ភ្នំពេញៈ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​ការខកចិត្ត​ជាខ្លាំង ចំពោះ​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ស្តីពី «​ការបង្ក្រាប​ជា​បន្តបន្ទាប់​ទៅលើ​ក្រុម​អ្នកនយោបាយ​ប្រឆាំង​នៅ​កម្ពុជា​» ដែល​បានអនុម័ត​នៅ​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២២ និង​ប្រកាស​ច្រានចោល​សេចក្តី​សម្រេច​នេះ​ទាំងស្រុង​។ យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃទី​ ៩ ខែឧសភា​នេះ​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​បាន​បញ្ជាក់ថា សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ដែល​បានចេញ​កាលពី​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២២ គឺជា​ការបំភ្លៃ ការ​លម្អៀង មាន​ចរិត​នយោបាយ​ប្រកាន់​ភាគី​ម្ខាងៗ និង​ខ្វះ​ការគោរព​ដល់​រដ្ឋ​អធិបតេយ្យ​។ សេចក្តីសម្រេច​នេះ និង​សេចក្តី​សម្រេច​មុនៗ ដែល​ពាក់ព័ន្ធ​នឹង​កម្ពុជា​មាន​ចេតនា​មើលរំលង​វឌ្ឍនភាព​នៃ​កំណែទម្រង់​លើ​ផ្នែក​សិទ្ធិមនុស្ស​លទ្ធិប្រជាធិបតេយ្យ​ក្នុងប្រទេស​ទាំងស្រុង​។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​អះអាងថា សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​នេះ បានកំណត់​ដែន​និយមន័យ​ឱ្យ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​យ៉ាង​ចង្អៀត ដែលថា ប្រទេស​មួយ​មាន​លទ្ធិប្រជាធិបតេយ្យ​លុះត្រាតែ​មានការ​ចូលរួម​ពី​មេគណបក្ស​ឆ្វេងនិយម និង​ពួក​ប្រជាកល​និយម​មួយ​ក្ដាប់​តូច​តែប៉ុណ្ណោះ ឬ​លុះត្រាតែ​មានការ​អនុញ្ញាត​ឱ្យ​គណបក្សនយោបាយ ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​។

រដ្ឋសភា​បាន​បញ្ជាក់ថា ការរិះគន់​របស់​សភា​អឺរ៉ុប​ចំពោះ​ការគ្រប់គ្រង​ដោយ​ឯកបក្ស គឺជា​ការរិះគន់​ដោយ​គ្មាន​ហេតុផល ដោយហេតុ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ដោយ​ប្រជាជន​កម្ពុជា តាម​លទ្ធិប្រជាធិបតេយ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​របស់ខ្លួន​។

សេចក្ដី​ថ្លែងការណ៍​របស់​​រដ្ឋសភា​បានឱ្យដឹង​ទៀតថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ដៃគូ​អភិវឌ្ឍន៍​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ខិតខំ​ប្រឹងប្រែង និង​បាន​ដាក់ចេញ​វិធានការ​ជាច្រើន ដើម្បី​ធានា​ឱ្យ​ការបោះឆ្នោត ឃុំ​- សង្កាត់ នៅ​ខែមិថុនា នាពេល​ខាងមុខ ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ សន្តិភាព និង​តម្លាភាព ដើម្បី​ធានា​ឱ្យបាន​នូវ​បរិយាកាស​អំណោយផល​ល្អ និង​មានការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា សម្រាប់​គណបក្សនយោបាយ​ដែល​បាន​ចុះឈ្មោះ​ទាំងអស់​តាម​គោលការណ៍​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ និង​គោលនយោបាយ​ពហុបក្ស​។

