
សពជនរងគ្រោះដែលជនសង្ស័យកាប់ស្លាប់ពីថ្ងៃទី ៨ ឧសភា។ រូប ហ្វេសប៊ុក
ព្រះវិហារៈ នគរបាលព្រហ្មទណ្ឌ ខេត្តព្រះវិហារកំពុងស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងករណីកាប់បុរសអ្នករើសអេតចាយម្នាក់ស្លាប់ ដែលសង្ស័យថា មកពីរឿងប្រចណ្ឌប្រព្រឹត្តនៅភូមិមហាផល ឃុំ ឈានមុខ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២២។
លោកឧត្តមសេនីយ៍ត្រី សេង ផល្លី ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តព្រះវិហារឱ្យដឹងនៅថ្ងៃទី ១០ ឧសភា ថា ករណីបទល្មើសឃាតកម្មនេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ខេត្តព្រះវិហារកំពុងបន្តបើកការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ។
លោកថ្លែងថា៖ «ករណីហ្នឹងបើតាមរបាយការណ៍បឋមដែលខាងស្រុកបញ្ជូនមកខ្ញុំថា ជារឿងប្រចណ្ឌ ប៉ុន្តែយើងបន្តស៊ើបទៀតសិន។ ករណីនេះសមត្ថកិច្ចយើងកំពុងតែដុតដៃដុតជើងធ្វើការងារនេះហើយ»។
លោក ស៊ុំ លំទោន អធិការនគរបាលស្រុកត្បែងមានជ័យឱ្យដឹងនៅថ្ងៃទី ១០ ឧសភា ថា ជនសង្ស័យឈ្មោះ មុំ ថា អាយុ ៣០ ឆ្នាំ រស់នៅភូមិមហាផល ឃុំឈានមុខ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ រីឯជនរងគ្រោះឈ្មោះ ទុយ តឺ អាយុ ២៥ ឆ្នាំ មានរបរជាអ្នកដើររើសអេតចាយ និងរស់នៅភូមិ-ឃុំ ជាមួយគ្នា។
លោកបន្តថា ជនរងគ្រោះជាអ្នកត្រាច់ចរដើរទិញ និងរើសអេតចាយនៅតាមភូមិ ហើយចៃដន្យនៅវេលាម៉ោងប្រហែលជា ១២ ថ្ងៃត្រង់ ថ្ងៃទី ៨ ឧសភា ជនរងគ្រោះបានរុញរទេះអេតចាយ ហើយប្រហែលជាហត់ក៏ឈប់សម្រាកនៅក្រោមដើមឈើមួយនៅក្បែរផ្ទះជនសង្ស័យ។ ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះកំពុងអង្គុយ ស្រាប់តែយកចម្ពាមបាញ់តម្រង់ទៅជនរងគ្រោះ តែបាញ់មិនត្រូវ។
លោកថា៖ «តាមពិតទៅ អ្នករើសអេតចាយនោះគ្នាអត់ដឹងថា ជនសង្ស័យយកចម្ពាមបាញ់ខ្លួនទេ ហើយគ្នាក៏មិនចាប់អារម្មណ៍ថា ជនសង្ស័យមានបំណងអាក្រក់លើខ្លួនដែរ ហើយគាត់ក៏មិនស្គាល់ជនសង្ស័យទៀត»។
បើតាម លោក លំទោន ដោយសារតែបាញ់ជនរងគ្រោះមិនត្រូវធ្វើឱ្យជនសង្ស័យរឹតតែខឹងខ្លាំង ហើយក៏ទាញកាំបិតផ្គាក់ដេញកាប់ជនរងគ្រោះតែម្តង។ ពេលឃើញជនសង្ស័យដេញកាប់បែបនេះ ជនរងគ្រោះក៏យកដៃរង ហើយក៏ត្រូវបានជនសង្ស័យកាប់ចំ ១ កាំបិត ហើយក៏ព្យាយាមរត់ទៅចូលក្នុងបរិវេណផ្ទះរបស់អ្នកភូមិម្នាក់ដែលមានរបង តែត្រូវជនសង្ស័យតាមទាន់ រីឯម្ចាស់ផ្ទះជាស្ត្រី មិនអាចជួយបាន បានត្រឹមតែស្រែកឃាត់។
លោកបន្ថែមទៀតថា ដោយសារតែជនរងគ្រោះអស់លទ្ធភាពរត់ក៏ត្រូវបានជនសង្ស័យកាប់មិនដកដៃរហូតដាច់ខ្យល់ស្លាប់នៅក្នុងបរិវេណផ្ទះខាងលើតែម្ដង រីឯជនសង្ស័យបានរត់គេចខ្លួនបាត់។ បន្ទាប់ពីកើតហេតុអ្នកភូមិបានទូរស័ព្ទរាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ឃុំឈានមុខ ហើយនគរបាលប៉ុស្តិ៍បានដឹកនាំកម្លាំងចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុប្រហែល ៥ នាទីក្រោយ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានពិនិត្យសាកសពឃើញមានស្នាមកាប់ត្រូវក្បាល និងនៅត្រង់ស្មាមុតរយះជ្រៅជាច្រើនកន្លែង។
លោកបន្តទៀតថា បើទោះបីជាជនសង្ស័យរត់គេចខ្លួនក៏ដោយក៏សមត្ថកិច្ចបានហៅស្ត្រីជាប្រពន្ធរបស់គេមកសាកសួរហើយស្ត្រីរូបនោះបានប្រាប់ថា រវាងជនរងគ្រោះ និងនាង មិនដែលស្គាល់គ្នា ឬក៏មិនធ្លាប់បាននិយាយជាមួយគ្នាបានម្តងណាដែរ។ ម្យ៉ាងប្តីរបស់នាងតែងតែរអ៊ូរទាំថា នាងបានលួចស្រឡាញ់គ្នាជាមួយអ្នករើសអេតចាយម្នាក់នោះទៀតផង៕