បន្ទាយមានជ័យៈ ​ក្រសួង​កិច្ចការនារី និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កំពុង​បន្ត​រួមគ្នា​បណ្តុះបណ្តាល​​គ្រូ​បង្គោល​នៅ​ថ្នាក់​តំបន់ ប្រឆាំង​គ្រឿងញៀន​ក្នុង​វិស័យ​កិច្ចការនារី​ក្នុង​ខេត្ត​ចំនួន​ ៩ រួមមាន ខេត្តបន្ទាយមានជ័យ ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគិរី ឧត្តរមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ព្រះវិហារ ដើម្បី​លើកកម្ពស់​ការចូលរួម​របស់​នារី​ក្នុងការ​ចូលរួម​ទប់ស្កាត់​ការប្រើប្រាស់ និង​ការ​ចែកចាយ​គ្រឿងញៀន បន្ទាប់ពី​បាន​រកឃើញ​​ស្ត្រី​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​ជាច្រើន​មាន​ជាប់ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន​។

លោកស្រី ឡុង សុផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី​ថ្លែង​ក្នុង​វគ្គបណ្តុះបណ្តាល​នៅ​ខេត្ត​បន្ទាយមានជ័យ​នៅ​ពីថ្ងៃ​ទី​ ១០ ខែឧសភា​ថា តាម​ការចុះ​សិក្សា​ពី​ស្ថានភាព​ស្ត្រី​ជាប់ឃុំ​នៅតាម​ពន្ធនាគារ​ចំនួន​ ២៨ នៅ​ទូទាំង​ ២៥ រាជធានី​-​ខេត្ត រកឃើញ​ថា ស្ត្រី​កំពុង​ជាប់ពន្ធនាគារ​ភាគច្រើន​បាន​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​ការជួញដូរ ចែកចាយ និង​រក្សាទុក​គ្រឿងញៀន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ក្រុមគ្រួសារ​របស់គេ និង​សង្គមជាតិ​ទាំងមូល​។

លោកស្រី​បាន​បន្តថា «​ដូច្នេះ វគ្គបណ្តុះបណ្តាល​គ្រូបង្គោល ថ្នាក់​តំបន់​ធ្វើឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍​ចំណេះដឹង​ដល់​មន្ត្រី​កិច្ចការនារី ដើម្បីឱ្យ​ប្រតិបត្តិករ​ទាំងនេះ យកទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ផ្តល់​ចំណេះដឹង និង​កៀរគរ​ការចូលរួមរ​បស់​ស្ត្រី ជា​លោកយាយ អ៊ំស្រី ម្តាយ ម្តាយមីង បងប្អូន​ស្ត្រី​ឱ្យបាន​កាន់តែ​សកម្ម​បន្ថែមទៀត​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទប់ស្កាត់​ការប្រើប្រាស់ រក្សាទុក និង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​ឱ្យ​អស់ពី​សហគមន៍​យើង »​។

បើតាម​លោកស្រី ឡុង សុផល្លី រហូតមកទល់​ពេលនេះ​មាន​បណ្ដា​ខេត្ត​ចំនួន ​៩ ដែល​ក្រសួង​បាន​សហការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ថ្នាក់​តំបន់​នេះ ក្នុងនោះ​រួមមាន ខេត្តបន្ទាយមានជ័យ ព្រៃវែង កំពង់ចាម រតនគិរី មណ្ឌលគិរី ​ឧត្តរមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ និង​ព្រះវិហារ ។

លោកស្រី រស់ សុផានី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​ដែរ​ថា គ្រឿងញៀន​ជា​មូលហេតុ​មួយ​ដែល​ជំរុញ និង​បង្កឱ្យមាន​បទល្មើស​ផ្សេងៗ គំរាមកំហែង​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សហគមន៍ ដែល​បញ្ហា​នេះ ខេត្ត​បាន​បន្ត​រួមចំណែក​ជាមួយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ទប់ស្កាត់ បង្ការ បង្ក្រាប និង​ព្យាបាល​អ្នកញៀន​គ្រឿងញៀន ហើយ​បាន​បន្ត​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​ទិស​ស្លោក​ប្រឆាំង​គ្រឿងញៀន ៣ ​កុំ ១ ​រាយការណ៍​។

លោក លឹម តុងហួត តំណាង​មកពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី និង​ជា​សមាជិក​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​បាន​ចូលរួម​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ពហុវិស័យ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​របស់​រាជរដ្ឋាភិបាល​នៅ​គ្រប់​ដំណាក់កាល​។

លោក​បន្តថា ការចូលរួម​សកម្មភាព​គ្រប់​សមាសភាព​ក្នុង​សហគមន៍​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​បញ្ហា​គ្រឿងញៀន​ទាំង​ទីក្រុង​ និង​ទីជនបទ ដែល​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ក្នុងនោះ មាន​យុវជន យុវនារី ដែល​តម្រូវឱ្យ​យើង​ត្រូវតែ​រួមគ្នា​ដោះស្រាយ​។

យោងតាម​របាយការណ៍​ឆ្នាំ​ ២០២១ ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន កម្ពុជា​គ្រប់គ្រង​អ្នក​ប្រើ និង​អ្នកញៀន​គ្រឿងញៀន​ចំនួន ១៦ ២៦៤ ​នាក់ ដែល​ក្នុងនោះ មុខរបរ​មន្ត្រីរាជការ​ ២ ​ភាគរយ សិស្សានុសិស្ស ៣​ ភាគរយ កម្មករ​ ២៥ ​ភាគរយ អ្នកជំនួញ ​៧ ​ភាគរយ មុខរបរ​មិន​ពិតប្រាកដ ៣៤ ​ភាគរយ ជនអនាថា ១០ ​ភាគរយ និង​ផ្សេងៗ ​១៩ ​ភាគរយ​៕