កំពង់ធំៈ ក្រុម​អង្កេត​តាមដាន​ជីវចម្រុះ​ផ្សោត​ត្រៀម​ចុះ​ប្រមូល​ទិន្នន័យ​ប្រភេទ​សត្វ​ស្លាប ប្រភេទ​ត្រី​កម្រ និង​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅ​តំបន់​រ៉ាមសារ​ស្ទឹងសែន ដើម្បី​ជួយសង្គ្រោះ និង​ចងក្រង​ទិន្នន័យ​នៃ​ប្រភេទ​សត្វ​កម្រ​។

អង្គការ ជីវិត​សត្វ​ស្លាប អន្តរជាតិ​ (BirdLife International) សហការ​ជាមួយ​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា (NatureLife Cambodia) ក្រោម​ជំនួយ​ថវិកា និង​បច្ចេកទេស​ពី​គម្រោង Critical Ecosystem Partnership Fund (CEPF)​បានរៀបចំ​គម្រោង​ចុះ​ប្រមូល​ទិន្នន័យ​នេះ នៅក្នុង​តំបន់​ផ្សោត​នៃ​តំបន់​រ៉ាមសារ​ស្ទឹងសែន​ចាប់ពី​ខែមេសា ដល់​ខែធ្នូ ឆ្នាំ ២០២២​។

ដើម្បី​សម្រួល​ដល់​ការប្រមូល​ទិន្នន័យ​ឱ្យមាន​ប្រសិទ្ធភាព​តាមរយៈ​គម្រោង​នេះ បានជ្រើសរើស​តំណាង​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ផ្សោត​ចំនួន ២ ​រូប សម្រាប់​ចុះ​អនុវត្ត​លើ​ទីវាល​ផ្ទាល់ និង​អង្កេត​តាមដាន​ជីវចម្រុះ​ជាប្រចាំ​។ បន្ថែម​ពីនេះ ដើម្បី​សម្រួល​ដល់​ការ​អនុវត្ដ​របស់​ក្រុម​អង្កេត​ផ្សោត អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ខ្លី​មួយ​ពី​ការប្រើប្រាស់ GPS វិធីសាស្ត្រ​ល្បាត​តាមដាន​ជីវចម្រុះ និង​របៀប​សសេរ​របាយការណ៍​ល្បាត​ប្រចាំខែ​ដល់​ប្រជាពលរដ្ឋ​តំណាង​ចំនួន ៤​ រូប កាលពី​ថ្ងៃទី ​១ ខែឧសភា ឆ្នាំ​ ២០២២ ។

ជាមួយ​គ្នានេះដែរ ក្រុម​អង្កេត​តាមដាន​ជីវចម្រុះ​ផ្សោត​ត្រូវ​ល្បាត​យ៉ាងតិច​ចំនួន ២ ​ដង ក្នុង​ ១ ​ខែ ដើម្បី​ប្រមូល​ទិន្នន័យ​សត្វ​ស្លាប ប្រភេទ​ត្រី​កម្រ ប្រភេទ​សត្វ​ងាយ​រងគ្រោះ ស្ថានភាព​ទីជម្រក និង​ស្ថានភាព​ទឹក និង​កត់ត្រា​បទល្មើស​ខុសច្បាប់ រួច​រាយការណ៍​បន្ដ​មកកាន់​មន្ដ្រី​ឧទ្យានុរក្ស​ប្រចាំ​តំបន់​រ៉ាមសារ​ស្ទឹងសែន​។

ក្រុម​អង្កេត​តាមដាន​ជីវចម្រុះ​ផ្សោត​នឹង​ត្រៀម​ចុះ​អនុវត្ដ​នៅ​ទីតាំង​សំខាន់ៗ​មួយចំនួន ដូចជា ចំណុច​ទ្រុង​ជ្រូក និង​កំពង់​រទេះ​នៃ​តំបន់​រ៉ាមសារ​ស្ទឹងសែន ចាប់ពី​ខែឧសភា ឆ្នាំ​ ២០២២ ​នេះ​តទៅ​។

លោក មួង ប៊ុនម៉ាត មន្ត្រី​អង្គការ ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​នៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី បាន​ថ្លែងថា ក្នុងនាម​ជា​អ្នក​អនុវត្តន៍​ផ្ទាល់​ឃើញថា គម្រោង​នេះ​ពិតជា​ល្អ ដែល​អាចជួយ​ដល់​ការអភិរក្ស​សត្វ និង​ជីវចម្រុះ​នៅ​កម្ពុជា​។

