The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អាជ្ញាធរ​ធ្វើ​របាំង​ដែក​ហាម​ឆ្លង​កន្លែង​បាក់​ច្រាំង​ស្ទឹង​ព្រែកត្នោត

អាជ្ញាធរ​ធ្វើ​របាំង​ដែក​ហាម​ឆ្លង​កន្លែង​បាក់​ច្រាំង​ស្ទឹង​ព្រែកត្នោត

Content image - Phnom Penh Post
កន្លែង​បាក់ស្រុត​ច្រាំង​មាត់​ស្ទឹង​ព្រែក​ត្នោត​ចាប់ពី​ស្ពានថ្ម​តាខ្មៅ ប្រវែង ២១០ ​ម៉ែត្រ​។ ហុង មិនា

អាជ្ញាធរ​ធ្វើ​របាំង​ដែក​ហាម​ឆ្លង​កន្លែង​បាក់​ច្រាំង​ស្ទឹង​ព្រែកត្នោត

កណ្តាលៈ ក្រុមការងារ​នៃ​អាជ្ញាធរ​ខេត្តកណ្តាល​បានសម្រេច​ធ្វើ​របង​ដែក​ឃាំង​មិនឱ្យ​មាន​ការឆ្លងកាត់​កន្លែង​បាក់ស្រុត​ច្រាំង​មាត់​ស្ទឹង​ព្រែកត្នោត​ចាប់ពី​ស្ពានថ្ម​តាខ្មៅ​រហូតដល់​វិហារ សាថៃជឺ​ប្រវែង ២១០ ​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ និង​អាច​ផ្អាក​ទីតាំង​ដេប៉ូ​ខ្សាច់​ ១​ កន្លែង​នៅក្បែរនោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើតាម​រដ្ឋបាល​ខេត្តកណ្តាល​។

លោក គ្រុយ ម៉ាឡែន នាយក​រដ្ឋបាល​ខេត្តកណ្តាល​ថ្លែង​នៅ​ថ្ងៃទី ​១០ ខែឧសភា​ថា ក្រុមការងារ​នៃ​អាជ្ញាធរ​ខេត្តកណ្តាល​រួមជាមួយ​ស្ថាប័ន មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ និង​សិក្សា​ស្ថានភាព​ទឹក​ហូរ​ច្រោះ ដែល​ធើ្វ​ឱ្យ​បាក់ស្រុត​ច្រាំង​មាត់ស្ទឹង​ព្រែកត្នោត​ចាប់ពី​ស្ពានថ្ម​តាខ្មៅ​រហូតដល់​វិហារ​លោកតា សាថៃជឺ ដែលមាន​ប្រវែង ២១០​ ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​តាខ្មៅ ក្នុង​ក្រុង​តាខ្មៅ​កាលពី​ព្រឹក​ថ្ងៃទី​ ៩ ខែឧសភា​។

លោក​បន្តថា បន្ទាប់ពី​ពិនិត្យ​មើល​ទីតាំង​ដែល​បាក់ស្រុត​នោះ​ភ្លាមៗ​ ដើម្បី​កុំឱ្យ​មាន​បញ្ហា​បន្ថែមទៀត ក្រុមការងារ​អាជ្ញាធរ​ខេត្ត​សម្រេច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​របាំង​ដែក​ការពារ​ពលរដ្ឋ​ឆ្លង​ចូលទៅ​ទីនោះ ហើយ​អាច​នឹងដាក់​វិធានការ​បញ្ឈប់​ដេប៉ូ​ខ្សាច់​មួយកន្លែង​នៅក្បែរនោះ ដែល​អាច​ប្រឈម​ក្នុងការ​បាក់​ដី​បន្ថែម​ផងដែរ​។ លោក​បាន​បញ្ជាក់ថា យ៉ាងណា​ក៏ដោយ​ក្រុមការងារ មិនបាន​វាយតម្លៃ​ទាំងស្រុង​ថា ការបាក់​ច្រាំង​ស្ទឹង​ព្រែកត្នោត​នោះ​គឺ​ដោយសារ​ដេប៉ូ​ខ្សាច់​នោះឡើយ​។ ការបាក់​ច្រាំង​នេះ​ក៏​អាច​បណ្តាល​មកពី​ការហូរ​ច្រោះ​ដោយសារ​រដូវ​នេះ​មានទឹក​ហូរ​កាត់​ច្រើន​។

លោក​ថ្លែងថា​៖ «​ឥឡូវ​មាន​ប្រភពទឹក​ហូរ​មកដល់​ទៅ​ ២ គឺ​ប្រភពទឹក​ហូរ​មកពី​ខេត្តកំពង់ស្ពឺ​ផង ហើយ​និង​បឹង​ជើងឯក​ផង ដែល​ហូរ​ចូលមក​ស្ទឹង​ព្រែកត្នោត​ឆ្លងកាត់​ក្រុង​តាខ្មៅ​យើង​។ ស្ថានភាព​ទឹក​ផង ក៏ដូចជា​ពាក់ព័ន្ធ​នឹង​បច្ចេកទេស​មួយចំនួន​ផង នៅក្នុង​ទីតាំង​កន្លែង​បាក់ស្រុត​នោះ​»​។

