ភ្នំពេញៈ តំណាង​អង្គការ​សង្គម​ស៊ីវិល​សហគមន៍​មូលដ្ឋាន និង​ក្រុមយុវជន​ចំនួន​ ២៥ ​នាក់ មកពី​ ១៥ ​ស្ថាប័ន ជិះ​កង់​ចម្ងាយ​ប្រមាណ​ ៦០០ ​គីឡូម៉ែត្រ ដែលជា​ព្រឹត្តិការណ៍​ ១ ប្រើពេល​ ១១​ ថ្ងៃ និង​ព្រឹត្ដិការណ៍​ ១ ​ទៀត គឺ ​«​តោះ​ជិះ​កង់​នៅ​ជុំវិញ​បឹងតាមោក​»​ រាជធានី​ភ្នំពេញ​រយៈចម្ងាយ​ជិត ដោយ​ប្រើពេល​ ១ ​ថ្ងៃ​ ដើម្បី​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ​ ២០២២​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ-​សង្គម​ស៊ីវិល និង​ក្រុមយុវជន​ទាំង​ ១៥ ​ស្ថាប័ន ស្ដីពី​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ ​២០២២ ឱ្យដឹងថា ពួកគេ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំនេះ​រយៈពេល ២៥ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១០ ខែឧសភា ដល់​ថ្ងៃទី​ ៣ ខែមិថុនា ក្រោម​មូលបទ​ស្ដីពី «​លើកកម្ពស់​កិច្ចការពារ​បរិស្ថាន ដើម្បី​ចីរភាព​ធនធាន​ធម្មជាតិ និង​សុខុមាលភាព​មនុស្សជាតិ​»​។ ការប្រារព្ធ​ទិវា​បរិស្ថាន​នេះ​មាន​គោលបំណង​សំខាន់​ចំនួន​ ៣ រួមមាន ទី​ ១ លើកកម្ពស់​ការយល់ដឹង និង​ការចូលរួម​របស់​យុវជន​ក្នុង​កិច្ច​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ តាមរយៈ​សកម្មភាព​ជំរុញឱ្យមាន​ការ​ឈ្វេងយល់​អំពី​ផលប៉ះពាល់​នៃ​ការកាប់បំផ្លាញ​ព្រៃឈើ ការ​លុប​បឹង​ធម្មជាតិ ការប្រើប្រាស់​ប្លាស្ទិក​ និង​ឥន្ធនៈ​ជាដើម​។

ទី​ ២ ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​មន្ត្រី​សាធារណៈ​អនុវត្ត​គោលនយោបាយ​ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​បរិយាប័ន្ន​ក្នុង​កិច្ចការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ ទី​ ៣​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​អនុវត្ត​សិទ្ធិសេរីភាព​របស់ខ្លួន និង​ចូលរួម​លើកឡើង​ពី​បញ្ហា​ទាក់ទិន​នឹង​កិច្ចការពារ​បរិស្ថាន ធនធាន​ធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​ទៅកាន់​អ្នកធ្វើ​សេចក្តី​សម្រេចចិត្ត​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

«​ក្នុងអំឡុងពេល​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​នៅ​ឆ្នាំនេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ក្រុមយុវជន​នៅក្នុង​ប្រទេស​កម្ពុជា​នឹងមាន​ការរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់ ការធ្វើ​យុទ្ធនាការ​នៅលើ​បណ្តាញ​សង្គម និង​កម្មវិធី​សិក្ខាសាលា​នៅ​ថ្ងៃទី​ ២៩ ខែឧសភា ឆ្នាំ ​២០២២ នៅ​រាជធានី​ភ្នំពេញ​»​។ នេះ​បើតាម​សេចក្ដី​ប្រកាស​។

