ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​-១៩​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស បានឱ្យដឹង​នៅ​ថ្ងៃទី​ ៩ ខែឧសភា ថា គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.ប.ក​) ​នឹងមាន​ការប្រជុំ​គ្នា​មួយ​ដើម្បី​ពិភាក្សា​លើ​ការចាក់​វ៉ាក់សាំង​ដូស​ទី​ ៥ ខណៈដែល​អត្រា​នៃ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​នៅ​ទូទាំងប្រទេស​កម្ពុជា​មិនមាន​ករណី​ឆ្លង​ថ្មី​ទេ​ក្នុង​រយៈពេល​ ៣​ ថ្ងៃ​កន្លងមកនេះ​។

លោកស្រី​មាន​ប្រសាសន៍​​ថា​៖ «​កិច្ចប្រជុំ​នៅពេលនោះ​នឹងមាន​ការពិភាក្សា​វែកញែក​គ្នា​បន្ថែមទៀត​ពី​ការពិនិត្យ​ស្រាវជ្រាវ​ទៅលើ​លទ្ធភាព​នៃ​ការចាក់​នូវ​ដូស​ជំរុញ​ដែលជា​ដូស​ទី​ ៥​នេះ​ដល់​មន្ត្រី​ជួរមុខ​របស់​យើង​។ នៅពេលនេះ​ខ្ញុំ​មិន​​អាច​ជម្រាបជូន​បាន​នៅឡើយ​ទេ ដោយសារ​ត្រូវ​រង់ចាំ​ការសម្រេច​របស់​អង្គប្រជុំ​សិន ដែល​នឹង​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​»​។

ប្រធាន គ.វ.ក-១៩​បានបញ្ជាក់​ទៀតថា ក្រុមការងារ​បាន​សិក្សា​រួចហើយ​លើ​ការចាក់​ដូស​ជំរុញ​ជា​ដូស​ទី​ ៥ ​នេះ ប៉ុន្តែ​ត្រូវធ្វើ​ការពិភាក្សា​ក្នុង​កិច្ចប្រជុំ​របស់​គណៈ​ប្រចាំការ​សិន ដែល​កិច្ចប្រជុំ​នេះ​នឹង​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈ​ប្រចាំការ​ផងដែរ​។

គួរបញ្ជាក់​ផងដែរ​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ បានលើកឡើង​កាលពី​ថ្ងៃទី​ ៧ ខែឧសភា​ថា ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ទទួលយក​វ៉ាក់សាំង​ដូស​ជំរុញ​ដែលជា​ដូស​ទី​ ៣ ដូស​ទី​ ៤ ហើយនឹង​អាចឈាន​បន្ត​ទៅរក​ដូស​ទី ​៥ បន្ទាប់ពី​គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំង​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ពិនិត្យឃើញថា​ដល់ពេល​ដែល​ត្រូវ​ចាក់​ដូស​ទី​ ៥ នេះ​បាន​។

ដោយឡែក ទាក់ទង​នឹង​អត្រា​នៃ​ការឆ្លង​មេរោគ​កូវីដ-១៩​ក្នុងប្រទេស​កម្ពុជា​វិញ ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​ជាប់​គ្នា​កន្លងមកនេះ មិនមាន​អ្នក​ឆ្លង​មេរោគ​កូវីដ​នេះ​ទេ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​បានបង្ហាញ​នូវ​សេចក្តី​សប្បាយ​រីករាយ ​និង​ជា​ជោគជ័យ​មួយ​របស់​ប្រទេស​កម្ពុជា​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​តាមរយៈ​សារ​សំឡេង​នា​ព្រឹក​ថ្ងៃទី​ ១០ ខែឧសភា មុនពេល​លោក​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ថា​៖ «​ថ្ងៃនេះ​គឺជា​ថ្ងៃទី​៣​ហើយ ដែល​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​របស់​យើង​មិនមាន​ការឆ្លង​មេរោគ​​កូវីដ ​១៩​។ នេះ​គឺជា​ជោគជ័យ​ដែល​បានមកពី​ការខិតខំ​រួម​របស់​ប្រជាពលរដ្ឋ​របស់​យើង ដែល​ខ្ញុំ​ត្រូវតែ​អរគុណ​ចំពោះ​ព្រះសង្ឃ ប្រជាពលរដ្ឋ​គ្រប់រូប ដែល​បាន​ចូលរួម​សហការ​ក្នុង​ការ​ប្រយុទ្ធ​ជាមួយនឹង​ជំងឺ​ដ៏កាច​សាហាវ​នេះ​»​។

