ភ្នំពេញៈ កម្លាំង​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) កំពុង​បន្ត​ស្វែងរក​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ AN-M66 ចំនួន​ ៩ ​គ្រាប់​ផ្សេងទៀត ខណៈ​កំពុង​សិក្សា​ឱ្យបាន​ហ្មត់ចត់​មុននឹង​ធ្វើការ​បន្សាប គ្រាប់បែក​ប្រភេទ​នេះ​ចំនួន​ ១ ​គ្រាប់ ដែល​ទើប​ប្រទះឃើញ​នៅក្នុង​ទន្លេ​ ៤ ​មុខ​ក្បែរ​សណ្ឋាគារ​សុខា​ភ្នំពេញ និង​ទល់មុខ​ព្រះបរមរាជវាំង​កាលពី​ថ្ងៃទី​ ៥ ខែឧសភា​។

លោក ហេង រតនា អគ្គនាយក​ CMAC ថ្លែង​នៅ​ថ្ងៃទី ​៩ ខែឧសភា​ថា គ្រាប់បែក​ប្រភេទ AN-M66 ឬ AN-M34 មាន​ចំនួន ១១ ​គ្រាប់​បាន​ទម្លាក់​លើទឹក​ដី​ប្រទេស​កម្ពុជា អាច​ក្នុងអំឡុង​ឆ្នាំ​ ១៩៧០-១៩៧៥ ប៉ុន្តែ​ចំនួន ១១ ​គ្រាប់​នេះ មិនមែន​សុទ្ធតែ​ទម្លាក់​នៅក្នុង​ទន្លេ​មុខ​ព្រះបរមរាជវាំង​នោះទេ​គឺ​ទម្លាក់​នៅក្នុង​ទីតាំង​ផ្សេងៗ​គ្នា​ក្នុងសម័យ​សង្គ្រាម​។

លោក​ថ្លែងថា​៖ «​គ្រាប់​ប្រភេទ​ហ្នឹង​មិនមែន​សុទ្ធតែ​នៅ​មិនទាន់​ផ្ទុះ​ទេ វា​អាច​ផ្ទុះ​ខ្លះ​នៅ​ខ្លះ ហើយ​មិនមែន​ទម្លាក់​តែ​កន្លែង​ហ្នឹង​ទេ​។ ​ខ្ញុំ​សូមបញ្ជាក់ ប្រភេទ​ហ្នឹង ក្នុងសម័យ​សង្គ្រាម​យើង​ដឹងថា​មាន ​១១ ​គ្រាប់ មិនមែន​ទម្លាក់​កន្លែង​ហ្នឹង​ [​ទន្លេ ​៤​ មុខ​] ១១ ​គ្រាប់​ទេ ចៀសវាង​ការយល់ច្រឡំ​»​។

លោក ហេង រតនា មិន​បញ្ជាក់​អំពី​ទីតាំង​ដែល​គ្រាប់បែក​ប្រភេទ​នេះ​ត្រូវបាន​ទម្លាក់​នៅ​កម្ពុជា​ឡើយ ប៉ុន្តែ លោក​ប្រាប់ថា គ្រាប់បែក​ប្រភេទ AN-M66 ដែល​ទើប​រកឃើញ​កាលពី​ថ្ងៃទី ៥ ខែឧសភា ក្នុង​ទន្លេ​ ៤​ មុខ​នោះ គឺជា​គ្រាប់​ទី ​២ ក្នុងចំណោម​ ១១ ​គ្រាប់​។ ចំណែក​ ៩​ គ្រាប់​ផ្សេងទៀត​កម្លាំង​ជំនាញ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​កំពុង​ធ្វើការ​ស្វែងរក​ជា​បន្តបន្ទាប់​ទៀត​។

លោក​អគ្គនាយក CMAC ប្រាប់ថា គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​ប្រភេទ AN-M66 ដែល​ទើប​ប្រទះឃើញ​នោះ មាន​ទម្ងន់​ជិត ​១ ០០០ ​គីឡូក្រាម មាន​ជាតិ​ផ្ទុះ​ជាង ៥០០ ​គីឡូក្រាម ដែលមាន​ថាមពល​បង្ក​គ្រោះថ្នាក់​ខ្ពស់ ជា​គ្រាប់បែក​ផលិត​នៅ​សហរដ្ឋ​អាមេរិក​។ លោក​ថា នេះ​ជា​សំណាង​មួយ​ល្អ​ណាស់​សម្រាប់​កម្ពុជា ដែល​គ្រាប់បែក​នេះ​មិន​ផ្ទុះ ប៉ុន្តែ​ប្រសិនជា​ករណី​អាក្រក់​បំផុត​កើតឡើង​ដោយ​ការផ្ទុះ​គ្រាប់បែក​នេះ​វិញ​នោះ នឹង​អាច​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​សណ្ឋាគារ លំនៅឋាន​ប្រជាពលរដ្ឋ និង​ព្រះបរមរាជវាំង មិនខានឡើយ​។

