ភ្នំពេញៈ អត្រា​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុងប្រទេស​កម្ពុជា​បាន​កើនឡើង​ជិត​ដល់​ ១៥​ លាន​នាក់​ហើយ​ ខណៈ​ចំនួន​អ្នក​ដែល​បានទទួល​វ៉ាក់សាំង​ដូស​ជំរុញ ឬ​ដូស​ទី​ ៣ មាន​រហូតដល់​ជិត ៩​ លាន​នាក់​ស្របពេល​ក្នុង​រយៈពេល ​២​ ថ្ងៃ​កន្លងមកនេះ កម្ពុជា​ពុំមាន​អ្នក​ឆ្លង​កូវីដ​នោះទេ​។

យោងតាម​របាយការណ៍​នៃ​អត្រា​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បានឱ្យដឹងថា គិត​ត្រឹម​យប់​ថ្ងៃទី ​៨ ខែឧសភា ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារជាតិ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ជូន​មន្ត្រីរាជការ ប្រជាពលរដ្ឋ និង​កងកម្លាំង​ប្រដាប់អាវុធ នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​ជាង ១៤,៩ លាន​នាក់​។

របាយការណ៍​ដដែល​បន្ត​ថា អ្នក​ដែលមាន​អាយុ​ចាប់ពី​ ១៨​ ឆ្នាំ​ឡើង​ចាក់​បាន​ជាង ១០ លាន​នាក់ អាយុ​ពី​ ១២ ​ដល់​ ១៨ ​ឆ្នាំ បាន​ចំនួន​ជាង​ ១,៨ លាន​នាក់​ អាយុ​ពី​ ៦ ដល់ ​១២ ​ឆ្នាំ​បាន​ចំនួន ជាង ២​ លាន​នាក់ អាយុ​ ៥​ ឆ្នាំ ចាក់​បាន​ចំនួន​ជិត​ ៤០​ ម៉ឺន​នាក់ និង​កុមារ​ដែលមាន​អាយុ​ពី​ ៣​ ឆ្នាំ​ដល់​ក្រោម ​៥ ​ឆ្នាំ បាន​ចំនួន​ជិត​ ៣៨ ម៉ឺន​នាក់​។

ដោយឡែក​សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ទី​ ៣ បាន​រហូតដល់​ជិត​ ៩ ​លាន នាក់ ខណៈ​ដែល​ចំនួន​អ្នក​បាន​ចាក់​វ៉ាក់សាំង​ដូស​ទី ​៤ បាន​ខិតជិត​ដល់ ២​ លាន​នាក់​។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ៥ ខែ​ឧសភា​ថា ការដាក់ចេញ​នូវ​គោលដៅ​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ចំ​គោលដៅ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង​មាន​កំណើន​ច្រើន​។ លោកស្រី​បន្តថា​៖ «​ក្នុង​រយៈពេល​ប្រមាណ​ ២​សប្តាហ៍​ដែល​យើង​បាន​រុញច្រាន​នូវ​យុទ្ធនាការ​នេះ យើង​ឃើញថា កំណើន​នៃ​អ្នក​ចាក់វ៉ាក់សាំង​បាន​កើនឡើង​ច្រើន​ដែល​យើង​នឹង​ឈានដល់​ចំនួន​ ៩​ លាន​នាក់​នៅពេល​ឆាប់ៗ​នេះ​ និង​មាន​កំណើន​ជា​បន្តទៀត​»​។

លោក​ ហ៊ុន សែន បានសម្រេច​កំណត់ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ទទួល​នូវ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ​ ១៩​ ដូស​ជំរុញ​ជា​ដូស​ទី​ ៣​ ដែលជា​កាតព្វកិច្ច​ ដើម្បី​បង្កើន​ភាពស៊ាំ​សហគមន៍ ការពារ​ពី​ការឆ្លង​មេរោគ​កូវីដ ​១៩ និង​ជាការ​ទទួល​ខុសត្រូវ​របស់​បុគ្គល ប៉ុន្តែ​វា​មិនមែនជា​កាតព្វកិច្ច​នៃ​ការដាក់ទោស​ទណ្ឌ​នោះទេ​។

ក្រសួង​សុខាភិបាល និង​ក្រសួង​ការពារជាតិ​រួម​នឹង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ក៏បាន​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង កូវីដ​ ១៩ ដូស​ជំរុញ​ ឬ​ដូស​ទី ​៣ ទៅដល់​ប្រជាពលរដ្ឋ​ដោយបាន​កំណត់​យក​គោលដៅ​សំខាន់​ចំនួន​ ៣​ ជា​ជំហាន​ដំបូង គឺ រោងចក្រ​សហគ្រាស ទីផ្សារ​ទីប្រជុំជន និង​សាលារៀន​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​ក៏ដូចជា​វិធានការ​នៃ​ការប្រយុទ្ធ​ជាមួយនឹង​មេរោគ​កូវីដ​ ១៩​ នេះដែរ តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា លោកស្រី លី អៃឡែន ធ្លាប់បាន​ស្នើឱ្យ​ប្រទេស​នានា​នៅលើ​ពិភពលោក គួរសិក្សា​ និង​យក​ប្រទេស​កម្ពុជា​ជា​ឧទាហរណ៍​ពី​ការជោគជ័យ​នៃ​ការចាក់​វ៉ាក់សាំង​។

លោកស្រី​បន្តថា​៖ «​ការឆ្លើយតប​ទៅនឹង​កូវីដ​ ១៩​ នៅ​កម្ពុជា​គឺជា​ឧទាហរណ៍​មួយ សម្រាប់​ពិភពលោក​ក្នុងការ​សិក្សា និង​យក​ជា​គំរូ​តាម ជាពិសេស​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដ៏​មាន​ល្បឿន​លឿន​»​។

ដោយឡែក​ទាក់ទង​នឹង​អត្រា​នៃ​ការរកឃើញ​នូវ​ការឆ្លង​មេរោគ​កូវីដ​ ១៩​ ក្នុងប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ជាប់​គ្នា​កន្លងមកនេះ ក្រសួង​សុខាភិបាល​បានប្រកាស​ថា មិនមាន​រកឃើញ​អ្នក​ឆ្លង​ថ្មី​នោះឡើយ​នៅ​ថ្ងៃទី​ ៧ និង​ ៨ ខែឧសភា​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា លទ្ធផល​នេះ ដោយសារតែ​ការខិតខំ​ថែទាំ​សុខភាព​របស់​ជនរួមជាតិ​ជាមួយ​នឹង​កិច្ចខិតខំ​របស់​មន្ត្រី​សុខាភិបាល ក៏ដូចជា​មន្ត្រី​អាជ្ញាធរ កងកម្លាំង​ប្រដាប់អាវុធ គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ប្រជាពលរដ្ឋ​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យ​កម្ពុជា​សម្រេចបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ដែល​ករណី​ឆ្លង​មាន​ត្រឹម​ ១ ​ខ្ទង់​រហូត​មកដល់​មិនមាន​រកឃើញ​អ្នក​ឆ្លង​។

ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី លោក​នៅតែ​បន្តធ្វើការ​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​យកចិត្ត​ទុកដាក់ ការពារ​ខ្លួន​ជាមួយ​នឹង​វិធានការ​សុខាភិបាល និង​ត្រូវ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ ឱ្យបាន​យ៉ាងហោចណាស់​ដូស​ទី​ ៣ ដើម្បី​បង្កើន​ភាពស៊ាំ​ក្នុង​សហគមន៍​៕