ត្រី​ជំនាញ ចុះមក​វាស់វែង និង​បំពាក់​ស្លាក​សញ្ញា​សម្គាល់ និង​រៀបចំ​កម្មវិធី​ដោះ​លែងឱ្យ​វា​ចូលទៅក្នុង​ទន្លេ​ធម្មជាតិ​វិញ​។ សត្វ​បបែល​ទន្លេមេគង្គ​នៅក្នុង​ភូមិសាស្ត្រ ស្រុក​សៀមបូក​មាន ​២ ​ប្រភេទ គឺ​សត្វ​បបែលក្របី​មាន​សម្បុរ​ខ្មៅ និង​សត្វ​បបែល​គោ​មាន​សម្បុរ​ក្រហម​ហើយ​សត្វ​បបែល​នេះ​វា​ជា​សត្វ​ស្លូត​។

សត្វ​បបែល​យក្ស​ទន្លេមេគង្គ​ជា​ប្រភេទ​ត្រី​ទឹកសាប​ធំ​បំផុត និង​ធ្ងន់​បំផុត​ក្នុង​ពិភពលោក​។ វា​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​នៅក្នុង​ឆ្នាំ​ ១៩៩០​។ សត្វ​បបែល​ទឹកសាប​យក្ស​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ប្រព័ន្ធ​ទន្លេ​មួយចំនួន​នៅ​អាស៊ីអាគ្នេយ៍ និង​ភាគ​ខាងជើង​នៃ​ប្រទេស​អូស្ត្រាលី​។ នេះ​បើតាម​ឯកសារ​ស្រាវជ្រាវ​របស់ WWF-Cambodia។ សត្វ​បបែល​យក្ស​ទឹកសាប​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ថៃ ដែល​ឥឡូវនេះ ពួកវា​ត្រូវបាន IUCN ចុះបញ្ជី​ថា ជា​សត្វ​ជិត​ផុត​ពូជ​។ ក្នុង​ឆ្នាំ ២០១៦ សត្វ​បបែល​យក្ស​ទឹកសាប​ចំនួន ៧០ ​ក្បាល ត្រូវបាន​សម្លាប់​ដោយ​ព្រឹត្តិការណ៍​បំពុល​ដោយ​សង្ស័យថា មាននៅ​ក្នុង​ទន្លេ Maeklong ក្នុងប្រទេស​ថៃ​។ នៅ​កម្ពុជា​មិនសូវមាន​គេ​ដឹង​អំពី​ស្ថានភាព​នៃ​ប្រភេទ​សត្វ​នេះ​ក្នុង​ទន្លេមេគង្គ​នោះទេ​ហើយ​ការស្រាវជ្រាវ​បន្ថែមទៀត គឺ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​បង្កើត​ផែនការ​គ្រប់គ្រង​ប្រភេទ​សត្វ​ប្រកបដោយ​ប្រសិទ្ធភាព​។

ជារឿយៗ​សត្វ​បបែល ចូលចិត្ត​សម្ងំ​លាក់ខ្លួន​នៅ​បាតទន្លេ វា​ជាស​ត្វ​ងាយ​រងគ្រោះ​ជាពិសេស​ចំពោះ​ការកើនឡើង​នៃ​ដីល្បាប់​ដោយសារ​សកម្មភាព​របស់​មនុស្ស ក៏ដូចជា​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ខ្នាត​ធំ​នៅតាម​ដង​ទន្លេមេគង្គ​នៅ​ផ្នែក​ខាងលើ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