ភ្នំពេញៈ អង្គការយូណេស្កូ (UNESCO) ផ្តល់សម្ភារអេឡិចត្រូនិកមួយចំនួនដល់ក្រសួងអប់រំ រួមមានកុំព្យូទ័រយួរដៃ (Laptop)និងកុំព្យូទ័របន្ទះ (Tablet) ចំនួន ១០៤ គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយចំនួន ១ គ្រឿង សម្រាប់បម្រើដល់ការវាស់ស្ទង់សមត្ថភាពអានរបស់សិស្ស និងគណិតវិទ្យាថ្នាក់ដំបូង (EGRA & EGMA) តាមប្រព័ន្ធអនឡាញឱ្យកាន់តែទំនើប។
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំថ្លែងក្នុងពិធីប្រគល់ទទួលជាផ្លូវការនូវសម្ភារអេឡិចត្រូនិកទាំងនេះនៅថ្ងៃទី ៩ ខែឧសភាថា ក្រសួងអប់រំ និងអង្គការ UNESCO បានសហការអនុវត្តរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៃគម្រោងពង្រឹងកម្មវិធីអប់រំគ្រូនៅកម្ពុជា (STEP-Cam/GPE3) តាមប្រព័ន្ធអនឡាញនៅតាមសាលារៀនសំណាកចំនួន ៣៤០ ក្នុងខេត្តគោលដៅ ៩ ដោយបានអនុវត្តរង្វាយតម្លៃដើមគ្រានៅឆ្នាំ ២០២០ ហើយគ្រោងធ្វើរង្វាយតម្លៃចុងគ្រានៅក្នុងឆ្នាំ ២០២២ នេះ។
លោកថ្លែងថា៖ «ដើម្បីធ្វើឱ្យរង្វាយតម្លៃចុងគ្រានេះ មានដំណើរការប្រកបដោយប្រសិទ្ធភាព អង្គការ UNESCO បានផ្តល់ជូនសម្ភារអេឡិចត្រូនិកមួយចំនួនដល់នាយកដ្ឋានធានាគុណភាពអប់រំ រួមមាន កុំព្យូទ័រយួរដៃចំនួន ២ គ្រឿង កុំព្យូទ័របន្ទះចំនួន ១០២ គ្រឿង និងម៉ាស៊ីនបញ្ចាំងស្លាយចំនួន ១ គ្រឿង សម្រាប់បម្រើដល់ការអនុវត្ត និងគ្រប់គ្រងដំណើរការរង្វាយតម្លៃ EGRA & EGMA អនឡាញនាពេលខាងមុខដ៏ខ្លីនេះ»។
លោក ណាត ប៊ុនរឿន បន្តថា ចាប់តាំងពីឆ្នាំ ២០២១ មកទល់ពេលនេះ អង្គការ UNESCO បានផ្តល់សម្ភារអេឡិចត្រូនិកដល់ក្រសួងអប់រំ សរុបរួមមាន កុំព្យូទ័របន្ទះចំនួន ៦៥៨ គ្រឿង កុំព្យូទ័រយូរដៃចំនួន ៤៩ គ្រឿង និងឧបករណ៍សម្រាប់ធ្វើសន្និសីទពីចម្ងាយ (Videoconferencing equipment) ដោយរាប់បញ្ចូលទាំងកុំព្យូទ័របន្ទះ និងកុំព្យូទ័រយួរដៃចំនួន ១០៤ គ្រឿងត្រូវបានផ្តល់ក្នុងពិធីនេះ។
លោកថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNESCO ដែលបានឧបត្ថម្ភសម្ភារអេឡិចត្រូនិកទាំងអស់នេះមកក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសផ្តល់ជូនមកដល់នាយកដ្ឋានធានាគុណភាពអប់រំនាពេលនេះដើម្បីបម្រើដល់ការអនុវត្តសកម្មភាពរង្វាយតម្លៃអំណាន និងគណិតវិទ្យាថ្នាក់ដំបូង (EGRA & EGMA) ឱ្យកាន់តែមានទំនើបកម្ម»។
អង្គការយូណេស្កូបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ជាមួយនឹងការវិនិយោគលើប្រព័ន្ធទំនើបកម្មឌីជីថលនាពេលបច្ចុប្បន្ន កម្ពុជានឹងអាចប្រើប្រាស់បច្ចេកវិទ្យាកាន់តែប្រសើរឡើងដើម្បីបង្កើតប្រព័ន្ធដែលមានភាពធន់ សមធម៌ និងបរិយាប័ន្នដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សទាំងអស់។
អង្គការយូណេស្កូបន្តថា ជាមួយនឹងកុំព្យូទ័រយួរដៃថ្មីទាំងនេះ ក្រសួងអប់រំ នាពេលនេះនឹងអាចគ្រប់គ្រង និងវិភាគទិន្នន័យនៃកម្មវិធីបង្រៀនកាន់តែមានលក្ខណៈជាប្រព័ន្ធដើម្បីពង្រឹងកម្មវិធីបង្រៀនបន្ថែមទៀត និងធានាថា គ្រូបង្រៀនថ្នាក់ដំបូងបន្តទទួលបានការគាំទ្រដើម្បីធ្វើឱ្យប្រសើរឡើងនូវជំនាញបង្រៀន។
អង្គការយូណេស្កូថ្លែងថា៖ «អង្គការយូណេស្កូក៏នឹងផ្តល់កុំព្យូទ័រយួរដៃ និងថេប្លិត (Tablet) ថ្មីដល់នាយកដ្ឋានធានាគុណភាពអប់រំ ដើម្បីធ្វើការវាយតម្លៃការសិក្សាដោយប្រើកុំព្យូទ័របន្ទះដើម្បីវាស់ស្ទង់សមត្ថភាពសិស្សក្នុងការអាន និងគណិតវិទ្យា។ ការវិនិយោគលើប្រព័ន្ធព័ត៌មានទំនាក់ទំនង និងបច្ចេកវិទ្យា (ICT) នឹងគាំទ្រដល់ឌីជីថលភាវូបនីយកម្មនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តចំនួន ១១ សាលា ដើម្បីធានាថាគ្រូបង្រៀនថ្នាក់បឋមសិក្សាបច្ចុប្បន្ន និងជំនាន់ក្រោយត្រូវបានបំពាក់ដោយជំនាញឌីជីថល ដើម្បីគាំទ្រដល់ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់កម្ពុជា»។
លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មាននេះថា នៅពេលកម្ពុជាងើបចេញពីការរាតត្បាតនៃជំងឺកូវីដ ១៩ ការវិនិយោគលើបច្ចេកវិទ្យាឌីជីថលបច្ចុប្បន្ននឹងជួយដល់ប្រព័ន្ធអប់រំកម្ពុជាត្រៀមខ្លួនសម្រាប់ការអប់រំនាពេលអនាគត។ គ្រូបង្រៀនចាំបាច់ត្រូវការអភិវឌ្ឍសមត្ថភាពឌីជីថល និងបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីផ្តល់ការអប់រំដល់សិស្សប្រកបដោយគុណភាព។
លោកថ្លែងថា៖ «ការវិនិយោគលើបច្ចេកវិទ្យាឌីជីថលនៅកម្រិតផ្សេងៗគ្នានៃប្រព័ន្ធអប់រំនឹងធានាថា យើងកសាងឡើងវិញនូវប្រព័ន្ធអប់រំដែលកាន់តែមានភាពធន់ និងប្រកបដោយបរិយាប័ន្នដែលនឹងផ្តល់ការអប់រំពិតប្រាកដដល់សិស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា»៕