ភ្នំពេញៈ ក្រសួងបរិស្ថាននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ "សៀវភៅមគ្គុទេ្ទសក៍ស្តីពីគ្រឿងទេសនៅកម្ពុជា” ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងបន្ថែមពីរុក្ខជាតិគ្រឿងទេស ដែលប្រជាជនតែងតែអនុវត្តតាំងពីដូនតា សម្រាប់ធ្វើជាគ្រឿងផ្សំក្នុងម្ហូបអាហារប្រចាំថ្ងៃ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានឱ្យដឹងថា សៀវភៅនេះនឹងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងវេទិកាកេសរកូលជាតិ លើកទី ២ នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ នៅអគារខេមរាសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «មូលហេតុដែលផ្តួចផ្តើមគំនិត និងរៀបចំជា “សៀវភៅមគ្គុទេ្ទសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជា" ដំបូងគេ គឺដើម្បីកំណត់អត្តសញ្ញាណ ចងក្រងទុកជាឯកសារអំពីលក្ខណៈជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹងជាប្រពៃណី និងរបៀបនៃការប្រើប្រាស់ រុក្ខជាតិគ្រឿងទេស ដែលប្រជាជនតែងតែអនុវត្តតាំងពីដូនតា សម្រាប់ធ្វើជាគ្រឿងផ្សំក្នុង ម្ហូបអាហារប្រចាំថ្ងៃ និងជាឱសថថែរក្សាសុខភាព និងព្យាបាលជំងឺ»។
សៀវភៅមគ្គុទេ្ទសក៍ស្តីពីគ្រឿងទេសនៅប្រទេសកម្ពុជានឹងមានចែកជូនដល់សាធារណជនបណ្ដាញសារព័ត៌មានតំណាងស្ថាប័ន និងសិស្សនិស្សិតដែលអញ្ជើញចូលរួមក្នុងវេទិកាកេសរកូលជាតិ លើកទី ២ និងទស្សនាពិព័រណ៍កេសរកូលនៅអគារខេមរានី ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក ដល់ម៉ោង ១៧:០០ នាទី។ សៀវភៅនេះមាន ៨៥ ទំព័រ និងឈ្មោះរុក្ខជាតិចំនួន ៤៣ មុខ ដែលបានណែនាំពីប្រភពដើមនៃរុក្ខជាតិ និងសម្រាប់ប្រើប្រាស់ជាមុខម្ហូបប្រចាំថ្ងៃ និងធ្វើជាឱសថជាដើម។
លោកស្រី រស់ រតនៈស្ថាបនិកម្ហូបខ្មែរ Chef Nak ដែលជាអ្នកស្រាវជ្រាវមុខម្ហូបខ្មែរ និងរុក្ខជាតិយល់ឃើញថា ការចងក្រងសៀវភៅនេះពិតជាមានសារៈសំខាន់ ដើម្បីទុកជាឯកសារក៏ដូចជាផ្តល់ចំណេះដឹងបន្ថែមដល់សាធារណជន។ លោកស្រីថា៖ «ជារឿងមួយល្អដែលក្រសួងមានការចងក្រងសៀវភៅបែបនេះពីព្រោះប្រទេសយើងចាំបាច់ណាស់ត្រូវការចងក្រងជាឯកសារជាអំណះអំណាង ពីព្រោះយើងមិនសូវមានការចងក្រងបែបនេះជាយូរមកហើយ ដោយសារសង្គ្រាម»។ លោកស្រីថា នឹងទៅចូលរួមក្នុងកម្មវិធីសម្ពោធនោះ ដើម្បីទទួលបានចំណេះដឹងបន្ថែម ហើយបន្តចែកជូនដល់សាធារណជន ខណៈលោកស្រីបច្ចុប្បន្នក៏កំពុងសិក្សាស្រាវជ្រាវមុខម្ហូប និងរុក្ខជាតិផ្សេងៗផងដែរ។
ក្រសួងបរិស្ថានឱ្យដឹងថា ការរៀបចំវេទិកាកេសរកូលជាតិលើកទី ២ នេះ គឺដើម្បីធ្វើការផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា។ ក្រសួងបញ្ជាក់ថា៖ «វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានស្គាល់ពីប្រភេទកេសរកូលព្រៃរបស់កម្ពុជា ចែករំលែកព័ត៌មានស្ដីពីវឌ្ឍនភាពនៃការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែនចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិ និងដើម្បីផ្សារភ្ជាប់បណ្តាញអ្នកសិក្សាស្រាវជ្រាវ និងពង្រឹងការអភិរក្សកេសរកូលព្រៃនៅកម្ពុជា»។ ក្នុងវេទិកានេះក៏នឹងមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់រុក្ខជាតិកម្រ រុក្ខជាតិលម្អ និងផលិតផលធម្មជាតិជាច្រើនប្រភេទ ដែលអនុញ្ញាតឱ្យសិស្ស និស្សិត ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនអាចចូលទស្សនាដោយសេរី៕