
អាជ្ញាធរជូនដំណឹងដល់ពលរដ្ឋរុះរើសំណង់នៅលើចិញ្ចើមផ្លូវជាតិលេខ ៥ ផ្នែកខាងចុង។ រូបថត MPWT
បន្ទាយមានជ័យៈ រដ្ឋបាលខេត្ដបន្ទាយមានជ័យបានជូនដំណឹងលើកទី ២ ដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ដែលទទួលបានសំណងពីផលប៉ះពាល់ពីគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ផ្នែកចុងបញ្ចប់) ស្ថិតនៅចំណុចក្រុងសិរីសោភ័ណប៉ោយប៉ែត ត្រូវរុះរើសំណង់នានាដែលបានសាងសង់នៅលើចំណីផ្លូវជាតិនេះ ឱ្យបានមុនការស្ថាបនាផ្លូវបានទៅដល់។
លោក សុក ចាន់ថា ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ដបន្ទាយមានជ័យថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៩ ឧសភានេះថា រដ្ឋបាលខេត្ដមិនបានកំណត់ពេលវេលាចំពោះការរុះរើសំណង់របស់ប្រជាពលរដ្ឋនេះទេ។ ប៉ុន្ដែក្រសួងសាធារណការបានណែនាំមកថា ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ ៥ ស្ថិតនៅផ្នែកចុងបញ្ចប់ ចំណុចក្រុងសិរីសោភ័ណប៉ោយប៉ែតនេះនឹងចាប់ផ្ដើមធ្វើនៅក្នុងពេលឆាប់ៗខាងមុខនេះ។
លោកបញ្ជាក់ថា៖ «អ៊ីចឹង យើងអត់បានកំណត់ពេលវេលាទេ។ ប្រជាពលរដ្ឋទាំងអស់ គឺបានផ្ដិតមេដាយលើកិច្ចសន្យាទទួលនូវថវិកាដោះស្រាយផលប៉ះពាល់រួចរាល់អស់ហើយ។ ប៉ុន្ដែអ្នកខ្លះក៏ចេះតែនៅរង់ចាំៗ មិនព្រមរុះរើសំណង់ ជាក់ស្ដែងពួកគាត់បានព្រមព្រៀងអស់ហើយក្នុងចំណោមពលរដ្ឋរងផលប៉ះពាល់ជាង ១ ពាន់គ្រួសារ»។
យោងតាមសេចក្តីជូនដំណឹងលើកទី ២ របស់រដ្ឋបាលខេត្ដបន្ទាយមានជ័យ ស្តីពីការរុះរើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ស្លាកយីហោ ផ្ទះសំបែង តូបលក់ដូរ និង សម្ភារ ឧបករណ៍ដែលប្រើប្រាស់លើដី និងក្រោមដី នៅលើចំណីផ្លូវជាតិលេខ ៥ ដែលរងផលប៉ះពាល់ ដោយសារគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ៥ (ផ្នែកចុងបញ្ចប់) សិរីសោភ័ណប៉ោយប៉ែត បានឱ្យដឹងថា បច្ចុប្បន្នរដ្ឋបាលខេត្តបានពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួនធំបានរុះរើសំណង់ផ្សេងៗរួចហើយ ប៉ុន្តែបងប្អូនមួយចំនួនតូចពុំទាន់រុះរើនៅឡើយទេ ទោះទទួលបានសំណងរួចហើយ។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលសំណងផលប៉ះពាល់រួចហើយត្រូវធ្វើការរុះរើសំណង់ផ្សេងៗចេញពីរបៀងនៃផលប៉ះពាល់ (COI) ជាពិសេសចំពោះ ក្រុមហ៊ុន អង្គភាពពាក់ព័ន្ធនានា ដើម្បីរុះរើហេដ្ឋានរចនាសម្ព័ន្ធនានាដូចជា ស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ស្លាកគណបក្ស បង្គោលអគ្គិសនី បង្គោលខ្សែបណ្តាញទូរគមនាគមន៍ ខ្សែកាបអុបទិក បណ្ដាញទឹកស្អាត ត្រូវរុះរើសំណង់ ទ្រព្យសម្បត្តិ និងហេដ្ឋានរចនាសម្ព័ន្ធនានាឱ្យបានមុនពេលក្រុមហ៊ុនសាងសង់ចាប់ផ្តើមដំណើរការនាពេលឆាប់ខាងមុខ។
រដ្ឋបាលខេត្ដបញ្ជាក់ថា៖ «ក្នុងករណី សាធារណជន អាជីវករ ក្រុមហ៊ុន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋពាក់ព័ន្ធទាំងអស់មិនគោរពតាមការជូនដំណឹងនេះ រដ្ឋបាលខេត្ត មិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ»។ បើតាមក្រសួងសាធារណការ កំណាត់ផ្លូវជាតិលេខ ៥ ដែលជាកំណាត់ចុងក្រោយ តភ្ជាប់ពីក្រុងសិរីសោភ័ណទៅដល់ក្រុងប៉ោយប៉ែតមានប្រវែង ៣៥ គីឡូម៉ែត្រ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ ២០២២ ដោយគ្រោងប្រើថវិកាប្រមាណ ៥០ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)៕