ភ្នំពេញៈ ក្រសួង​សុខាភិបាល​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ​និង​ក្រុមគ្រូពេទ្យ​ជំនាញ​បាន​រៀបចំ​កម្មវិធី​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខណ្ឌ​ទួលគោក ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​សម្រួល​ដល់​ការចំណាយ​របស់​ពលរដ្ឋ​។

កម្មវិធី​នេះ​រៀបចំ​ដោយ ACU និង​លេខាធិការដ្ឋាន គណៈកម្មការ​ជាតិ​ប្រឆាំង​ភេរវកម្ម​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​សមាគម​ក្រុមគ្រូពេទ្យ​ជំនាញ​វះកាត់​ដើម្បី​កម្ពុជា និង​សមាគម​ចក្ខុ​ខ្មែរ​។ កម្មវិធី​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ទូទៅ​នេះ​មាន​រយៈពេល​ ១ ​ថ្ងៃ គឺ​នៅ​ថ្ងៃទី ​៩ ខែឧសភា ចាប់ផ្តើម​​ពី​ម៉ោង ៨ ​ព្រឹក ដល់​ម៉ោង ៥ ល្ងាច ដែលមាន​ទីតាំងនៅ​វត្ត​នាគវ័ន្ត ក្នុង​ខណ្ឌទួលគោក​។

ប្រធាន ACU និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខណ្ឌទួលគោក លោក ឱម យ៉ឹនទៀង ដែល​បាន​អញ្ជើញ​បើក​កម្មវិធី​នោះ​ថ្លែងថា កម្មវិធី​នេះ​មាន​ក្រុមគ្រូពេទ្យ​ចូលរួម​ទាំង​ខ្មែរ និង​គ្រូពេទ្យ​បរទេស សហការ​គ្នា​ផ្តល់​ការពិគ្រោះ​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​។ សកម្មភាព​ចុះ​ព្យាបាល​ជំងឺ​នេះ​នឹង​បន្តធ្វើ​រហូត​គ្រប់​ទាំង​ ១០ ​សង្កាត់ ក្នុង​ខណ្ឌ​ទួលគោក​ដែល​នេះ​ជា​ការជួយ​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការស្វែងរក​កន្លែង​ព្យាបាល​ជំងឺ​។

លោក​ថា​៖ «​នៅទីនេះ មាន​បន្ទប់​ពិនិត្យ​ភ្នែក ហើយ​មាន​លទ្ធផល​យ៉ាងណា នឹងមាន​ក្រុមគ្រូពេទ្យ​ជំនាញ​ធ្វើការ​វិនិច្ឆ័យ ហើយ​បើ​ភ្នែក​របស់​ពលរដ្ឋ​ដែល​មក​ទទួល​សេវា​ត្រូវការ​វ៉ែនតា គឺ​ក្រុមការងារ​នឹង​រៀបចំ​ចែកជូន​វ៉ែនតា​ដោយ​ឥតគិតថ្លៃ​ហើយ​អ្នកណា​ដែលមាន​ជំងឺ​ភ្នែក​ដែល​ចាំបាច់​ត្រូវការ​វះកាត់ យើង​នឹង​ប្រជុំ​នៅទីនេះ​ផ្ទាល់​ដើម្បី​ផ្តល់​ការវះកាត់​»​។

អភិបាលខណ្ឌ​ទួលគោក​លោក ជា ពិសី បាន​សម្តែង​ការសប្បាយ​រីករាយ និង​មោទនភាព​ដោយបាន​ទទួល​ការរៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​ពិនិត្យ​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក​ដោយ​ឥតគិតថ្លៃ​។ លោក​បន្តថា​៖ «​កម្មវិធី​នេះ ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ចំនួន​ ២ គឺ​សង្កាត់​ផ្សារដើមគ និង​សង្កាត់​បឹងកក់​ ២ ដែល​ប្រជាពលរដ្ឋ​ចូលរួម​នៅទីនេះ ប្រមាណ​ជិត ៦០០ ​នាក់​»​។ សម្រាប់​ខណ្ឌទួលគោក​បច្ចុប្បន្ន​នេះ មាន​ ១០ ​សង្កាត់ ចែកចេញជា ១៤៣ ​ភូមិ មាន​ពលរដ្ឋ​សរុប​ជាង ២៥ ០០០ ​គ្រួសារ ហើយ​មនុស្ស​ចំនួន​ ៧៤ ០០០ ​នាក់​។

អ្នកគ្រប់គ្រង​បេសកកម្ម​នៃ​សមាគម​ចក្ខុ​ខ្មែរ​លោក វ៉ិច ទ័រ ជនជាតិ​កាណាដា​មាន​ប្រសាសន៍​ថា គោលដៅ​ធំ​បំផុត​របស់​សមាគម​ចក្ខុខ្មែរ គឺ​ដើម្បី​សង្គ្រោះ​ប្រជាជន​ចេញពី​ភាព​ងងឹត​ (​ពិការភ្នែក​) ពោលគឺ​បញ្ហា​ភ្នែក​ឡើងបាយ​។ លោក​ថា​៖ «​យើង​ផ្តោត​សំខាន់​លើ​បញ្ហា​នេះ​ដើម្បី​ជួយ​ប្រជាជន​ខ្មែរ អ៊ីចឹង​បើសិនជា​មាន​បញ្ហា​ភ្នែក​ធ្ងន់ធ្ងរ នឹង​នាំ​គាត់​ទៅ​គ្លីនិក ព្រោះ​ថ្ងៃនេះ យើង​ចុះ​ពិនិត្យ និង​ស្រង់​ឈ្មោះ ប្រសិន​ពួកគាត់​មាន​បញ្ហា​នេះ យើង​យក​គាត់​ទៅ​គ្លីនិក​ដើម្បី​វាស់​ភ្នែក​ពិនិត្យ​ម្តងទៀត​»​។

លោក​វេជ្ជបណ្ឌិត Steaven ជនជាតិ​អាមេរិក​ជា​ប្រធាន​ផ្នែក​បច្ចេកទេស​វះកាត់​ទូទៅ​នៃ​សមាគម​ក្រុមគ្រូពេទ្យ​ជំនាញ​វះកាត់​ដើម្បី​កម្ពុជា​ថ្លែងថា​៖ «​តាមរយៈ​ការពិនិត្យ​រោគ​បឋម ពលរដ្ឋ​ភាគច្រើន​គាត់​មាន​បញ្ហា​ជំងឺ​ទូទៅ​ដូចជា ក្អក ក្អួត និង​រាក ហើយ​យើង​កំពុង​រក​អ្នកមាន​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់ និង​ជំងឺ​ផ្នែក​ពោះវៀន បើសិន​ជាមាន​អ្នកជំងឺ​នេះ បើ​ចាំបាច់​ពួកយើង​នឹង​នាំ​គាត់​ទៅ​វះកាត់​នៅ​គ្លីនិក​​របស់​យើង នៅ​មន្ទីរពេទ្យ​ខ្មែរ​-​សូវៀត​»៕