ភ្នំពេញៈ ​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ដោយ​មាន​ការ​គាំទ្រ​ពី​រដ្ឋាភិ​បាល​ជប៉ុន​បាន​សម្ពោធ​ដាក់​ឱ្យអនុវត្ត​កម្ម​វិធី​រួម​ថ្មី​មួយ​ដើម្បី​ជួយ​ដល់​រដ្ឋាភិ​បាល​កម្ពុជា​ឆ្លើយ​តប​ផ្នែក​សុខ​ភាព​បន្ទាន់​ដល់​ពលករ​ចំណាក​ស្រុក​កម្ពុជា​ដែល​វិល​ត្រឡប់ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វីដ​ ១៩​ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី។

កម្មវិធី​រួម​គ្នា​ដែល​មាន​ឈ្មោះ«ការឆ្លើយ​តប​បន្ទាន់​ផ្នែក​សុខ​ភាព​ និង​សេដ្ឋកិច្ច​សង្គម​ដល់​ជន​ទេសន្ត​រប្រវេសន៍​វិល​ត្រឡប់»​នឹង​ដំណើរ​ការ​រ​យៈពេល​១២​ខែ និង​ផ្តល់​ជំនួយ​នៅ​ក្នុង​ខេត្ត​ចំនួន​៣ គឺខេត្ត​បន្ទាយ​មានជ័យ​ ឧ​ត្ត​រ​មា​នជ័យ និង​បាត់​ដំបង ដែល​ជា​ខេត្ត​មាន​ពលករ​ចំណាក​ស្រុក​ភាគ​ច្រើន​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​ជិត​ខាង​។

កម្ម​វិធី​រួមគ្នា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិ​តខំ​ប្រឹង​ប្រែង​រប​ស់​ក្រុម​ប្រទេស​នៃ​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើម្បី​កសាង​ឡើង​វិញ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ពី​ជំងឺ​រាត​ត្បាត​ដោយ​យក​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជា​ស្នូល​ក្នុងការ​ស្តារ​ឡើង​វិញ​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​និរន្តរ​ភាព​ដល់​ប្រជា​ជន​កម្ពុជា​។

លោក​ស្រី ​Pauline Tamesis អ្នក​សម្រប​សម្រួល​រប​ស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​សម្ពោធ​កម្ម​វិធី​នេះកាល​​ពី​ថ្ងៃទី​១០​ ខែ​ឧសភា ថា ជំងឺ​រាត​ត្បាត​កូ​វីដ១៩ បាន​បង្កើត​នូវ​ភាព​មិនច្បាស់លា​ស់ និង​អូសប​ន្លាយ​ការ​ឆ្លើយ​តប​បន្ទាន់​ ជា​ពិសេស​មេរោគ​បំប្លែង​ខ្លួ​ថ្មី​អូ​មី​ក្រុង (Omicron)។ បច្ចុ​ប្បន្ន​នេះ វិ​ធានការ​បង្ការ និង​ត្រួត​ពិនិត្យ​ការឆ្ល​ង​ជំងឺ​រាត​ត្បាត​នៅ​តាម​ច្រកព្រំ​ដែន ​ដែលមាន​ពលករ​ចំណាក​ស្រុក​ជាច្រើន​វិល​ត្រឡប់​មក​វិញ​ដូច​ជា ​នៅ​ច្រកព្រំ​ដែន​កម្ពុជា-ថៃ​ នៅ​តែ​ប្រ​ឈម​នឹង​ហានិ​ភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​រាត​ត្បាត។​

លោក​ស្រី​ថ្លែង​ថា នៅ​ពេល​ដែល​ច្រក​ព្រំដែន​បើក​ឱ្យ​ដំណើរ​ការ​ហើយ​វិធាន​ការ​សុខភាព​សាធា​រណៈ​ត្រូវ​បាន​បន្ធូរ​បន្ថយ​ ហា​និភ័យ​គឺថា​ការ​ព្រួយ​បារម្ភ​នៃ​ការ​ការរីក​រាលដាល​នៃ​អំពី​ជំងឺ​កូ​វីដ១៩​ ចូល​ទៅក្នុង​សហ​គមន៍​ជន​បទ​អាច​គ្រប​ដណ្តប់​ជា​បន្ត​បន្ទាប់​លើ​ប្រព័ន្ធ​សុខ​ភាព​ដែល​ផុយ​ស្រួយ​រួច​ទៅ​ហើយ​របស់​កម្ពុជា​។