តាម​សេចក្ដី​ប្រកាស​ដដែល ព្រឹត្តិការណ៍​ជិះ​កង់​ចំនួន​ ២ ដែល​នឹង​រៀបចំឡើង គឺ «​ព្រឹត្តិការណ៍​ជិះ​កង់ ៦០០ ​គីឡូម៉ែត្រ​ដើម្បី​បរិស្ថាន​» ដែលមាន​អ្នកជិះ​ចំនួន ២៥ ​នាក់​នឹង​ជិះ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រមាណ​ជា ៦០០ ​គីឡូម៉ែត្រ ដោយ​ប្រើពេល ១១ ​ថ្ងៃ​។ ព្រឹត្ដិការណ៍​មួយទៀត គឺ​ការជិះ​កង់​រយៈ​ចម្ងាយ​ជិត​ដោយ​ប្រើពេល​ចំនួន ​១ ​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ដែលមាន​ឈ្មោះថា «​តោះ​ជិះ​កង់​នៅ​ជុំវិញ​បឹង​តាមោក​»​។

លោក​ ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នា​ថ្ងៃទី​ ១០ ឧសភា​ថា ចំពោះ​ «​ព្រឹតិ្តការណ៍ ជិះ​កង់​ ៦០០ ​គីឡូម៉ែត្រ​ដើម្បី​បរិស្ថាន​» អ្នក​ស្ម័គ្រចិត្ដ​ទាំង ​២៥​ នាក់ ក្នុងនោះ​មាន​ស្ដ្រី ៨ ​នាក់ ដែលជា​តំណាង​មកពី​អង្គការ​សង្គម​ស៊ីវិល​ និង​យុវជន​ទាំង​ ១៥ ​ស្ថាប័ន​។ ការ​ជិះ​កង់​នេះ ចាប់ផ្ដើម​ជិះ​ពី​ប្រមាណ​ម៉ោង ​១ ​រសៀល ថ្ងៃទី​ ១០ ខែឧសភា ដោយ​ចាប់ផ្ដើម​ចេញដំណើរ​ពី​ទីរួមខេត្ដ​កំពង់ធំ​សំដៅទៅ​ខេត្ដ​ព្រះវិហារ ខេត្ដ​ក្រចេះ ខេត្ដ​ស្ទឹងត្រែង ហើយ​ត្រឡប់​មកកាន់​ខេត្ដ​កំពង់ធំ​វិញ​។ លោក​ថ្លែងថា​៖ «​យើង​នឹង​ជិះកង់​តាមផ្លូវ​សាធារណៈ ​ដើម្បី​ទៅកាន់​គោលដៅ​របស់​យើង​។ ការ​ជិះកង់​នេះ គឺ​យើង​ជិះ​វិលជុំ ហើយ​ត្រឡប់​មកកាន់​ខេត្ដ​កំពង់ធំ​វិញ​តែម្ដង​»​។

លោក​បន្តថា​៖ «​ព្រឹត្តិការណ៍​ជិះ​កង់​នេះ គឺជា​សកម្មភាព​មួយ​ដែល​យើង​ចង់​បង្ហាញ​ពី​បញ្ហា​បរិស្ថាន​។ យើង​ដឹង​ហើយ​ថា បញ្ហា​បរិស្ថាន​នេះ គឺមាន​សារៈសំខាន់​ណាស់ ពិសេស​ការប្រើប្រាស់​ប្រេងឥន្ធនៈ ការប្រើប្រាស់​ប្លាស្ទិក សកម្មភាព​បំផ្លិចបំផ្លាញ​ធនធានធម្មជាតិ និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​បង្ក​ផលប៉ះពាល់​ខ្លាំង​ទៅដល់​បរិស្ថាន​»​។

លោក​ គឹម ហុង បញ្ជាក់ថា ព្រឹតិ្តការណ៍ និង​សកម្មភាព​ផ្សេងៗ​នៃ​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំនេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​អំពី​បញ្ហា​បរិស្ថាន លើក​ទឹក​ចិត្ដ និង អប់រំ​តាមរយៈ​ការ​ប្រារព្ធ​ទិវា​នេះ ដើម្បីឱ្យ​សាធារណជន​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លាស្ទិក កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ និង​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ ដែលជា​ចំណែក​យ៉ាងសំខាន់​នៃ​បរិស្ថាន​។

