
យុវតីដែលស្ថិតក្នុងក្រុមយុវជនសំរាម ប្រមូលកន្ទុយបារីតាមច្រាំងទន្លេ ពីថ្ងៃទី ៧ ឧសភា។ រូប យុវជនសំរាម
ភ្នំពេញៈ ក្រុមយុវជនសំរាមកំពុងបើកយុទ្ធនាការប្រមូលកន្ទុយបារីនៅតាមច្រាំង-ទន្លេក្បែរសណ្ឋាគារសុខាស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលរយៈពេលជាង ១ ខែនៃយុទ្ធនាការនេះ ពួកគេប្រមូលកន្ទុយបារីបានប្រមាណជាង ១០ ម៉ឺនយកទៅរក្សាទុក ដើម្បីរកឱកាសដាក់តាំងបង្ហាញជាសាធារណៈ។ មន្ត្រីបរិស្ថានរាជធានីគាំទ្រសកម្មភាពនេះ ប៉ុន្តែចង់ឱ្យយុវជនសំរាមចូលរួមផ្សព្វផ្សាយអប់រំជាមួយអាជ្ញាធរប្រសើរជាង។
លោក សាន ដារ៉ាវីត ប្រធានក្រុមយុវជនសំរាមថ្លែងនៅថ្ងៃទី ៩ ឧសភាថា ក្រុមយុវជនសំរាមបានបើកយុទ្ធនាការប្រមូលកន្ទុយបារីដែលអ្នកជក់បោះចោលពាសវាលពាសកាលនៅតាមច្រាំងទន្លេក្បែរសណ្ឋាគារសុខារយៈពេលជាង ១ ខែហើយ ដែលចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២២។
លោកបន្តថា ការធ្វើយុទ្ធនាការនេះចង់ឱ្យប្រជាពលរដ្ឋដឹងថា នៅទីតាំងនោះមានការចោលសំរាមយ៉ាងអនាធិបតេយ្យ ជាពិសេសមានការជក់បារីនៅកន្លែងលម្ហែសាធារណៈច្រើននៅទីនោះ។ ការធ្វើយុទ្ធនាការនេះ ក្នុងគោលបំណង ដើម្បីបំផុសស្មារតីឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន ចេះបោះកន្ទុយបារី ឬបោះសំរាមចោលឱ្យចំធុងសំរាម។
លោកប្រាប់ថា ដើមឡើយក្រុមយុវជនសំរាមប្រមូលដោយខ្លួនឯង ប៉ុន្តែក្រោយមកបានបន្ថែមការប្រមូល ដោយធ្វើការទិញពីក្រុមក្មេងអនាថា ក្មេងរើសសំរាមនៅតំបន់នោះ ក្នុង ១ ប្រអប់តម្លៃ ៥ ពាន់រៀល ដែលប្រអប់នីមួយៗអាចដាក់កន្ទុយបារីបានពី ៤០០ ទៅ ៥០០ កន្ទុយ។ ចំពោះកន្ទុយបារីដែលប្រមូលបានលោកយកទៅលក់បន្តក្នុង ១ កន្ទុយលក់ក្នុងតម្លៃ ១០០ រៀល។ លោកបញ្ជាក់ថា អ្នកដែលទិញកន្ទុយបារីគឺជាសប្បុរសជនទូទៅដែលស្រឡាញ់បរិស្ថាន មិនមែនក្រុមហ៊ុនណាមួយទិញយកទៅធ្វើអ្វីនោះឡើយ។
លោក សាន ដារ៉ាវីត ប្រាប់ទៀតថា នៅពេលឃើញការផ្សព្វផ្សាយលក់កន្ទុយបារីក្នុងទំព័រហ្វេសប៊ុកយុវជនសំរាមមានសប្បុរសជនជាច្រើនចូលរួមជាវជាបន្តបន្ទាប់ គិតក្នុងរយៈពេល ១ ខែ នៃការលក់កន្ទុយបារី លោកលក់បានជាង ១០ ម៉ឺនកន្ទុយ គិតជាប្រាក់ជាង ១០ លានរៀល។
លោកថ្លែងថា៖ «យើងលក់ឱ្យសប្បុរសជនមានន័យថា សប្បុរសជន គាត់ទិញកន្ទុយបារីចេញពីច្រាំងទន្លេយកមកដាក់ចូលក្នុងធុងសំរាម។ អ៊ីចឹងពួកយើងគឺជាអ្នកទៅបំផុស។ សប្បុរសជនបានចូលរួមទិញម្នាក់ ២០០ ដើម ឬ ៤០០ ដើម ខ្លះទិញ ១ ០០០ ដើម អ៊ីចឹងទៅ ហើយយើងប្រមូលលុយហ្នឹងមកប្រើប្រាស់សម្រាប់ទិញពីក្មេងអនាថា ក្មេងរើសសំរាមនៅតំបន់នោះ»។
