បន្ទាយមានជ័យៈ កាលពី​ព្រឹក​ថ្ងៃទី​ ៩ ខែឧសភា ច្រកទ្វារ​អន្តរជាតិ​ជាំ ស្ថិត​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រីយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ត្រូវបាន​បើក​ដំណើរ​ការឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ឡើងវិញ​ហើយ បន្ទាប់ពី​ច្រក​ ១​ នេះ​បាន​បិទ​ជា​បណ្តោះអាសន្ន​អស់​រយៈពេល​ជាង ​២​ ឆ្នាំ ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​​កូវីដ​ ១៩​។ កម្ពុជា​-​ថៃ បានសម្រេច​បើក​ច្រកទ្វារ​អន្តរជាតិ​នេះ ក្រោយពី​ច្រក​មួយចំនួន​ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់​នាពេល​ថ្មីៗ​កន្លងមក​នៅតាម​បណ្ដោយ​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយ​គ្រោង​បើក​ច្រកទ្វារ​អន្តរជាតិ​ទី​ ៣ នាពេល​ខាងមុខនេះ​។

ភាគី​កម្ពុជា​-​ថៃ បាន​ព្រមព្រៀង​គ្នា​បើក​ច្រកទ្វារ​អន្តរជាតិ​ឡើងវិញ​ដោយ​ចាប់​ផ្តើមដំបូង​បើក​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ ២០២២​។ ប៉ុន្តែ​ការបើក​ឡើងវិញ​នេះ ត្រូវបំពេញ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន​ដូចជា​តម្រូវឱ្យមាន​ទិញ​បណ្ណ​ធានា​សុខភាព​កូវីដ​ ១៩ ខណៈ​អ្នក​កាន់​បណ្ណ​ព្រំដែន​មាន​សុពលភាព​តិចជាង​មុន និង​លក្ខខណ្ឌ​មួយចំនួនទៀត​។

ពិធី​បើក​ច្រកទ្វារ​អន្តរជាតិ​ជាំ​ជា​ផ្លូវការ​ឡើងវិញ ធ្វើឡើង​ក្រោម​វត្តមាន​លោក ប៉ែន កុសល្យ អភិបាលខេត្ត​ឧត្តរមានជ័យ និង​លោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្ត​ស៊ីសាកេត ប្រទេស​ថៃ និង​មន្ត្រី​ពាក់ព័ន្ធ កងកម្លាំង​ប្រដាប់អាវុធ​នៃ​ប្រទេស​ទាំង​ ២ ​ជាច្រើនរូប​ទៀត​។

អ្នកនាំពាក្យ​សាលាខេត្ត​ឧត្តរមានជ័យ​លោក ផល លឹម បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ការឯកភាព​បើក​ឡើងវិញ​នេះ​ដោយសារ​បញ្ហា​កូវីដ​ ១៩ ​នៅ​ប្រទេស​ថៃ​មាន​ស្ថានភាព​ធូរស្រាល​ជាង​មុន ខណៈ​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ដល់​ប្រជាជន​ក៏បាន​ច្រើន​។

លោក​បន្តថា បន្ទាប់ពី​បើក​ច្រក​អន្តរជាតិ​ចំនួន​ ២​ នេះហើយ ភាគី​កម្ពុជា​-​ថៃ គ្រោង​បើក​ច្រក​ ១​ ទៀត គឺ​ច្រក​អន្តរជាតិ​ជប់​គគីរ​នៅពេល​ខាងមុខនេះ ប៉ុន្តែ​មិនទាន់​កំណត់​កាលបរិច្ឆេទ​នៅឡើយ​ទេ​។

លោក​បានឱ្យដឹងថា មុននឹង​ឈានដល់​ដំណាក់កាល​បើក​ដំណើរការ​ច្រកទ្វារ​អន្តរជាតិ​ឡើងវិញ គឺ​ភាគី​កម្ពុជា​-​ភាគី​ថៃ ដែល​ដឹកនាំ​ដោយ​អភិបាលខេត្ត​នៃ​ប្រទេស​ទាំង​ ២ បាន​ជួប​ពិភាក្សាគ្នា​ដោយ​បាន​ដាក់ចេញ​នូវ​គោលការណ៍ និង​លក្ខខណ្ឌ​មួយចំនួន​ស្របតាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ២​។ ​លោក​បន្តថា តាមរយៈ​ការបើក​ច្រកព្រំដែន​ឡើងវិញ​នឹង​ធ្វើ​ឱ្យ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បន្ទាត់​ព្រំដែន​នឹង​វិល​ទៅរក​ភាពប្រក្រតី​ឆាប់ៗ​ខាងមុខនេះ​។