លោ​កស្រី​Tam​esis​ ថ្លែង​ថា៖ «ដូច្នេះ​ អា​ទិភាព​គឺ​ចាំបាច់​ត្រូវ​ពង្រឹង​វិធានកា​រ​ទប់​ស្កាត់និង​ការ​ការ​ពារ​ប្រកប​ដោយ​ភាព​ឆ្លាត​វៃ ​ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​បំប្លែង​ខ្លួន​ថ្មី​ចូលក្នុង​សហគមន៍​ជា​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា»។

អង្គ​ការ​សហប្រជា​ជាតិ​ប្រចាំ​កម្ពុជា​បានប​ញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌​មាន​ថាពលករ​ចំណាក​ស្រុក​ទៅ​កាន់​ប្រទេស​ថៃ មាន​លទ្ធ​ភាព​ទទួល​បាន​ការ​ធ្វើ​តេស្ត ​និង​ការ​ព្យា​បាល​ជំងឺ​កូ​វីដ១៩មាន​កម្រិត ហើយ​ពល​ករ​ចំណាក​ស្រុក​ជា​ច្រើន​មិន​អាច​ប្រកាន់​ខ្ជាប់​នូវ​ការ​ណែនាំ​សុខាភិ​បាល​សា​ធារណៈ ​ដោយ​សារ​ស្ថាន​ភាព​ជីវភាព ​និង​ការងារ ខណៈ​អ្នក​ដែល​ធ្វើ​តេស្ត​ឃើញ​វិជ្ជ​មាន​កូ​វីដ​១៩​ មិន​អាច​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​បាន​។

ប្រធាន​​បេសក​កម្ម​នៃ​អង្គការ​ទេសន្តរ​ប្រវេសន៍ អន្តរ​ជាតិ ​(IOM) ប្រចាំ​កម្ពុជា លោក​ស្រី គ្រីស្ទី​ន ប៉ា​កូ (Kristin Parco)ថ្លែង​ក្នុង​ពិធី​នេះថា កម្មវិធី​រួម​នេះ​នឹង​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​ការគ្រ​ប់គ្រង​ប្រព័ន្ធ​សុខាភិ​បាល​នៅ​ច្រក​ព្រំដែន ​សំដៅ​បង្កើត​សង្គម​មួយ​ឱ្យ​កាន់​តែ​មាន​និរន្តរ​ភាព មាន​ភាព​ធន់ និង​មាន​បរិ​យា​ប័ន្ន​។

លោក​ស្រី​ថ្លែង​ថា៖ «ក្នុង​រយៈពេ​ល​វែង កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​យើង ​ជាពិ​សេស​ការដឹក​នាំរ​បស់​រដ្ឋ​បាល​ថ្នាក់​មូល​ដ្ឋាន ​និង​ដំណោះ​ស្រាយ​ពហុ​វិស័យ​ គឺមាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​ការត្រៀម​លក្ខណៈ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋា​ន ព្រម​ទាំង​ពង្រឹង​សមត្ថ​ភាព និង​យន្ត​ការ​ការឆ្លើយ​តប​ រួមទាំង​ការ​ឆ្លើយត​ប​នាពេល​អនា​គត​ចំពោះ​វិបត្តិ​ប្រហាក់​ប្រហែល​»។