លោក​បាន​បន្តថា ការចាក់​វ៉ាក់សាំង​កូវីដ ​១៩ ជា​គន្លឹះ​មួយ​ក្នុងការ​ទទួលបាន​ជោគជ័យ​បើ​មិនមាន​ការចាក់​វ៉ាក់សាំង​ទេ ប្រជាពលរដ្ឋ​ច្បាស់​ជា​ទទួល​នូវ​មហន្តរាយ​ដែល​វា​នឹង​កើតឡើង​សម្រាប់​ប្រជាពលរដ្ឋ ដូចដែល​បាន​កើតឡើង​កាលពី​ឆ្នាំទៅ​ពេលនេះ​កម្ពុជា​កំពុងតែ​ឆ្លង​ធ្ងន់ធ្ងរ និង​មាន​អ្នកស្លាប់​ជា​​រៀងរាល់ថ្ងៃ​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​តាមរយៈ​នៃ​ការខិតខំ​របស់​ជនរួមជាតិ​របស់​យើង គឺ ប្រទេសជាតិ​ត្រូវ​បានគេច​ផុតពី​សង្គ្រាម​កូវីដ-១៩ ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ ដែល​ក្នុង​រយៈពេល ​៣ ​ថ្ងៃនេះ យើង​ពុំមាន​ករណី​ឆ្លង​ ឬ​ស្លាប់​នោះទេ​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកជំងឺ​ទូទាំង​ប្រទេស​ដែល​កំពុង​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​មាន​ប្រមាណ​ជាង​ ២០ ​នាក់​ប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ទៀតថា​៖ «​នេះហើយ​គឺជា​ជោគជ័យ​ធំ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ក្នុង​កម្រិត​ខ្ពស់ ដោយ​មិនត្រូវ​នាំមក​វិញ​នូវ​ជំងឺ​នេះ​ដែល​ឆ្លង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​សង្ឃឹមថា ប្រជាពលរដ្ឋ​របស់​យើង​នឹង​បន្ត​ទទួលយក​នូវ​វិធានការ​សុខាភិបាល​ដែល​បាន​ដាក់ចេញ និង​ត្រូវ​ដឹង​ពី​របៀប​នៃ​ការរៀន​រស់​ជាមួយនឹង​កូវីដ​ ១៩»​។

ជាមួយ​គ្នានេះដែរ លោកស្រី ឱ វណ្ណឌីន ថ្លែងថា ទោះបីជា​ការទទួល​បាន​លទ្ធផល​ល្អប្រសើរ​ពី​ការគ្រប់គ្រង​ជំងឺ​កូវីដ ​១៩​ នេះ​ក៏ដោយ​ក៏​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវតែ​ប្រកាន់​នូវ​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយសារ​ជំងឺ​នេះ មិនទាន់​ផុតរលត់​ពី​សកល​លោក​នេះ​នៅឡើយ​ទេ​។

លោកស្រី​ថា​៖ «​ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស លទ្ធភាព​នៃ​ការឆ្លង​ឡើងវិញ វា​នឹង​អាច​កើតមាន​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​ទាំងអស់​។ ដូចនេះហើយ​នៅពេល​នេះ ស្របពេល​ដែល​យើង​មិនមាន​ករណី​ឆ្លង​ថ្មី​ជាការ​ល្អប្រសើរ​របស់​យើង​ហើយ ក៏ប៉ុន្តែ​អ្វីដែល​ជាការ​សំខាន់​គឺ​ការបន្ត​និរន្តរភាព​មិន​ឱ្យមាន​ការឆ្លង​នៅ​​ក្នុង​សហគមន៍ កុំឱ្យ​មានការឆ្លង​នៅក្នុង​សហគមន៍​យើង​ឡើងវិញ​»​។

លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់ថា មកទល់​ពេលនេះ មិនមាន​ករណី​ណា​ដែល​ធ្វើឱ្យមាន​ភាព​ធ្ងន់ធ្ងរ និង​មានការ​ព្រួយបារម្ភ​នោះទេ ដោយសារ​របាយការណ៍​ដែល​ចេញមក​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​មិនមាន​ករណី​ស្លាប់​ដោយ​មេរោគ​កូវីដ​ ១៩ នោះទេ​។ អ្នកជំងឺ​ដែល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ក៏​កំពុងតែ​ទទួលបាន​នូវ​ការព្យាបាល​ជា​បន្តបន្ទាប់ និង​មិនមាន​ស្ថានភាព​អី​ដែល​ធ្ងន់​គួរ​ជាទី​កត់សម្គាល់​នោះឡើយ​៕