លោក​ថា​៖ «​ដោយសារ​រាល់ថ្ងៃនេះ​សត្វ​នៅ​កម្ពុជា​យើង​បាន​បាត់បង់​អស់ហើយ​ដូចជា​គោព្រៃ​មានតែ​នៅ​មណ្ឌលគិរី​សល់​ ២​ ក្បាល​រាល់​ថ្ងៃជា​សត្វ​តំណាង​ជាតិ​យើង ប៉ុន្តែ​វា​បាត់បង់​បន្តិច​ម្តងៗ​។ អ៊ីចឹង​គម្រោង​នេះ​វា​ល្អ​សម្រាប់​ការអភិរក្ស​ពីព្រោះ​កម្ពុជា​យើង ជា​ប្រទេស​ដែល​សម្បូរ​ផ្នែក​ធនធាន​ធម្មជាតិ​ហើយ​សម្បូរ​សត្វ ប៉ុន្តែ​សព្វថ្ងៃនេះ​ការបំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ឈ្មួញ ឬ​អ្នក​បរបាញ់​សត្វ ឃើញ​ថា ទាំង​ព្រៃ និង​សត្វ​បន្ត​បាត់បង់​អស់ហើយ អ៊ីចឹង​បើសិនជា​មានការ​អភិរក្ស​ពិតជា​ល្អ​អាចជួយ​ដល់​សត្វ​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​»​។

លោក​បានឱ្យដឹងថា ដោយសារ​កត្តា​ខ្វះ​ចំណេះដឹង​ព្រានព្រៃ​នៅ​បន្ត​ដាក់​អន្ទាក់​សត្វ​ទោះ​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ក៏ដោយ ដែល​បញ្ហា​នេះ​គឺជា​កត្តា​ប្រឈម​ធ្វើឱ្យ​បាត់បង់​សត្វព្រៃ​។ យ៉ាងណាមិញ​លោក​សង្ឃឹមថា តាមរយៈ​គម្រោង​នេះ នឹង​ជា​ផ្នែក​មួយ​ជួយ​ដល់​ការអភិរក្ស​សត្វ និង​ជីវចម្រុះ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​តំបន់​រ៉ាមសារ (​តំបន់ដីសើម​) ចំនួន ៥ ដែល​ស្ថិតក្នុង​ខេត្ត​ផ្សេងៗ ក្នុងនោះ​រួមមាន តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មារ តំបន់​រ៉ាមសារ​កោះ​កាពិ តំបន់​រ៉ាមសារ​ស្ទឹងត្រែង តំបន់​រ៉ាមសារ​ព្រែកទាល់ និង​តំបន់​រ៉ាមសារ​ស្ទឹងសែន​។

សម្រាប់ តំបន់​រ៉ាមសារ​ស្ទឹងសែន​ស្ថិតក្នុង​ខេត្តកំពង់ធំ​ជា​តំបន់​មាន​សក្តានុពល ដែលមាន​ផ្ទៃដី​ទំហំ ៩ ២៩៣ ​ហិកតា និង​ត្រូវបាន​ចុះបញ្ជី​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា ឆ្នាំ​ ២០១៨​។ តំបន់​រ៉ាម​ស្ទឹងសែន មានព្រៃ​លិច​ទឹក​ដែល​ផ្ដល់​ទីជម្រក​សម្រាប់​ពពួកសត្វ​ស្លាប​ជាង ៧៩​ ប្រភេទ ដូចជា​ស្មោញ ត្រដក់​តូច ត្រដក់​ធំ ទុង​ប្រផេះ អង្កត់​ខ្មៅ អកត្រីក្បាល​ប្រផេះ និង​ថនិកសត្វ​ប្រមាណ​ ៩ ប្រភេទ​។

សូមបញ្ជាក់ថា តំបន់​រ៉ាមសារ គឺជា​តំបន់ដីសើម​ដែល​ត្រូវ​នឹង​លក្ខណវិនិច្ឆ័យ​នៃ​តំបន់ដីសើម​ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ ដូចជា វត្តមាន​ប្រភេទ​សត្វ​កម្រ និង​កំពុង​រងគ្រោះ ជីវចម្រុះ​វដ្ត​នៃ​ជីវិត និង​ជម្រក ជាដើម​។ អនុសញ្ញា​តំបន់ដីសើម ឬ​អនុសញ្ញា​រ៉ាមសារ​ត្រូវបាន​បង្កើតឡើង​នៅ​ក្រុង​រ៉ាមសារ ប្រទេស​អ៊ីរ៉ង់ ក្នុង​ឆ្នាំ​ ១៩៧១ ហើយ​កម្ពុជា​បានអនុម័ត​យល់ព្រម​លើ​អនុសញ្ញា​នេះ កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ​ ១៩៩៦ និង​បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៅ​ថ្ងៃទី​ ២៣ ខែតុលា ឆ្នាំ​ ១៩៩៩៕