
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ រូបថត ក្រសួងវប្បធម៌
ភ្នំពេញៈ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងវិស័យសិល្បៈផ្នែកផលិតវីដេអូអប់រំខ្លីៗ ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំ ដើម្បីទប់ស្កាត់អំពើហិង្សា លើស្ត្រីនិងកុមារ ខណៈដែលលោកស្រីលើកឡើងថា ភាពយន្ត ឬវីដេអូមួយចំនួន បានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឱ្យក្មេងៗជំនាន់ក្រោយអនុវត្តតាម ។
លោកស្រី ភឿង សកុណា បានជំរុញបែបនេះ ក្នុងសិក្ខាសាលាស្តីពីតួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់ អំពើហិង្សាលើស្ត្រី និងកុមារតាមរយៈ វីដេអូខ្លី នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
លោកស្រីបានលើកឡើងថា បច្ចុប្បន្ន វិស័យភាពយន្តនៅកម្ពុជា មានការរីកលូតលាស់ច្រើន គួរជាទីមោទនៈ ក្នុងនោះការផលិតវីដេអូកម្សាន្ត នៅលើបណ្តាញសង្គមនានា ជាលក្ខណៈបុគ្គល ឬក្រុមក៏មានច្រើនគួរឱ្យកត់សម្គាល់ដែរ។
ប៉ុន្តែ ការខិតខំប្រឹងប្រែងរបស់ផលិតករ អ្នកនិពន្ធ ម្ចាស់ផលិតកម្ម និងអ្នកផលិតមាតិកាកម្សាន្ត លើបណ្តាញសង្គមជាច្រើន ដែលបានផលិតជាភាពយន្ត ឬវីដេអូវែងឬខ្លី ដែលមានការបញ្ចូលខ្លឹមសារអប់រំ ស្តីពីតម្លៃស្ត្រី និងការទប់ស្កាត់អំពើហិង្សាលើកុមារជាដើម គឺនៅមានចំនួនតិចតួចនៅឡើយ។
លោកស្រីថ្លែងថា៖«ភាពយន្ត ឬវីដេអូមួយចំនួន បានបង្កើតឱ្យមានវប្បធម៌ហិង្សា ការសងសឹក ការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន និងអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរ ដែលជាវប្បធម៌មួយមិនល្អ នាំឱ្យក្មេងៗជំនាន់ក្រោយ បែរជាយកមកចម្លង និងអនុវត្តតាម» ។
ដូច្នេះក្នុងនាមជាថ្នាក់ដឹកនាំក្រសួង លោកស្រីរដ្ឋមន្ត្រី បានស្នើសុំដល់គ្រប់ភាគីដែលពាក់ព័ន្ធ ត្រូវខិតខំបន្ថែមទៀត ក្នុងការបញ្ចូលខ្លឹមសារអប់រំ នៅក្នុងបណ្តាភាពយន្ត ចម្រៀង និងជាពិសេស បុគ្គលឬក្រុមដែលផលិតមាតិកាកម្សាន្តលើបណ្តាញសង្គម។
លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលក្រុមការងារទទួលបាន នាពេលកន្លងមក និងបានលើកទឹកចិត្ត ក្រុមការងារ ក្នុងការរៀបចំផែនការសកម្មភាពយេនឌ័រ ក្នុងវិស័យវប្បធម៌ និងសិល្បៈ ដើម្បីរួមចំណែកជាមួយដៃគូពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក ផាន់ រុង ជាអ្នកសម្តែងមួយរូប តែងបង្ហោះវីដេអូខ្លីតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា ក្រុមរបស់លោក ធ្លាប់បានធ្វើការសម្តែង និងផលិតវីដេអូរខ្លីអប់រំ អំពីការលើកកម្ពស់សិទ្ធិស្ត្រី និងកុមារ និងការសម្តែងជាសកម្មភាពដែលបង្ហាញពីការទប់ស្កាត់ការប្រើអំពើហិង្សាលើស្ត្រីនិងកុមារ ជាបន្តបន្ទាប់ផងដែរ។