សេចក្ដី​ថ្លែងការណ៍​រដ្ឋសភា​បញ្ជាក់ថា កម្ពុជា​បានធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​រាល់​អ្នកនយោបាយ​ដែល​ត្រូវបាន​តុលាការ​ហាមឃាត់ ដើម្បី​ឱ្យមាន​នីតិសម្បទា​ឡើងវិញ​ ដើម្បី​អនុវត្ត​សិទ្ធិ​នយោបាយ​របស់ខ្លួន​។ ចំពោះ​ករណី លោក កឹម សុខា ករណី​ជំនុំ​ជម្រះក្ដី​របស់លោក តែង​ធ្វើឡើង​ស្របតាម​គោលការណ៍​តម្លាភាព និង​មានការ​ចូលរួម​ពី​គ្រប់ភាគី​។ ដំណើរការ​ក្ដី​នេះ​បានចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ បន្ទាប់ពី​ស្ថានភាព​ជំងឺ​រាតត្បាត​កូវីដ​ ១៩ នៅ​កម្ពុជា​មាន​ភាពប្រសើរ​ឡើងវិញ​។

សេចក្ដី​ថ្លែងការណ៍​នេះ អះអាង​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​លើ​ការគាំពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ក្រោម​រដ្ឋធម្មនុញ្ញ​ស្របតាម​បរិបទ​សង្គម ប្រវត្តិសាស្ត្រ និង​វប្បធម៌​របស់ខ្លួន​។ រដ្ឋសភា​បញ្ជាក់ថា កម្ពុជា ប្រកាន់​ជំហរ​រឹងមាំ​ក្នុង​ការលើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស ដើម្បី​ធានា​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​សម្រាប់​ប្រទេសជាតិ​។ ការអនុវត្ត​សេរីភាព​នៃ​ការបញ្ចេញមតិ សមាគម និង​ការជួបប្រជុំ​ដោយ​សន្តិវិធី ដោយមាន​ការទទួល​ខុសត្រូវ ស្របច្បាប់ និង​ដែល​មានចែង​ក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ត្រូវបាន​គោរព​។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋសភា​ថ្លែងថា​៖ «​សភា​អឺរ៉ុប គួរ​គប្បី​ផ្តោតលើ​ការដោះស្រាយ​បញ្ហា​ដែលជា​រឿយៗ តាម​រូបភាព​ព័ត៌មាន​ក្លែងក្លាយ ប្រឌិត​ឡើង​ដោយ​ក្រុម​អ្នកនយោបាយ​ឆ្វេងនិយម និង​ពួកប្រជាកល​និយម​មួយចំនួន ហើយ​បាន​បង្កឱ្យមាន​អស្ថិរភាព​សង្គម និង​ការបែកបាក់​សង្គម ក៏ដូចជា​ញុះញង់​ឱ្យ​ប្រជា​ជនបង្ក​អំពើហិង្សា តាមរយៈ​ការចេញ​នូវ​ព័ត៌មាន​មិន​ពិត ការញុះញុង់​ឱ្យមាន​ការស្អប់ខ្ពើម ការ​បង្កាច់បង្ខូច និង​ការរើសអើង​ជាតិ​សាសន៍​»​។

«​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​ជំរុញ​ឱ្យ​សភា​អឺរ៉ុប​មើល​លើ​ទិដ្ឋភាព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​កម្ពុជា​ដោយ​ឥតលម្អៀង និង​ពិចារណា​លើ​បរិបទ​ជាតិ និង​កត្តា​ប្រវត្តិសាស្ត្រ​របស់​យើង ហើយ​គួរ​ចៀសវាង​ការអនុវត្ត​ស្តង់ដា​ ២ ​របស់ខ្លួន​»​។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋសភា​កម្ពុជា​ក៏បាន​អំពាវនាវ​ឱ្យ​សភា​អឺរ៉ុប​ធ្វើ​កិច្ចសហប្រតិបត្តិ​ការពិត​ប្រាកដ ដោយ​គ្មាន​របៀបវារៈ​លាក់កំបាំង​ពីក្រោយ​ណាមួយ​ឡើយ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ពហុភាគី​និយម រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​ដូចជា បម្រែបម្រួល​អាកាសធាតុ ជំងឺ​រាតត្បាត ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​អសន្តិសុខ​ស្បៀង ក៏ដូចជា​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន កំណើន​បៃតង​ប្រកបដោយ​បរិយាប័ន្ន និង​ការអភិវឌ្ឍ​ប្រកបដោយ​​ចីរភាព​។