លោកនាយក​រដ្ឋបាលខេត្ត​កណ្តាល​ប្រាប់ថា អាជ្ញាធរ​មូលដ្ឋាន​បានធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ទៅដល់​ប្រជាពលរដ្ឋ​នៅក្បែរ​ទីតាំង​នោះ​រួចហើយ ចំណែក​ប្រជាពលរដ្ឋ​ក៏បាន​ឃើញ និង​បានដឹង​ពី​រូបភាព​នៃ​ការបាក់​ច្រាំង​ផងដែរ ហើយ​នៅ​ទីតាំង​នោះ​ទៀតសោត​ក៏​មិនមាន​ប្រជាជន​ធ្វើ​ចរាចរណ៍​ទៅមក​ដែរ​។

លោក ម៉ៅ ហាក់ អនុប្រធាន​អាជ្ញាធរ​ទន្លេសាប​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែឧសភា​ថា ក្រោយ​ចុះ​ពិនិត្យមើល​ទីតាំង​ដែល​បាន​បាក់ស្រុត​នៅ​មាត់​ស្ទឹង​ព្រែកត្នោត ក្រុម​ការងារ​បាន​ជជែក​គ្នា​ ដើម្បី​រក​វិធានការ​ជួសជុល​ច្រាំង​ដែល​បាក់​នោះ​ឡើងវិញ ប៉ុន្តែ​មិនទាន់មាន​ការសម្រេច​ថា ត្រូវធ្វើ​យ៉ាងណា​នៅឡើយ​ទេ ខណៈ​តាម​ការពិនិត្យ​ជាក់ស្តែង​ទីតាំង​នោះ​មិនទាន់មាន​បញ្ហា​ប្រឈម​ខ្លាំង​នៅឡើយ​។

យ៉ាងនេះ​ក្តី ក្រុមការងារ​ជំនាញ​នៅតែ​បន្តធ្វើ​ការតាមដាន និង​ប្រុងប្រយ័ត្ន ការពារ​ប្រសិនបើ​មាន​ហេតុការណ៍​បន្ទាន់​អ្វីមួយ​កើតឡើង គឺ​ត្រូវ​ចុះ​ដោះស្រាយ​ភ្លាមៗ​។ ការបាក់​ច្រាំង​នេះ​ក៏​ជា​បញ្ហា​មួយ​គួរឱ្យ​បារម្ភ អាច​នឹងមាន​ការបាក់​ថែមទៀត ព្រោះ​ក្នុង​រដូវវស្សា​មានការ​ពិបាក​ក្នុង​ការពារ និង​ជួសជុល​ច្រាំង ហេតុនេះ​មានតែ​ការ​ដោះស្រាយ​ជា​ដំណាក់ៗ​បណ្តោះអាសន្ន ដូចជា​ការដាក់​របាំង​ការពារ និង​ប្រាប់​ពលរដ្ឋ​ឱ្យ​មានការ​ប្រយ័ត្ន កុំឱ្យ​ចូលទៅ​ទីនោះ​ប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ដោះស្រាយ​បណ្តោះអាសន្ន​សិន ព្រោះ​ឥឡូវ​ហ្នឹង​យើង​ដាក់​គ្រឿងចក្រ​អី ទៅធ្វើ​ក៏​ធ្វើ​មិនកើត​ដែរ ហេតុនេះ​យើង​ត្រូវ​ពិនិត្យ​សិក្សា​ឱ្យបាន​ល្អិតល្អន់​សិន​»​។

លោក ជៀម ខូយ ចៅសង្កាត់​តាខ្មៅ ថ្លែង​នៅ​ថ្ងៃទី​ ១០ ខែឧសភា​ថា ពេលនេះ​អាជ្ញាធរ​កំពុង​ធ្វើ​របាំង​ដែក​ការពារ​កុំឱ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ក្បែរ​ច្រាំង​បាក់​នោះ​។ នៅ​ទីតាំង​នោះ​មិន​មានផ្ទះ​ប្រជាពលរដ្ឋ​ដែល​ប្រឈម​ក្នុងការ​បាក់ស្រុត​ឡើយ គឺ​មានតែ​កន្លែង​វិហារ សាថៃជឺ ប៉ុណ្ណោះ ដែលជា​កន្លែង​ប្រជាពលរដ្ឋ​ជា​អ្នកទេសចរ​ឧស្សាហ៍​ចូលទៅ​កម្សាន្ត​។ លោក​ថ្លែងថា​៖ «​យើង​អត់​មាន​បម្រាម​លាយលក្ខណ៍អក្សរ​អី​ទេ គឺ​អនុវត្ត​ជាក់ស្តែង​ដោយ​របាំង​ដែក​តែម្តង​»៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