យុវតី​ ធួន ស្រីពៅ សមាជិក​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា ដែល​បាន​ស្ម័គ្រចិត្ដ​ចូលរួម​ក្នុង​ព្រឹតិ្តការណ៍​ជិះ​កង់ ៦០០ ​គីឡូម៉ែត្រ​ដើម្បី​បរិស្ថាន​នេះ លើកឡើងថា​គោលបំណង​នៃ​ការ​ជិះ​កង់ ៦០០​ គីឡូម៉ែត្រ​នេះ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​លើ​ការការពារ​បរិស្ថាន ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក​ក្នុង​បរិយាកាស​។ ការបង្ហាញ​ពី​ការ​ជិះ​កង់ គឺ​បាន​ជួយ​ដល់​សុខភាព​ផងដែរ​។

យុវតី​វ័យ​ ២០ ​ឆ្នាំ មាន​ដើមកំណើត​ពី​ខេត្ដ​សៀមរាប​រូបនេះ​បន្តថា​៖ «​តាមពិតទៅ ខ្ញុំ​ដឹងថា ការ​ជិះ​កង់​រយៈ​ចម្ងាយ​ឆ្ងាយ ៦០០​ គីឡូម៉ែត្រ​នេះ​វា​មានការ​លំបាក ប៉ុន្តែ​វា​ជាការ​ប្ដេជ្ញា​ចិត្ដ និង​ការ​ស្ម័គ្រចិត្ដ​របស់​យើង​។ ដូច្នេះ​ទោះបី​ជួប​ការលំបាក​អ្វី​ក៏​យើង​នៅតែ​ស៊ូ​បន្តទៅទៀត​។ វា​មាន​ការលំបាក​ខ្លះ ប៉ុន្ដែ​យើង​នៅតែ​បន្តធ្វើ​វា ដើម្បី​សម្រេច​គោលបំណង​ក្នុង​ការចូលរួម​ថែរក្សា​ការពារ​បរិស្ថាន​»​។

ទាក់ទង​នឹង​ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក​ឆ្នាំនេះ ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្តបាត់ដំបង​បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​បរិស្ថាន​ពិភពលោក​ឆ្នាំនេះ ក្រោម​ប្រធានបទ «​ថែទាំ​ភពផែនដី ដើម្បី​សុខភាព​យើង​» ផ្តោត​សំខាន់​លើ​ចលនា​កម្លាំង​គ្រប់​ស្រទាប់វណ្ណៈ​ក្នុងការ​ចូលរួម​ធ្វើ​អនាម័យ​បរិស្ថាន ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​ ៥ ឧសភា ឆ្នាំ ​២០២២ វេលា​ម៉ោង​ ៧-៩ ​ព្រឹក នៅ​សួនច្បារ​នាគ​បាញ់​ទឹក​ក្នុង​ក្រុង​បាត់ដំបង​។ ការ​ប្រារព្ធ​ទិវា​បរិស្ថាន​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន​ទៅដល់​សាធារណជន សិស្ស និស្សិត ជាពិសេស ជំរុញ​ចលនា​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការរស់នៅ​ប្រកបដោយ​ចីរភាព​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាមពិត​កម្មវិធី​នេះ នឹង​ប្រារព្ធ​នៅ​ថ្ងៃទី​ ៥ ខែមិថុនា ដែលជា​ថ្ងៃ «​ទិវា​បរិស្ថាន​ជាតិ និង បរិស្ថាន​ពិភពលោក​ ៥ មិថុនា​»​។ ប៉ុន្តែ​ដោយសារ​ថ្ងៃទី​ ៥ មិថុនា ចំ​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដូច្នេះ​បានជា​ក្រសួង​បរិស្ថាន រំកិល​មក​ធ្វើ​កម្មវិធី មុនពេល​វេលា ព្រោះ​បើ​ធ្វើ​ក្នុង​អំឡុងពេល​បោះឆ្នោត​នោះ​ជាប់​ពាក់ព័ន្ធ​ការឃោសនា និង​ការបោះឆ្នោត​៕