លោក​ថ្លែងថា​៖ «​តាម​កម្រិត​នៃ​ហានិភ័យ​របស់​វា ចម្ងាយ​ដែល​អាច​ទទួល​ហានិភ័យ​ខ្ពស់​នោះ​មាន​ចំនួន​ប្រមាណ ១ ៩២០ ​ម៉ែត្រ ពី​ទីតាំង​ណាមួយ​ដែល​វា​ធ្លាក់​»​។

លោក ហេង រតនា បាន​ប្រាប់ថា គិត​មកដល់​ថ្ងៃទី​ ៩ ខែ​ឧសភា​នេះ កម្លាំង​ជំនាញ CMAC នៅ​មិនទាន់​បាន​ធ្វើការ​បន្សាប​គ្រាប់បែក​ដែល​ទើប​ប្រទះឃើញ​នោះ​នៅឡើយ​ទេ​។ យ៉ាងណា​លោក​អះអាងថា កម្លាំង​ជំនាញ CMAC មាន​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​ចំពោះ​គ្រាប់បែក​ប្រភេទ AN-M66 នេះ ប៉ុន្តែ​ទាមទារ ត្រូវតែ​ធ្វើការ​សិក្សា​ឱ្យបាន​ហ្មត់ចត់​ជាមុនសិន​ ដើម្បី​ចៀសវាង​ហានិភ័យ​ណាមួយ​កើតឡើង​។

លោក​បញ្ជាក់ថា​៖ «​យើង​មិនទាន់បាន​ធ្វើការ​បន្សាប​នៅឡើយ​ទេ យើង​ត្រូវ​សិក្សា​លក្ខណៈ​បច្ចេកទេស​ឱ្យ​ល្អិតល្អន់​សិន ព្រោះ​ការ​បន្សាប​គ្រាប់បែក​ធំ​បែបនេះ​មិន​ត្រឹមតែ​លំបាក​ទេ គឺ​វា​គ្រោះថ្នាក់​ទៀតផង​។ ​មាន​លក្ខណពិសេស​មួយ​ចំនួន​ដែល​យើង​ត្រូវ​សិក្សា​ឱ្យបាន​ហ្មត់ចត់ ព្រោះ​មាន​ប្រភេទ​ខ្លះ​យើង​អាច​បន្សាប​បាន ខ្លះទៀត គឺ​គេ​មាន​សោ​គន្លឹះ​ដោះ​ដែល​មិនអាច​បន្សាប​បាន​»​។ «​ប្រសិនបើ​គ្រាប់បែក​មិនអាច​ធ្វើការ​បន្សាប​បាន​នោះ កម្លាំង​ជំនាញ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ក៏​នៅមាន​វិធីសាស្ត្រ​ជាច្រើន​ដើម្បី​កម្ទេចចោល​ផងដែរ​។ ក្នុងនោះ​មានដូចជា ការ​កាត់​បំបែក វាយ​ឱ្យ​ផ្ទុះ​កម្រិត​ស្រាលៗ ជាដើម​»​។

លោក​ថា គ្រាប់​នេះ​គឺ​ឃើញ​នៅពេល​ធ្វើ​ការស្តារ​ប្រព័ន្ធ​ទន្លេ​ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ គ្រាប់បែក​នេះ​ស្ថិតនៅក្នុង​ដី​ភក់​ជម្រៅ​ប្រមាណ​ ៣ ​ម៉ែត្រ ខណៈពេល​កាយ​ឃើញ​ភ្លាម​ដោយ​មាន​ការសង្ស័យ​ទើប​អាជ្ញាធរ​រាជធានី​-​ភ្នំពេញ​រាយការណ៍​មក​កម្លាំង​ជំនាញ CMAC ទៅធ្វើ​ការពិនិត្យ និង​យកទៅ​ទុក​នៅ​កន្លែង​សុវត្ថិភាព​ ដើម្បី​ជំនាញ​ធ្វើការ​ដោះ​បន្សាប ធានា​សុខ​សុវត្ថិភាព​ជូន​សង្គមជាតិ​៕