ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​ ១០ ឧសភា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា ដោយ​លោក​បញ្ជាក់ថា នឹង​ជួប​ជាមួយ​មេដឹកនាំ​សំខាន់ៗ មួយចំនួន​ផងដែរ​។

លោក​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ បន្ទាប់ពី​ចេញដំណើរ​​នា​ព្រឹក​ថ្ងៃទី​ ១០ ឧសភា ថា​៖ «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន កម្ពុជា​ត្រូវ​ធ្វើជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-​អាមេរិក និង​ដើម្បី​រំព្ញក​ខួប​អនុស្សាវរីយ៍​លើក​ទី​ ៤៥ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​ផងដែរ​។ ស្ថិត​​នៅ​ទឹកដី​សហរដ្ឋ​អាមេរិក ខ្ញុំ​នឹង​ជួប​ជាមួយ​មេដឹកនាំ​សំខាន់ៗ​មួយចំនួន ព្រមទាំង​បងប្អូន​ខ្មែរ​អាមេរិកាំង​ដែល​រស់នៅ​ទីនោះ​កំពុង​រង់ចាំ​ទទួល​ខ្ញុំ​»​។

ជាមួយ​នោះដែរ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បន្ត​យកចិត្ត ទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ កុំឱ្យ​ឆ្លង​ជំងឺ​កូវីដ​ ១៩ ហើយ​លោក​បាន​ផ្ញើ​សារ​ជូនពរ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ទាំងអស់​ជួប​នូវ​សេចក្តីសុខ និង​សំណាងល្អ​។

កាលពី​ចុងខែ​មុន លោក ហ៊ុន សែន ប្រកាសថា នៅមុន​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ លោក​គ្រោង​នឹង​ជួប​សំណេះសំណាល​​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក​ក្នុង​ទ្រង់ទ្រាយ​ធំ​ប្រមាណ​ ១ ០០០ ​នាក់​។

ដំណើរ​ចាកចេញ ពី​កម្ពុជា​របស់លោក ហ៊ុន សែន នេះ គឺធ្វើឡើង ​១ ​ថ្ងៃ បន្ទាប់ពី​សព​លោក ​ហ៊ុន ណេង សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​រដ្ឋសភា​ប្រធាន​គណៈកម្មការ​មហាផ្ទៃ​ការពារជាតិ​ និង​មុខងារសាធារណៈ​នៃ​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក​ទើបបាន​បញ្ចុះ​រួចរាល់​កាលពី​ព្រឹក​ថ្ងៃទី​ ៩ ខែឧសភា នៅ​ខេត្តកំពង់ចាម ក្រោយពី​ទទួល​មរណភាព​ដោយ​រោគាពាធ​កាលពី​ល្ងាច​ថ្ងៃទី​ ៥ ខែឧសភា​។

តាមរយៈ​សារ​ជា​សំឡេង​នៅមុន​ចាកចេញ​ពី​កម្ពុជា លោក ហ៊ុន សែន ថ្លែងថា លោក​ពិតជា​មិនទាន់​អស់ចិត្ត​ជាមួយនឹង​ការបំពេញ​កាតព្វកិច្ច​ក្នុងឋានៈ​ជា​ប្អូនប្រុស​ក្នុងការ​ធ្វើបុណ្យ​សម្រាប់​ «​បងប្រុស​ទី​ជា​ស្រឡាញ់​» ​របស់លោក ប៉ុន្តែ​ភារ​-

​កិច្ច​ប្រទេសជាតិ​តម្រូវឱ្យ​លោក​ចាកចេញ​ ដើម្បី​ចូលរួម​បំពេញការងារ​នេះ​ឱ្យ​បានល្អ​ក្នុង​ក្របខ័ណ្ឌ​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​ ២០២២ និង​ជា​សមាជិក​អាស៊ាន ដែល​លោក​ត្រូវតែ​ធ្វើ​ដោយ​ខានមិនបាន​។

លោក​ថ្លែងថា​៖ «​នេះ​គឺជា​ការលំបាក ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​ដើម្បី​ជាតិ មាតុភូមិ ជាពិសេស​គឺ​ជាតិ សាសនា ព្រះមហាក្សត្រ​របស់​យើង​។ ខ្ញុំព្រះករុណា​ខ្ញុំ​នឹងមាន​ឱកាស​ដើម្បី​បាន​ជួប​ជាមួយនឹង​ជនរួមជាតិ​របស់​យើង​នៅឯ​សហរដ្ឋអាមេរិក​។ ល្ងាច​ថ្ងៃទី​ ១០ និង​ថ្ងៃទី​ ១១ [​ឧសភា​] គឺ​ផ្តល់​អាទិភាព​សម្រាប់​​ជំនួប​ជាមួយ​បងប្អូន​ខ្មែរ​យើង​ដែល​ទន្ទឹងរង់ចាំ​ទទួល​ខ្ញុំ​ព្រះករុណា​ខ្ញុំ​នៅ​ទីនោះ​»​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា បន្ទាប់​ទៅ​លោក​នឹង​ធ្វើ​កិច្ចការ​​ទៅតាម​ការរៀបចំ​របស់​ម្ចាស់ផ្ទះ​គឺ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជាមួយនឹង​វត្តមាន​របស់​​លោក​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២​។ ក្រៅពីនោះ​លោក​ក៏មាន​ជំនួប​ផ្សេងៗ​ទៀត ដោយ​រាប់ទាំង​មិត្តភក្ដិ​បរទេស​ដែល​បាន​សន្យា​ទៅ​ជួបគ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន និង​ក៏មាន​ការជួប​ជាមួយ​នឹង​ក្រុម​មិត្តភក្ដិ​ដែលជា​ជនជាតិ​អាមេរិក​ដើម្បី​ធ្វើ​ការងារ​មួយចំនួន​ផងដែរ​។