​លោក Atsushi Karimata ​អនុប្រ​ធាន​បេសកក​ម្ម​ស្ថានទូ​ត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែង​ក្នុង​ពិធី​នេះ​ថា ​ការធានា​នូវ​ការ​ឆ្លើយ​តប​ផ្នែក​សុខភាព​នៅ​ច្រកព្រំដែន​ដើម្បី​ទប់​ស្កាត់​ការរីក​រា​លដាល​នៃ​ជំងឺ​កូ​វីដ១៩ ជាពិ​សេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី​គឺជា​រឿង​ចាំបាច់​ក្នុង​ការ​កា​រពារ​អា​យុ​ជីវិត​ទាំង​ពលករ​ចំណាក​ស្រុកនិង​ប្រជាជ​ន​ដែល​រស់នៅក្នុង​​តំបន់​គម្រោង​ផង​ដែរ​។

លោក​ថ្លែង​ថា៖«យើង​ជឿជា​ក់​យ៉ាង​មុតមាំ​ថា​ការរួមចំណែ​ក​របស់​យើង​តាម​រយៈIOMនិង​ក្រុម​ប្រទេស​របស់​អង្គកា​រសហ​ប្រ​ជាជាតិ​ដោយ​មាន​ទស្សន​វិស័យ​សន្តិ​សុខ​ម​នុស្ស​នឹង​ជះ​ផល​យ៉ាង​សំខាន់​ និង​មាន​និរន្តរ​ភាព​ចំពោះ​ស្ថាន​ភាព​ជន​ទេសន្តរ​ប្រវេសន៍​នៅ​តាម​ព្រំដែ​ន ជា​ពិសេស​ជន​ដែល​ងាយ​រងគ្រោះ​ ព្រម​ទាំង​នឹង​រួម​ចំណែក​ដល់​ការ​ពង្រីក​យន្ត​ការ​ការ​ពារ និង​គ្រប់​គ្រង​ជំងឺ​រាតត្បា​ត»​។

គួរ​បញ្ជាក់​ថា គោល​បំណង​នៃ​កម្មវិធី​នេះ​មាន២ ​គឺ​ទី១​លំហូរ​ពលករ​វិល​ត្រឡប់​តាម​ព្រំដែន​មាន​ភាព​ប្រសើ​រឡើង​ក្រោម​ការ​គ្រប់​គ្រង​ប្រកប​ដោយ​ភាពថ្លៃ​ថ្នូរ​ និង​ស្រប​តាម​គោលកា​រណ៍​ណែនាំ​ផ្នែក​សុខភាព។​ គោល​បំណង​ទី២គឺ ប្រព័ន្ធ​ច​ត្តា​ឡី​ស័ក​និង​ការ​វិល​ត្រឡប់​ប្រកប​ដោយ​ភាពស​មរម្យ​ ត្រូវបាន​រៀបចំ​សម្រាប់​ពលករ​វិល​ត្រឡប់​ឱ្យ​សម​ស្រប​តាម​តម្រូវ​ការ​ផ្នែក​សុខ​ភាព ​សុខុមាល​ភាព ​និង​កិច្ច​ការ​ពារ​ត្រឹម​ត្រូវ​។

លោកស្រី​ ប៉ុណ្ណ សំខាន់ អគ្គលេ​ខាធិកា​រ​នៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ​(គ.ជ.ប.ជ)​ថ្លែង​ក្នុង​ពិធី​នេះ​ថា ​តាម​រយៈ​ការ​ជួយ​គាំទ្រ​របស់​រាជរ​ដ្ឋាភិបា​ល​កម្ពុជា កម្មវិធី​នេះ​នឹង​ជួយ​កាត់​បន្ថយ​ហានិ​ភ័យ​នៃ​កា​រឆ្លង​រីក​រាល​ដាល​ក្នុង​សហ​គមន៍​ទ្រង់​ទ្រាយ​ធំ ដោ​យសារ​តែ​ភាព​ធូរស្រាល​ក្នុងការ​ចល័តរ​បស់​ប្រជាជ​ន។​

លោកស្រី​​ថ្លែងថា៖ « ​គ.ជ​.ប.ជ​នឹង​បន្ត​ចូលរួ​ម​គាំទ្រ​សហ​ការ​សម្របស​ម្រួល និង​ជំរុញ​គម្រោង​ថ្មី​នេះ​ឱ្យ​សម្រេច​ទៅ​តាម​គោល​បំណង​ទាំង​២​​ខាង​លើ»៕