ភ្នំពេញៈ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សសយក​) វិស័យ​ផែនការ​បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​សប្បុរសជន​ទាំងអស់​ចូលរួម​បរិច្ចាគ​ឈាម នា​ថ្ងៃទី​ ១៣ ខែឧសភា ដោយមាន​កិច្ចសហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានី​ភ្នំពេញ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ផងដែរ​។

សេចក្តី​អំពាវនាវ​កាលពី​ថ្ងៃទី​ ៩ ខែឧសភា បានឱ្យ​ដឹងថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា វិស័យ​ផែនការ​ (​ស.ស.យ.ក​. វិស័យ​ផែនការ​) សហការ​ជាមួយ ស.ស.យ.ក. រាជធានី​ភ្នំពេញ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​រៀបចំ​កម្មវិធី​ផ្តល់​ឈាម ក្រោម​ប្រធានបទ ​«​ផ្តល់​ឈាមស​ង្គ្រោះ​ជីវិត​ខ្ញុំ​» ដែល​នឹង​ធ្វើឡើង​ចាប់ពី​ព្រឹក​ថ្ងៃទី​ ១៣ ខែឧសភា ខាងមុខនេះ នា​ទីស្តីការ​ក្រសួង​ផែនការ​។

លោកស្រី មាសលីន មុនីរ័ត្ន ក្រុមការងារ ស.ស.យ.ក. វិស័យ​ផែនការ ដែលមាន​ឈ្មោះ​ក្នុង​សេចក្តី​អំពាវនាវ​មិនអាច​ទាក់ទង ដើម្បី​សុំ​អត្ថាធិប្បាយ​បានទេ នៅ​ថ្ងៃទី​ ១០ ឧសភា ប៉ុន្តែ​លោកស្រី ដា ដែលជា​ក្រុមការងារ ស.ស.យ.ក. វិស័យ​ផែនការ​នៃ​ក្រសួងផែនការ​ដែរនោះ​បានសរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ដោយ​ធ្វើការ​អំពាវនាវ​ទៅដល់​ថ្នាក់ដឹកនាំ មន្ត្រី​រាជការ សមាជិក សមាជិកា​នៃ​ក្រុមការងារ និង​សប្បុរសជន​ទាំងអស់​ចូលរួម​បរិច្ចាគ​ឈាម​។

លោក​បានសរសេរ​ថា​៖ «​សូមមេត្តា​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ទឹកចិត្ត​ចូលរួម​ធ្វើអំពើ​ល្អ និង​ចែករំលែក​ដល់​សង្គមជាតិ វា​ពិតជា​អាចជួយ​ជីវិត​មនុស្ស​នៅ​ជុំវិញខ្លួន​យើង​បាន ពេលដែល​ពួកគេ​ត្រូវការ ឬ​មាន​បញ្ហា​បាន​គ្រប់ពេល​»​។

បើ​យោងតាម​របាយការណ៍​របស់​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នាបច្ចុប្បន្ន កម្ពុជា​មាន​តម្រូវការ​ឈាម​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ​មាន​ការកើនឡើង​ពី​ ២៥០ ទៅ ៣០០​ ប្លោក ក្នុង​ ១ ​ថ្ងៃ ខណៈដែល​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មាន​ត្រឹម​ ១០​ ភាគរយ​តែប៉ុណ្ណោះ​។

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់ឈាម​ធ្លាប់បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ឈាម​មិនអាច​ផលិត​នៅតាម​រោងចក្រ សហគ្រាស​ផលិត​ឱសថ ឬ​នៅតាម​គ្រឹះស្ថាន​បច្ចេកទេស​វិទ្យាសាស្ត្រ​ណាមួយ​បានឡើយ​។ លោក​បាន​បញ្ជាក់ថា ការទទួល​បាន​ឈាម​សុវត្ថិភាព សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​ជនរងគ្រោះ គឺ​បានមក​អាស្រ័យ​ដោយមាន​ការបរិច្ចាគ​ពី​មនុស្ស​ដែលមាន​សុខភាព​ល្អ​តែប៉ុណ្ណោះ​៕