«​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​កិច្ចសហការ​ជាមួយ​សភា​អឺរ៉ុប ដើម្បី​បង្កើន​ទំនាក់ទំនង​កម្ពុជា​សហភាព​អឺរ៉ុប និង​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហភាព​អឺរ៉ុប ក្រោម​គោលការណ៍​ស្មើភាព​ទាំង​អធិបតេយ្យ ឯករាជ្យ និង​ឈរលើ​មូលដ្ឋាន​នៃ​ការគោរព​គ្នា ការជឿទុកចិត្ត​គ្នា ការ​យោគយល់​គ្នា និង​ការផ្ដល់​ផល​ប្រយោជន៍​ទៅវិញទៅមក ដើម្បី​សន្តិភាព និង​វិបុលភាព​សម្រាប់​មនុស្សជាតិ​»​។ នេះ​បើ​យោងតាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋសភា​។

ថ្លែង​នៅក្នុង​បទអន្តរាគមន៍​ស្តីពី​កម្ពុជា​នៅ​សភា​អឺរ៉ុប កាលពី​ថ្ងៃទី​ ៤ ខែឧសភា​លោក Thierry MARIANI សមាជិកសភា​អឺរ៉ុប​របស់​បារាំង​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប​ឱ្យ​លើកទឹកចិត្ត​កម្ពុជា ក្នុង​កិច្ចអភិវឌ្ឍន៍​ប្រទេស​ជាជាង​អនុវត្ត​គោលនយោបាយ​ស្តង់ដា​ ២ ប្រឆាំងនឹង​កម្ពុជា​។

លោក Thierry MARIANI ថ្លែងថា កម្ពុជា​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​ទ្វីបអឺរ៉ុប ហើយ​ជា​ប្រទេសមួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រក្សា​ទំនាក់ទំនង​ក្នុង​វិស័យ​ជាច្រើន ជាពិសេស​ជាមួយ​បារាំង​។ ដូច្នេះ វា​ជា​រឿង​ធម្មតា​ទេ​ដែល​សហភាព​អឺរ៉ុប​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ប៉ុន្តែ​សហភាព​អឺរ៉ុប​នៅតែ​បន្ត​បដិសេធ​ក្នុង​ការរក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា ខណៈ​ដែល​បង្កើតឱ្យមាន​ស្តង់ដា ២ ជាថ្មី​ម្តងទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅ​វៀតណាម ដែលជា​ប្រទេស​ជិតខាង យើង​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី នោះ​មិនមែនជា​បញ្ហា​ទេ​។ នៅ​ទីនោះ សិទ្ធិ​ជា​មូលដ្ឋាន​មិនសូវ​រីកចម្រើន​ដូច​នៅ​កម្ពុជា​ទេ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​និយាយ​អំពី​លក្ខខណ្ឌ​នៃ​ការបោះឆ្នោត​ដែរ​។ ប៉ុន្តែ​នៅ​កម្ពុជា យើង​បែរជា​ដាក់ទណ្ឌកម្ម ខណៈ​នៅ​វៀតណាម យើង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ ជាថ្មី​ម្តងទៀត នេះ​ជា​ស្តង់ដា​ ២»​។

