
មន្ត្រីអាជ្ញាធរជាតិអប្សរាចុះពិនិត្យលំនៅឋានពលរដ្ឋនៅតំបន់អង្គរ កាលពីខែមេសា។ រូបថត អាជ្ញាធរជាតិអប្សរា
ភ្នំពេញៈ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ថ្លែងនៅថ្ងៃទី ៩ ខែឧសភាថា ក្នុងខែមេសា ឆ្នាំ ២០២២ នេះ ក្រុមការងារជំនាញ នៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅឋានក្នុងឧទ្យានអង្គរបានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ និងបានអនុញ្ញាតការជួសជុលផ្ទះ និងសាងសង់សំណង់តូចតាចបានចំនួន ៦០១ គ្រួសារ។ សំណង់តូចតាចនេះមាននៅក្រុងសៀមរាបមាន ១៩៦ គ្រួសារ ស្រុកបន្ទាយស្រី ១២១ គ្រួសារ ស្រុកប្រាសាទបាគង ១៤១ គ្រួសារ ស្រុកពួក ១១៥ គ្រួសារ ស្រុកសូទ្រនិគម ៦ គ្រួសារ និងស្រុកស្វាយលើ ២២ គ្រួសារ។
លោកថ្លែងថា៖ «ការអនុញ្ញាតនូវសំណង់តូចតាចហ្នឹងមានដូចជាការរុះរើបង្អួច ជួសជុលទ្រុងមាន់ ទ្រុងទា ទ្រុងជ្រូក ចង្ក្រានបាយ បន្ទប់ទឹក ជាដើម។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ដោយឡែកក្នុងរយៈពេលដូចគ្នានេះដែរ ប្រជាពលរដ្ឋដែលមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីទទួលបានការអនុញ្ញាត ក្រុមការងារផ្នែកស្ថាបត្យកម្មបានជួយរៀបចំគំនូសប្លង់ចំនួន ៥០ គ្រួសារ រួមមាន ស្រុកអង្គរធំ ៥ គ្រួសារ ក្រុងសៀមរាប ៧ គ្រួសារ ស្រុកប្រាសាទបាគង ១៧ គ្រួសារ ស្រុកពួក ១៣ គ្រួសារ ស្រុកបន្ទាយស្រី ៦ គ្រួសារ និងស្រុកស្វាយលើ ២ គ្រួសារ។
លោកបញ្ជាក់ថា៖ «៥០ គ្រួសារហ្នឹងជាការដែលយើងអនុញ្ញាតការជួសជុលទ្រង់ទ្រាយធំ ដូចជាការរុះរើផ្ទះចាស់ ធ្វើផ្ទះថ្មី អីអីទាំងអស់ដែលពាក់ព័ន្ធការជួសជុលផ្ទះ»។
យោងតាមព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ទី ១ ខែឧសភា ចេញដោយអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា តែងយកចិត្តទុកដាក់និងពិនិត្យ ព្រមទាំងពង្រឹងការងាររបស់ខ្លួនបន្ថែម តាំងពីដំណាក់កាលទទួលសំណើរហូតដល់ដំណាក់កាលឆ្លើយតបទៅកាន់ពលរដ្ឋវិញ ពោលគឺធ្វើយ៉ាងណាឱ្យសេវាកម្មរបស់អាជ្ញាធរជាតិអប្សរាខិតកាន់តែជិតប្រជាពលរដ្ឋ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរានៅតែជួបនូវបញ្ហាប្រឈមមួយចំនួនដូចជា ការជួសជុល ឬសាងសង់ មុនការចុះពិនិត្យរបស់ក្រុមការងារ។ ការប្រកាសលក់ដីក្នុងតំបន់ការពារតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក និងការដាក់ស្លាក (លក់ដី) ផ្ទាល់ក្នុងតំបន់ការពារក៏នៅតែមាន។
លោកថា៖ «ផលលំបាករបស់យើងនៅតែមាន ព្រោះអ្នកដែលបានទិញដីកន្លងមកគាត់នៅតែប្រកាសលក់ អ៊ីចឹងយើងអំពាវនាវឱ្យប្រជាពលរដ្ឋយើងក្នុងការចូលរួមអភិរក្ស បើមានការចង់រុះរើ ឬធ្វើអ្វីមួយនៃសំណង់នៅតំបន់អង្គរសុំឱ្យមានការទាក់ទងជាមួយអាជ្ញាធរជាតិអប្សរា ហើយកុំធ្វើអីដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ស្របច្បាប់របស់ខ្លួនឯង»៕