
អ្នកចូលរួមសិក្ខាសាលាស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ពីថ្ងៃទី ៥ ឧសភា។ រូប ក្រសួងសាធារណការ
ភ្នំពេញៈ ក្រុមការងារចម្រុះ នៃគម្រោងផែនការមេលើប្រព័ន្ធអនាម័យ សម្រាប់ទាំងអស់គ្នាក្នុងរាជធានីភ្នំពេញ (CWIS) បានបញ្ចប់ការសិក្សាវាយតម្លៃពីស្ថានភាពប្រព័ន្ធអនាម័យ ការសិក្សាអង្កេតតាមខ្នងផ្ទះ ការសិក្សាលទ្ធភាពជម្រាបនៃស្រទាប់ដី ការសិក្សាលើប្រតិបត្តិករផ្តល់សេវាបូមលូ ការចុះអង្កេតលើការគ្រប់គ្រង និងប្រើប្រាស់បង្គន់សាធារណៈ ការចុះអង្កេតសហគ្រាសប្រើប្រាស់ទឹកជាច្រើន (រោងចក្រ) និងការសិក្សាពីគុណភាពទឹក។
ការបង្ហាញលទ្ធផលនៃគម្រោងផែនការមេលើប្រព័ន្ធអនាម័យ សម្រាប់ទាំងអស់គ្នាក្នុងទីក្រុងភ្នំពេញ (CWIS) ធ្វើឡើងតាមរយៈសិក្ខាសាលាស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។
សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព លោក ត្រាក់ ថៃសៀង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនរួមជាមួយលោក ថូនី ហ្កៀល (TONY Gill) នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជាលោក នួន សំណាវុធ នាយកគ្រប់គ្រងសំណល់ និងបរិស្ថានរាជធានី-ភ្នំពេញ តំណាងសាលារាជធានី-ភ្នំពេញ និងថ្នាក់ដឹកនាំមន្ត្រីរាជការមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងការចូលរួមតាមរយៈប្រព័ន្ធហ្ស៊ូម សរុបប្រមាណជាង ៦០ នាក់។
តាមរបាយការណ៍កិច្ចប្រជុំស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងសំណល់ភក់ក្នុងរាជធានីភ្នំពេញនេះគឺមានគោលបំណង ពិនិត្យផែនការមេលើប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងភ្នំពេញទាំងមូល (CWIS) លើការកែលម្អខ្សែចង្វាក់សេវាកម្មអនាម័យទាំងមូលដូចជាការទុកដាក់ ការបូមចេញ ការដឹកជញ្ជូន និងការធ្វើប្រព្រឹត្តិកម្ម។
របាយការណ៍បញ្ជាក់ថា អង្គសិក្ខាសាលាក៏ពិនិត្យចំពោះការវិនិយោគនឹងពិចារណាលើជម្រើសអនាម័យមាន ឬគ្មានបណ្តាញលូ ដើម្បីធានាថា ដំណោះស្រាយដែលលើកឡើងមានតម្លៃសមរម្យ និងនិរន្តរភាពហិរញ្ញវត្ថុលើបច្ចេកវិទ្យាសមស្របមួយចំនួនរួមមានប្រព័ន្ធលូរួមមកមណ្ឌលកណ្តាល ប្រព័ន្ធលូមិនមកមណ្ឌលកណ្តាល និងអនាម័យនៅនឹងកន្លែង ដោយកែលម្អការប្រមូលភក់ លាមក និងកំណត់ពីតម្រូវការលើការវិនិយោគរយ:ពេលខ្លី មធ្យម និងវែង។ ការរៀបចំផែនការបែបនេះ ដើម្បីសម្រេចបាននូវគោលបំណង រួមមានការគាំទ្រចាំបាច់ដូចជា ការរៀបចំស្ថាប័ន បទប្បញ្ញត្តិ និងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។
នៅក្នុងសិក្ខាសាលានេះលោក ត្រាក់ ថៃសៀងបានថ្លែងអំណរគុណ លោក TONY Gill ដែលបានចូលរួមក្នុងអង្គសិក្ខាសាលា និងបានស្នើឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់មកពីគ្រប់ស្ថាប័នជាតិ និងអន្តរជាតិចូលរួមពិភាក្សាស្វែងរកដំណោះស្រាយរួមឱ្យបានផុលផុស។
លោក ថៃសៀង ក៏បានលើកឡើងពីប្រវត្តិនៃការជ្រើសរើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងរាជធានី និងផលប៉ះពាល់រួមរបស់ប្រជាពលរដ្ឋអំពីកង្វះខាតការរៀបចំបណ្ដាញលូទឹកកខ្វក់ ដោយស្នើឱ្យជំរុញការជំរឿនកិច្ចការងារ ដើម្បីជ្រើសទីតាំងធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់នៅរាជធានីភ្នំពេញឱ្យបានឆាប់។ គម្រោងនេះ ត្រូវបានចាប់ផ្តើមសិក្សានៅខែមីនា ឆ្នាំ ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២២ នេះ។ លោកបញ្ជាក់ថា៖ «រហូតមកដល់ថ្ងៃនេះ គម្រោងបានបញ្ចប់ការសិក្សាវាយតម្លៃស្ថានភាពប្រព័ន្ធអនាម័យ ការសិក្សាអង្កេតតាមខ្នងផ្ទះ ការសិក្សាលទ្ធភាពជំរាបនៃស្រទាប់ដី ការសិក្សាលើប្រតិបត្តិករផ្តល់សេវាបូមលូ ការចុះអង្កេតលើការគ្រប់គ្រង និងប្រើប្រាស់បង្គន់សាធារណៈ ការចុះអង្កេតសហគ្រាសប្រើប្រាស់ទឹកច្រើន (រោងចក្រ) និងការសិក្សាគុណភាពទឹក»។
លោកឱ្យដឹងថា ក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំងមូល ក្រៅពីការសិក្សាវាស់វែង និងធ្វើអង្កេតខាងលើក្រុមសិក្សាគម្រោងបានជួបប្រជុំពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន ដើម្បីទទួលបានធាតុផ្សំគ្រប់ជ្រុងជ្រោយសម្រាប់រៀបចំផែនការមេស្តីពីប្រព័ន្ធអនាម័យសម្រាប់ទាំងអស់គ្នាក្នុងទីក្រុងភ្នំពេញទាំងមូលបានល្អប្រសើរ មុននឹងដាក់ជូនស្ថាប័នអនុវត្តគម្រោងទាំង ២ គឺក្រសួងសាធារណការ និងរដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមមុនដាក់ជូនរាជរដ្ឋាភិបាលសម្រេច។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៨ ឧសភាថាមន្ទីរបរិស្ថានមានក្រុមការងារជំនាញចូលរួមសិក្សា វាយតម្លៃគ្រប់ជ្រុងជ្រោយលើការអនុវត្ដផែនការមេនៃការអនុវត្តគម្រោងនេះ។ លោកថ្លែងថា៖ «អ្វីដែលធ្វើទៅនេះ គឺយើងសុទ្ធតែគិតគូរទៅដល់ផលប៉ះពាល់ និងផលលំបាករបស់ប្រជាពលរដ្ឋផងដែរ។ ចំពោះគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងការសិក្សា វាយតម្លៃលើគម្រោងនេះគឺចូលរួមដោះស្រាយលើការងារនេះដើម្បីឱ្យការងារនេះទទួលបានជោគជ័យ និងផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ»៕