
សមត្ថកិច្ចត្រួតពិនិត្យសពក្មេងស្រីរងគ្រោះត្រូវរំលោភសម្លាប់។ រូបថត CPU
សៀមរាបៈ នគរបាលស្រុកក្រឡាញ់នៅថ្ងៃទី ១០ ឧសភា បានបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីចាប់ខ្លួនបាន ១ ថ្ងៃ ករណីរំលោភសេពសន្ថវៈហើយសម្លាប់ក្មេងស្រីម្នាក់អាយុ ១៣ ឆ្នាំ ប្រព្រឹត្តនៅឃុំស្រណាល ស្រុកក្រឡាញ់។
លោក វ៉ាត ធី អធិការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ស្រុកក្រឡាញ់ និយាយប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១០ ឧសភា ថា ជនសង្ស័យ ឈ្មោះ អុក វ័រ ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិ រវៀង ឃុំស្រណាល ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ខ.ម.ថ អាយុ ១៣ ឆ្នាំ រស់នៅឃុំស្រណាល។ លោកនិយាយថា៖ «យើងបានបញ្ចប់ការសាកសួរគាត់ហើយ ហើយយើងបញ្ជូនគាត់ទៅស្នងការដ្ឋាន នគរបាលខេត្តនៅថ្ងៃនេះ (ថ្ងៃទី ១០ ឧសភា)។ ជនសង្ស័យបានឆ្លើយសារភាពអស់ហើយ ទើបយើងសម្រេចបញ្ជូនទៅ»។
បើតាមលោក វ៉ាត ធី កាលពីថ្ងៃទី ៩ ឧសភា បន្ទាប់ពីកើតហេតុបាន ១ ថ្ងៃ ខាងអង្គភាពការពារកុមារ (CPU) របស់ប្រទេសអូស្ត្រាលីរួមជាមួយនគរបាលជំនាញផ្នែកព្រហ្មទណ្ឌ និងនគរបាលកោសល្យវិច័យខេត្តសៀមរាបបានចុះទៅពិនិត្យ សាកសព និងប្រមូលយកភ័ស្តុតាង ដែលពាក់ព័ន្ធបទល្មើសមួយចំនួនយកទៅធ្វើកោសល្យវិច័យមួយដំណាក់កាលទៀត។ ប៉ុន្តែបើតាមនគរបាលជំនាញ និងគ្រូពេទ្យធ្វើកោសល្យវិច័យសាកសពបានពិនិត្យឃើញថា ប្រដាប់ភេទរបស់ជនរងគ្រោះ មានសភាពដាច់រយះខុសប្លែកពីប្រក្រតី ហើយសាកសពស្លាប់ដោយថប់ដង្ហើមដោយសារឈ្លក់ទឹក។
លោកបន្តថា៖ «ខាងអង្គភាព CPU គាត់ចុះមកយកទឹកកាមទាំងក្មេងរងគ្រោះ ទាំងភាគីជនល្មើសយកទៅពិនិត្យទៀតល្ងាចមិញ (ថ្ងៃទី ៩ ឧសភា)។ តែចំពោះលទ្ធផលយ៉ាងណានោះ គឺខាង CPU គាត់យកទៅភ្នំពេញហើយ»។
លោក ភួង ហាន នាយនគរបាលប៉ុស្តិ៍ស្រណាល និយាយនៅថ្ងៃទី ១០ ឧសភា ថា ក្មេងស្រីរងគ្រោះមានបងស្រីម្នាក់ទៀតដែលម្តាយឪពុករបស់ពួកគេបានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ហើយពួកគេទាំង ២ នាក់បងប្អូនរស់នៅជាមួយជីដូនជីតារបស់ពួកគេ នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។ ចំណែកឯក្មេងស្រីរងគ្រោះរៀននៅថ្នាក់ទី ៣ នៃសាលាបឋមសិក្សាក្នុងភូមិ។
លោកឱ្យដឹងថា កាលពីយប់ថ្ងៃទី ៨ ឧសភា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង អ្នកភូមិបាននាំគ្នាចេញឆ្លុះត្រី ឆ្លុះសត្វកង្កែបចាប់ក្តាមនៅតាមវាលស្រែក្នុងភូមិហើយក្មេងស្រីរងគ្រោះក៏ដើរឆ្លុះត្រីកង្កែបបាន និងយកទៅទុកនៅផ្ទះម្តងហើយ តែក្មេងរងគ្រោះ សុំយាយរបស់នាងទៅឆ្លុះម្តងទៀត។ ពេលនោះយាយរបស់ក្មេងរងគ្រោះបានឃាត់ព្រោះយប់ងងឹតខ្លាចគេចាប់រំលោភនាង។ តែក្មេងរងគ្រោះឆ្លើយប្រាប់យាយរបស់នាងវិញថា ពូវ័រ បបួលនាងទៅស្រែមួយទៀត ព្រោះនៅទីនោះមានសត្វកង្កែបច្រើន។
លោកនាយនគរបាលប៉ុស្តិ៍បន្តថា លុះដល់យប់ជ្រៅមិនឃើញក្មេងរងគ្រោះត្រឡប់មកផ្ទះវិញទើបបងប្អូនជីដូនមួយរបស់នាង នាំគ្នាដើររកនៅតាមវាលស្រែក៏ប្រទះឃើញភ្លើងពិល ២ អណ្តែតក្នុងទឹក (ជារបស់ក្មេងរងគ្រោះ ១ និងជនសង្ស័យ ១)។ ពេលនោះ បានដើររកមនុស្សបន្តទៀត ទើបឃើញក្មេងរងគ្រោះដេកស្លាប់ក្នុងទឹកនៅវាលស្រែ។ ភ្លាមៗនោះ ក្រុមសាច់ញាតិក្មេងរងគ្រោះ រាយការណ៍ប្រាប់សមត្ថកិច្ច ហើយលោកបានសាកសួរយាយរបស់ក្មេងរងគ្រោះ ហើយគាត់បានប្រាប់ថា ចៅស្រីរបស់គាត់ទៅជាមួយឈ្មោះ វ័រ។
លោកថា៖ «ក្រោយពីបានតម្រុយមក កម្លាំងយើងបានចុះទៅហៅជនសង្ស័យមកសាកសួរ ហើយគាត់បានឆ្លើយសារភាពថា គាត់ពិតជារំលោភក្មេងមែន ហើយចាប់ក្បាលនាងជ្រមុជទឹករហូតថប់ដង្ហើមស្លាប់»៕