លោក​ថា​៖ «​យើង​សង្ឃឹមថា​សេដ្ឋកិច្ច​ពលរដ្ឋ​នឹង​ដើរ​ឡើងវិញ​មិន​ថា​គាត់​យក​ទំនិញ​ខ្មែរ​ទៅ​លក់​នៅ​ថៃ ឬ​យក​ពី​ថៃ​មក​លក់​នៅ​ខ្មែរ ហើយ​ពលរដ្ឋ​គាត់​ចេញចូល​ធម្មតា មាន​ការងារ​ធ្វើ និង​បង្កើន​ចំណូល​រវាង​ពលរដ្ឋ​នឹង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២»​។

លោក​បានបញ្ជាក់​ផងដែរ ការបើក​ដំណើរការ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ជាំ​ថ្ងៃនេះ កម្ពុជា​-​ថៃ គឺជា​ការបើក​សាកល្បង​បណ្តោះអាសន្ន ដើម្បី​ស្ទាបស្ទង់​ស្ថានភាព ហើយ​ក្នុងករណី​មិនមាន​បញ្ហា​នោះទេ ភាគី​ទាំង​ ២​ ក៏​នឹង​លុបចោល​នូវ​លក្ខខណ្ឌ​មួយចំនួនទៀត​។

ចំណែក​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧត្តរមានជ័យ​ជាប់​ខេត្ត​សុរិន្ទ​នៃ​ប្រទេស​ថៃ ត្រូវបាន​បើក​ដំណើរការ​ជា​ផ្លូវការ​ឡើងវិញ​ជាធម្មតា កាលពី​ថ្ងៃ​ទី​ ៦ ខែឧសភា​នេះ​។

សម្រាប់​ការបើក​ច្រកព្រំដែន​ទាំងនេះ​ឡើងវិញ គី​ថៃ​តម្រូវឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ ត្រូវបំពេញ​លក្ខខណ្ឌ​មួយចំនួន​។ ចំពោះ​អ្នកកាន់កាប់​លិខិតឆ្លងដែន (​ប៉ាស្ព័រ​) តម្រូវឱ្យ​មាន​លិខិត​ថៃឡង់​ផាស (Thailand Pass) បណ្ណ​ធានារ៉ាប់រង​សុខភាព និង​បណ្ណ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ត្រឹមត្រូវ​អាច​ដើរ​ពេញ​ប្រទេស​ថៃ​។

ចំណែក​ប្រជាពលរដ្ឋ​ដែល​ប្រើ​បណ្ណ​ព្រំដែន (Border Pass) អាច​ស្នាក់​ប្រទេស​ថៃ​បាន​ចំនួន​ ៣ ​ថ្ងៃ និង​មាន​បណ្ណ​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ផងដែរ ខណៈ​អ្នក​កាន់​(Border Pass) មុន​ផ្ទុះ​កូវីដ​អាច​ស្នាក់នៅ​រហូតដល់ ៧ ​ថ្ងៃ​។

លោក​ ង៉ោ ម៉េងជ្រួន អភិបាលរង​ខេត្តបន្ទាយមានជ័យ​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបើក​ដំណើរការ​ច្រកទ្វារ​អន្តរជាតិ​នេះ​ឡើងវិញ​នាពេលនេះ គឺ​យោងទៅលើ​ការសម្រេច​របស់​ភាគី​ថៃ​ប៉ុណ្ណោះ ព្រោះ​កន្លង​មក​ភាគី​កម្ពុជា​មិនដែល​បិទ​ច្រកទ្វារព្រំដែន​នោះទេ ដោយសារ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជនមាន​អត្រា​ច្រើន​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការបើក​ច្រកព្រំដែន​កម្ពុជា​-​ថៃ​នៅពេលនេះ​វា​នឹង​ជួយ​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​អាចធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​កាន់តែច្រើន​។ លោក​-​ស្រី​បន្តថា​៖«​បើ​ទោះ​កម្ពុជា​បាន​បើក​ដំណើរ​ការឱ្យ​មាន​ការ​ធ្វើដំណើរ​មុន​ប្រទេស​ថៃ ប៉ុន្តែ​រំហូរ​ភ្ញៀវទេសចរ​ក៏​នៅមានកម្រិត​នៅឡើយ ព្រោះ​កម្ពុជា​មិនមាន​ជើង​ហើរ​ហោះ​ត្រង់​មកពី​តំបន់​ឆ្ងាយៗ​នោះទេ ដោយ​កម្ពុជា​ត្រូវ​ពឹងពាក់​លើ​ប្រទេសជិតខាង​ដូចជា​ប្រទេស​ថៃ​ជាដើម​»៕