តាមរយៈការជំរុញបន្ថែម ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកផាន់ រុង ប្តេជ្ញាថា នឹងបង្កើតវីដេអូរ ដោយបញ្ចូលខ្លឹមសារ ទប់ស្កាត់អំពើហិង្សាលើស្ត្រីនិងកុមារឱ្យបានច្រើនជាបន្តបន្ទាប់តាមដែលអាចធ្វើទៅបាន។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុក ថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា ក្នុងសម័យបច្ចេកវិទ្យាថ្មីនេះ ជាឱកាសមួយសម្រាប់អ្នកធ្វើការអប់រំផ្សព្វផ្សាយ អាចធ្វើការអប់រំអំពីសិទ្ធិ សេរីភាព ឬវប្បធម៌ ប្រពៃណីជាតិនៅតាមបណ្តាញសង្គម ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ឃើញថា មានការផុស វីដេអូរជាច្រើន ដែលបានរំលោភបំពានទៅលើសិទ្ធិរបស់កុមារ និងរំលោភទៅដល់វប្បធម៌ប្រពៃណីរបស់ ប្រទេសជាតិ។
លោកថ្លែងថា ៖«ចំណុចទាំងអស់នេះ គួរតែមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ និងមានការហាមឃាត់កុំឱ្យរូបភាពខ្លះចេញទៅវាធ្វើឱ្យប៉ះពាល់ដល់ សិទ្ធិកុមារ សិទ្ធិស្ត្រី ក៏ដូចជាវប្បធម៌ប្រពៃណី ដែលយើងឃើញថា រូបភាពខ្លះ វាមិនសមរម្យ។ ខ្ញុំគិតថា គួរតែមានការតាមដានបណ្តាញសង្គម លើវីដេអូរមួយចំនួន ដែលមិនសមរម្យ នឹងមានការផុស» ។
លោក ឃុន ចាន់ឌី អ្នកដឹកនាំសម្តែងម្នាក់ ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១០ ខែឧសថា លោកគាំទ្រចំពោះការផលិតរឿងដោយបញ្ចូលខ្លឹមសារអប់រំ ដែលមានដូចជា ការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងកុមារ។
អ្នកផលិតចាំបាច់ត្រូវមានចំណេះដឹងខាងផ្នែកផលិត ទើបមិនសូវមានការខ្វះចន្លោះ ហើយមួយវិញទៀត ការផលិតកុំគិតតែរឿងឱ្យគេសប្បាយ គឺត្រូវគិតពីគុណភាពសាច់រឿងផងដែរ។
លោកបញ្ជាក់ថា បើចង់បានគុណភាពល្អ អ្នកជំនាញក្រសួងវប្បធម៌ គួរតែមានការតាមដានពិនិត្យឱ្យបានល្អិតល្អន់ ទៅលើអ្នកផលិត។
លោកថ្លែងថា៖ «ទី១គុណភាព នៃការផលិតរឿង វាអាស្រ័យទៅលើគុណភាពនៃអ្នកផលិតដែរ បើសិនជាក្នុងករណីដែលគាត់គ្មានធនធានទេ ទោះបីបើកសិក្ខាសាលា ដប់ម្ភៃដង ក៏មិនបានដូចចិត្តដែលយើងចង់បានដែរ» ។
លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា ចំពោះគ្រប់វីដេអូអប់រំក្រសួងវប្បធម៌បានតាមដានទាំងអស់ ហើយក្រសួងក៏មានក្រុមប្រឹក្សាពិន័យនិងលើកសរសើរផងដែរ នៅពេលឃើញស្នាដៃណាល្អក៏សរសើរតាមការគួរ ចំណែកស្នាដៃណាមិនសមរម្យ គឺមានការពិន័យ។
លោកថ្លែងថា៖«យើងតាមមើលគ្រប់រឿងទាំងអស់ បើអត់តាមយើងម៉េចដឹង ហើយយើងម៉េចមានប្រតិកម្ម»៕
វីដេអូ៖