
ស្ត្រីជាប់ចោទករណីយកកាំបិតឆូតមុខកុមារីពីឆ្នាំ ២០២០ នៅខណ្ឌពោធិ៍សែនជ័យ។រូប ប៉ូលិស
ភ្នំពេញៈ តុលាការកំពូលបើកសវនាការជំនុំជម្រះលើសំណុំរឿងស្ត្រីជាប់ចោទម្នាក់ នៅថ្ងៃទី ៩ ឧសភា ពាក់ព័ន្ធនឹងការយកកាំបិតឆូតមុខកុមារីអាយុ ៥ ឆ្នាំម្នាក់ កាលពីខែកក្កដា ឆ្នាំ ២០២០ នៅភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ១២ ឆ្នាំ។
ចៅក្រម ១ រូបដែលទទួលសិទ្ធិពីលោកចៅក្រម ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះក្នុងសមាសភាពចៅក្រម ៥ រូបបានអានអង្គហេតុនៅចំពោះមុខជនជាប់ចោទក្នុងបន្ទប់សវនាការថា សំណុំរឿងនេះមានស្ត្រីជាប់ចោទឈ្មោះ លីវ ប៊ុនធឿន អាយុ ៤៣ ឆ្នាំ រស់នៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកបន្តថា តាមអង្គហេតុរបស់តុលាការកំពូលបង្ហាញថា នៅថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២០ ក្មេងស្រីរងគ្រោះឈ្មោះឡាស់ម៉ាវី លីយ៉ា អាយុ ៥ ឆ្នាំ រស់នៅក្នុងបុរីពិភពថ្មីឈូកវ៉ា ២ ក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម បានលេងជាមួយកូនប្រុសម្នាក់របស់ស្ត្រីជាប់ចោទ។ នៅពេលនោះកូនរបស់ស្ត្រីជាប់ចោទបានឈ្លោះគ្នាជាមួយក្មេងស្រីរងគ្រោះ ក៏ត្រូវក្មេងស្រីរងគ្រោះខឹងយកដុំថ្មគប់ត្រូវក្បាលកូនរបស់ស្ត្រីជាប់ចោទចេញឈាម។ ដោយឃើញកូនប្រុសរបស់ខ្លួនយំ ហើយក្បាលមានឈាមផងនោះ ធ្វើឱ្យស្ត្រីជាប់ចោទខឹង ហើយក៏ចូលទៅក្នុងផ្ទះយកកាំបិតចុងស្រួចមកឆូតមុខក្មេងស្រីរងគ្រោះ បណ្តាលឱ្យហូរឈាម និងរងរបួសជាទម្ងន់។ ភ្លាមៗនោះ ឪពុកម្តាយសាច់ញាតិក្មេងស្រីរងគ្រោះបានយកកូនទៅមន្ទីរពេទ្យ ហើយបានប្តឹងនគរបាលប៉ុស្តិ៍ សង្កាត់សំរោងក្រោមឱ្យចាប់ខ្លួន។
ស្ត្រីជាប់ចោទត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការ និងប្រកាសសាលក្រមនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ១២ ឆ្នាំ ចោទបទទារុណកម្ម និងអំពើឃោរឃៅស្ថានទម្ងន់ទោសនឹងជនរងគ្រោះ តាមមាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ និងបង្គាប់ឱ្យស្ត្រីជាប់ចោទសងសំណងជំងឺចិត្តទៅឪពុកម្តាយ ក្មេងស្រីរងគ្រោះចំនួន ២០០ លានរៀល។ ដោយមិនសុខចិត្តនឹងសាលក្រមនេះស្ត្រីជាប់ចោទបានប្តឹងមកសាលាឧទ្ធរណ៍ភ្នំពេញហើយឧទ្ធរណ៍បើកសវនាការ និងប្រកាសសាលដីកានៅថ្ងៃទី ១២ កុម្ភៈ ឆ្នាំ ២០២១ តម្កល់សាលក្រមសាលាដំបូងភ្នំពេញនៅដដែល។
ក្នុងបន្ទប់សវនាការលោក ប៉ែន សារ៉ាត តំណាងមហាអយ្យការបានធ្វើសេចក្តីសន្និដ្ឋាននៅចំពោះមុខស្ត្រីជាប់ចោទ និងមេធាវី ការពារសិទ្ធិឱ្យស្ត្រីជាប់ចោទថា ឆ្លងតាមការសិក្សាសំណុំរឿង និងឆ្លងតាមការពិនិត្យលើសាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញមក លោកថា ជនជាប់ចោទពិតជាមាន ពិរុទ្ធភាពដូចការចោទរបស់សាលាឧទ្ធរណ៍ភ្នំពេញពិតមែន។
លោកថា៖ «សាលាឧទ្ធរណ៍ភ្នំពេញបានផ្តន្ទាទោសស្ត្រីជាប់ចោទ មកនេះមានលក្ខណៈត្រឹមត្រូវតាមច្បាប់។ ដូច្នេះខ្ញុំស្នើសុំក្រុមប្រឹក្សាជំនុំជម្រះតម្កល់សាលដីការបស់សាលាឧទ្ធរណ៍នៅដដែល»។
លោក ពុធ ធាវី មេធាវីការពារស្ត្រីជាប់ចោទសន្និដ្ឋាននៅចំពោះមុខចៅក្រមថាអំពើនេះពិតជាកើតមែន ហើយក៏មិនអាចគេចវេះបានដែរ។ តែនៅតុលាការរាជធានីភ្នំពេញក៏ដូចជានៅសាលាឧទ្ធរណ៍ភ្នំពេញចោទកូនក្តីលោកពីបទទារុណកម្ម និងអំពើឃោរឃៅស្ថានទម្ងន់ទោសនឹងជនរងគ្រោះហាក់មិនត្រូវចំបទល្មើស។ បើតាមន័យនៃពាក្យទារុណកម្ម លុះត្រាតែមានការបង្ខាំងមនុស្ស ហើយវាយដំ ប៉ុន្តែនេះកូនក្តីលោកបានបង្កហេតុនៅទីសាធារណៈ។
លោកថា៖ «ខ្ញុំស្នើសុំប្តូរបទចោទពីបទទារុណកម្ម និងអំពើឃោរឃៅស្ថានទម្ងន់ទោសនឹងជនរងគ្រោះមកជាបទហិង្សាដោយចេតនា និងសូមតុលាការកំពូលបង្វិលសំណុំរឿងទៅសាលាឧទ្ធរណ៍ភ្នំពេញជម្រះឡើងវិញ»។
ក្រោយជំនុំជម្រះជាងកន្លះម៉ោង លោក ឃឹម ប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជម្រះថ្លែងថា សាលដីកា នឹងប្រកាសនៅថ្ងៃទី ១៦ ឧសភា៕
វីដេអូ៖