សភា​អឺរ៉ុប តាមរយៈ​ញត្តិ​មួយ​ដែល​បានអនុម័ត​កាលពី​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​ ២០២២ ​នេះ​បាន​ជំរុញ​ឱ្យ​ប្រទេស​ជា​សមាជិក​ចំនួន ២៧ តាមដាន​ការបោះឆ្នោត​នៅ​កម្ពុជា​ឱ្យបាន​ដិតដល់​។ សហភាព​អឺរ៉ុប បញ្ជាក់ថា ប្រសិនបើ​ការបោះឆ្នោត​ទាំង​ថ្នាក់ក្រោម​ជាតិ និង​ការបោះឆ្នោត​ថ្នាក់ជាតិ នៅពេល​ខាងមុខ​មិន​ប្រព្រឹត្ត​ទៅដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេនោះ ពួកគេ​ស្នើឱ្យ​គណៈកម្មការ​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​បន្ថែមទៀត​។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ថ្លែងថា រឿង​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​នេះ គឺមាន​លក្ខខណ្ឌ​ច្បាស់ ដោយ​បាន​ចែងថា ប្រសិនបើ​ប្រទេស​ទទួលបាន​ការអនុគ្រោះ​ពន្ធ EBA មានការ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ និង​ពាក់ព័ន្ធ​ទៅនឹង​ដំណើការ​ប្រជាធិបតេយ្យ នោះ​នឹង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ទៅតាម​លក្ខខណ្ឌ​ដែល​បានចែង​ហើយ​ដំណើរការ​នៃ​ការផ្ដល់ EBA ដល់​កម្ពុជា តាមរយៈ​ការសម្រេច​របស់​គណៈកម្មការ សភា​អឺរ៉ុប​ទាំង ២៧​។

លោក ប៉ា ចន្ទរឿន បាន​ថ្លែងថា​៖ «​កន្លងមក ការសម្រេច​របស់​សភា​អឺរ៉ុប​ទាក់ទង​នឹង​ការដក EBA ២០ ភាគរយ​ដោយសារ​តែ​គេ​មើលឃើញ​ពី​ការរំលោភ​សិទ្ធិមនុស្ស សិទ្ធិ​ការងារ រួមទាំង​ការធ្លាក់ចុះ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​សភា​អឺរ៉ុប​នេះ​ក៏មាន​ការប្រជុំ ការពិភាក្សា​ច្រើនដង​ដែរ​អំពី​បញ្ហា​កម្ពុជា​នេះហើយ​បានដាក់​នូវ​ការទាមទារ​ឱ្យ​កម្ពុជា គោរព​លក្ខខណ្ឌ​ដែល​កម្ពុជា​ទទួលបាន EBA ពី​សហភាព​អឺរ៉ុប​នេះ​»​។

លោក ប៉ា ចន្ទរឿន ក៏បាន​លើកឡើង​ទៀតថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ប្រឈមមុខ​ទៅនឹង​បញ្ហា​ជាច្រើន ដែល​មិន​ខុសគ្នា​ពី​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត​នៅក្នុង​ពិភពលោក​ដែរ ដែល​ជំងឺ​កូវីដ​ ១៩ បាន​វាយលុក បង្ក​ផលប៉ះពាល់​គ្រប់​វិស័យ​។ ដូច្នេះ​បើ​កម្ពុជា​បាត់បង់ EBA មួយផ្នែក​ទៀត​ ឬក៏​បាត់បង់​ទាំងស្រុង​នៅក្រោយ​ការបោះឆ្នោត​ឆ្នាំនេះ​ ឬ​ឆ្នាំក្រោយ​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​របស់​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ និង​ចំណូល​របស់​រដ្ឋ​ផងដែរ​។

លោក ប៉ា ចន្ទរឿន ថ្លែងថា​៖ «​កម្ពុជា​គួរតែ​ពិនិត្យឡើងវិញ​អំពី​កង្វល់ ក៏ដូចជា​ការលើកឡើង​របស់​សហភាព​អឺរ៉ុប​។ ប្រសិនបើ​យើង​អាច​រក្សា​ការនាំ​ចេញទៅ​អឺរ៉ុប​បាន ហើយ​ការនាំ​ចេញទៅ​អាមេរិក​ក៏​កាន់តែ​រីក​ធំ វា​ជា​ឱកាស​របស់​កម្ពុជា​ទាំង​ការស្ដារ​មុខមាត់​នៅក្នុង​ឆាក​អន្តរជាតិ​រឿង​ការលើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​»៕