ក្រសួង​ការបរទេស​កម្ពុជា​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ៩ ខែឧសភា ថា មន្ត្រី​ដែល​អមដំណើរ​លោក​ ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នេះ មាន​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ និង​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយចំនួន​ផ្សេងទៀត​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់ថា លោក ហ៊ុន សែន រួមជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន​ដទៃទៀត​នឹង​ទទួល​ការស្វាគមន៍ និង​ចូលរួម​កម្មវិធី​អាហារ​ថ្ងៃត្រង់​ជាមួយ​សមាជិក​សភា​អាមេរិក​មកពី​គណបក្ស​ទាំង ​២ គឺ​គណបក្ស​សាធារណរដ្ឋ​ និង​គណបក្ស​ប្រជាធិបតេយ្យ​រៀបចំ​ទទួល​ដោយ​លោកស្រី ណាន់ស៊ី ភេឡូស៊ី (Nancy Pelosi) ប្រធានសភា​អាមេរិក​នៅ​វិមាន​រដ្ឋសភា​អាមេរិក ហើយនឹង​ទទួល​ការស្វាគមន៍ និង​ចូលរួម​កម្មវិធី​អាហារ​ពេល​ល្ងាច​រៀបចំ​ដោយ​លោក ចូ បៃដិន​ (Joe Biden) ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​សេត​វិមាន​។

ប្រភព​ដដែល​បន្តថា​៖ «​ថ្នាក់ដឹកនាំ​អាស៊ាន​ក៏​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ធុរកិច្ច​សហរដ្ឋអាមេរិក អំពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ផង​​ដែរ​។ ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ទទួល​ការស្វាគមន៍ និង​អញ្ជើញ​ប្រជុំ​ជាមួយ​លោកជំទាវ​អនុប្រធានាធិបតី​អាមេរិក កាម៉ាឡា ហារីស​ [Kamala Harris] ​ដោយ​​មាន​សម័យប្រជុំ​ពេញអង្គ​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​អាមេរិក ស្តីពី​បញ្ហា​វិធានការ​អាកាសធាតុ ថាមពល​ស្អាត និង​ហេដ្ឋារចនា​សម្ព័ន្ធ​ប្រកបដោយ​ចីរភាព​»​។

ក្រសួង​ការបរទេស​កម្ពុជា​បញ្ជាក់ថា ការជជែក​គ្នា​អំពី​បញ្ហា​តំបន់ និង​អន្តរជាតិ និង​ការនាំ​ភាពជា​ដៃគូ​អាស៊ាន​-​សហរដ្ឋអាមេរិក​ទៅកាន់​កម្រិត​ ១ ​ទៀត ជា​ប្រធានបទ​ដ៏​សំខាន់​​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។ លោក​ ហ៊ុន សែន នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី​វៀតណាម និង​ថ្នាក់ដឹកនាំ​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួនទៀត​ផងដែរ​។

លោក ថុង ម៉េងដាវិត អ្នកសិក្សា​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​មេគង្គ​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ

​ទី​ ១០ ខែឧសភា​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​សហរដ្ឋ​អាមេរិក​នេះ​ជា​សញ្ញា​បង្ហាញ​ការយកចិត្ត​ទុកដាក់​ និង​បេ្តជ្ញាចិត្ត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​។

លោក​បន្តថា នៅក្នុង​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ កម្ពុជា​នឹង​បង្ហាញ​អាមេរិក​ថា កម្ពុជា​គឺជា​ប្រទេស​ជា​មិត្ត​ជាមួយ​បណ្តា​ប្រទេស​នានា​ដែល​គាំទ្រ​ការអភិវឌ្ឍ និង​សន្តិភាព​សកល ដោយ​កម្ពុជា​មិនមាន​បំណង​យក​ប្រទេស​ណាមួយ​ជា​បង្អែក​ទប់ទល់​នឹង​ប្រទេស​ណាមួយ​ឡើយ ពោលគឺ​កម្ពុជា​ត្រូវការ​មិត្ត​ទាំងអស់​ក្នុងការ​ផ្តល់ជំនួយ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។

អ្នកវិភាគ​រូបនេះ​បានបញ្ជាក់​​ថា​៖ «​កម្ពុជា​នឹង​ពិភាក្សា​ជំរុញ​បន្ថែម​ឱ្យ​ក្រុម​វិនិយោគិន​អាមេរិក​មក​បន្ត​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យ​កាន់តែច្រើន ដើម្បី​ឈានទៅរក​ការបង្កើត​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រួមគ្នា​មួយ​រវាង​កម្ពុជា និង​អាមេរិក​នាពេល​អនាគត ជាពិសេស​ក្រោយ​កូវីដ​ ១៩»៕