ប្រធានក្រុមយុវជនសំរាមឱ្យដឹងថា ចំពោះកន្ទុយបារី ដែលប្រមូលបានទាំងនោះមិនទាន់មានគម្រោងថានឹងត្រូវធ្វើយ៉ាងណានៅឡើយទេ ប៉ុន្តែក្រុមយុវជនសំរាមចង់ធ្វើការដាក់តាំងពិព័រណ៍នៅទីសាធារណៈឱ្យប្រជាពលរដ្ឋបានឃើញ ដើម្បីពញ្ញាក់ស្មារតី។
លោក ដារ៉ាវីត បញ្ជាក់ថា៖ «កន្ទុយបារីខ្ញុំទុកនៅផ្ទះខ្ញុំ។ ឥឡូវហ្នឹងប្រមូលបានជាង ១០ ម៉ឺនកន្ទុយហើយ។ យើងទុកដើម្បីថ្ងៃណាមួយយើងបង្ហាញសាធារណជនឱ្យបានដឹងថា កន្លែងហ្នឹងមានការប្រើប្រាស់សារធាតុបារីច្រើនកៀកនឹងទន្លេ ទឹកដែលយើងប្រើប្រាស់។ យើងចង់ឱ្យមានការរួមគ្នាដើម្បីដោះស្រាយទាំងអស់គ្នា»។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញថ្លែងនៅថ្ងៃទី ៩ ឧសភាថា មន្ត្រីបរិស្ថានបានធ្វើការផ្សព្វផ្សាយអប់រំណែនាំឱ្យគ្រប់មជ្ឈដ្ឋានចូលរួមធ្វើសកម្មភាពសម្អាតបរិស្ថានបែបនោះជាច្រើនរួចមកហើយ។ ចំពោះសកម្មភាពរបស់យុវជនសំរាមនេះ គឺជាការចាប់ផ្តើមដ៏ល្អមួយក្នុងការចូលរួមបំផុសឱ្យមានការចូលរួមស្រឡាញ់បរិស្ថាន។ ប៉ុន្តែទន្ទឹមនឹងនេះ ក្នុងនាមមន្ទីរបរិស្ថានរាជធានីភ្នំពេញ លោកចង់ឱ្យយុវជនសំរាមចូលរួមជាមួយអាជ្ញាធរថែមទៀតទើបជារឿងល្អប្រសើរជាង។
លោកថ្លែងថា៖ «ការដែលយើងទៅរើសខ្លួនឯងផ្ទាល់បែបនេះ វាមិនអាចជាចំណុចដែលល្អប្រសើរខ្លាំងបានលទ្ធផលច្រើនជាងធ្វើការអប់រំផ្សព្វផ្សាយនោះទេ។ សកម្មភាពនៃការប្រមូលសំរាម យើងត្រូវដឹងថាក្នុងរាជធានីភ្នំពេញមាន ១ ថ្ងៃជិត ៣ ពាន់តោនឯណោះ ថ្ងៃខ្លះដល់ ៣ ពាន់តោន។ គាត់ទៅធ្វើរូបភាពបែបនេះ គ្រាន់តែបង្ហាញនៃការចូលរួមផ្នែកតូចមួយទេ»។
លោកប្រធានមន្ទីរបរិស្ថានឱ្យដឹងថា ដើម្បីបរិស្ថានស្អាត និងបំផុសឱ្យប្រជាជនមានការចូលរួមកាន់តែច្រើនចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ នេះ មន្ទីរបរិស្ថាននឹងសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ចុះអប់រំ ផ្សព្វផ្សាយតាមសាលារៀនក្នុងរាជធានីភ្នំពេញ ចំនួន ២០ សាលានៅតាមបណ្តាខណ្ឌចំនួន ១៥ មានដូចជា ខណ្ឌមានជ័យ ខណ្ឌសែនសុខ ពោធិ៍សែនជ័យ កំបូល ច្បារអំពៅ ជ្រោយចង្វារ ដូនពេញ និងខណ្ឌចំការមនជាដើម។ លោកថា ក្នុងការចុះអប់រំផ្សព្វផ្សាយនេះក៏នឹងមានចែកធុងសំរាមធំៗក្នុង ១ សាលាចំនួន ២ ផងដែរ៕