កំពង់ចាមៈ សព​លោក ហ៊ុន ណេង ដែលជា​បងប្រុស​បង្កើត​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​បញ្ចុះ​នា​ព្រឹក​ថ្ងៃទី​ ៩ ខែឧសភា នៅ​វត្ត​សុវណ្ណ​គិរីរតនៈ​ភ្នំ​ប្រុស ក្នុង​ស្រុក​កំពង់សៀម ដោយមាន​ការចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ជាតិ ថ្នាក់ដឹកនាំ សមាជិក-​សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំង អាជ្ញាធរខេត្ត ក្រសួង ស្ថាប័ន និង​ពលរដ្ឋ​ជាច្រើន​រយ​នាក់​។

បន្ទាប់ពី​បាន​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​អស់​រយៈពេល ៣ ​ថ្ងៃ រួចមក សព​លោក ហ៊ុន ណេង ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ពិធី​ដង្ហែ​ចេញពី​គេហដ្ឋាន​នៃ​សព​ក្នុង​ភូមិ​ទី​ ៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ឆ្ពោះទៅ​បញ្ចុះ​នៅ​វត្ត​សុវណ្ណ​គិរីរតនៈ ភ្នំ​ប្រុស​។

មុន​ ១ ​ថ្ងៃ​នៃ​ការ​បញ្ចុះសព លោក​ ហ៊ុន សែន បាន​លើកឡើង​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​នា​យប់​ថ្ងៃទី​ ៨ ខែ​​ឧសភា​ថា បងប្អូន​ [​យើង​] ​បែក​គ្នា​ដោយ​មិនបាន​លាគ្នា និង​និយាយ​ជាមួយគ្នា​សូម្បី​ ១​ ម៉ាត់​ទោះបីជា​លោក​បានមក​ទាន់ដង្ហើម​ចុងក្រោយ​របស់គាត់ ស្រែក​ហៅ​គាត់​យកដៃ​ទាញ​អង្រួន​ជើង​របស់គាត់ តែ​មិនមាន​លទ្ធផល​ក្រៅតែពី​សម្រក់​ទឹកភ្នែក​ទាំងអស់​សង្ឃឹម​។

លោក​លើកឡើងថា​៖ «​នៅមាន​រឿង​សោកសៅ​ជាង​នេះ សម្រាប់​បងប្អូន​ប្រុស​ស្រី​ទាំង​ ៦ នាក់​របស់​យើង​នោះ គឺ​អវត្តមាន​បងប្រុស​ទី ​១ ក្នុង​ពិធី​បញ្ចុះសព​បងប្រុស​ទី​ ២​។ បងប្រុស​ទី​ ១ មិន​ត្រឹមតែ​មិនបាន​ចូលរួម​ក្នុង​ពិធី​បញ្ចុះសព​បង​ទី​ ២ ​ប៉ុណ្ណោះ​ទេ តែ​មកដល់​ពេល​នេះ គាត់​មិនទាន់​ដឹងថា ប្អូនប្រុស​របស់​គាត់​បាត់បង់​ជីវិត​ទៀតផង​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា​៖ «​ខ្ញុំ​បាន​ហាម​កូនៗ​របស់គាត់​មិនឱ្យ​និយាយប្រាប់​គាត់​ពី​មរណភាព​ប្អូន​របស់គាត់​ដោយ​បង​ទី​ ១ ទើប​ចេញពី​បន្ទប់វះកាត់​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ សុខភាព​គាត់​នៅ​ខ្សោយ​។ ខ្ញុំ​មិនដឹងថា នឹង​មាន​អ្វី​កើតឡើង ក្រោយពេល​គាត់​ទទួល​ដំណឹង​ថា ប្អូន​របស់គាត់​បាត់បង់​ជីវិត ដោយ​គ្មាន​អ្នកណា​ផ្តល់​ដំណឹង​ឱ្យ​គាត់​? នេះហើយ​ជា​រឿង​សោកសៅ​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​»​។

លោកស្រី ហ៊ុន ស៊ីណាត ដែលជា​ប្អូនស្រី​របស់​លោក ហ៊ុន ណេង ក៏បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោកស្រី​ដែរ​ថា ប្អូនប្រុស​ប្អូនស្រី​ក្មួយ​ចៅៗ​ក្រាប​សំពះ​សូម​បួងសួង​សូម​ដួង​វិញ្ញាណក្ខន្ធ​បងប្រុស​អ៊ុំ​ប្រុស លោកតា បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ បងប្រុស​អ៊ុំ​ប្រុស លោកតា លា​ប្អូន​ក្មួយ​ចៅៗ រហូត​ហើយ​។

លោកស្រី​ថា​៖ «​ថ្ងៃនេះ​ជូន​ដំណើរ​បងប្រុស​ជា​លើកចុងក្រោយ សូម​វិញ្ញាណក្ខន្ធ​បង​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

ចំណែក លោក ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស.ស.យ.ក​) និង​ជា​ក្មួយបង្កើត​របស់លោក ហ៊ុន ណេង បានលើកឡើង​នៅ​ថ្ងៃ​បញ្ចុះសព​អ៊ំ​ប្រុស​របស់លោក​ដោយ​ភ្ជាប់​នូវ​រូបភាព​ខ្លះៗ​ថា ៖ «​ដោយ​ក្តី​អាឡោះអាល័យ​ជាទីបំផុត​...​ក្មួយ​សូម​ឧទ្ទិស​បួងសួង សូម​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​សម្តេច​អ៊ំ ហ៊ុន ណេង ឆាប់​បាន​យោន​យក​កំណើត​ក្នុង​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។

លោក​ ហ៊ុន ណេង សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារ​សាធារណៈ​នៃ​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​បាន​ទទួល​អនិច្ចកម្ម ដោយ​រោគាពាធ (​ជំងឺ​បេះដូង​) នៅ​ម៉ោង ​៦ និង​ ២៥ ​នាទី​ល្ងាច ថ្ងៃទី ​៥ ខែឧសភា ឆ្នាំ​ ២០២២ ក្នុង​ជន្មាយុ​ ៧២ ​ឆ្នាំ​។

យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​ ៧​ ឧសភា​ឆ្នាំ​ ២០២២ ដែល​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ត្រាស់បង្គាប់​ផ្តល់​គោរមងារ​ដល់​លោក ហ៊ុន ណេង ជា «​សម្តេច ឧត្តមទេពញាណ ហ៊ុន ណេង​»៕