កំពតៈ ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ខេត្តកំពត ដែលមាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ២​ពាន់​ម៉ែត​គុប​ក្នុង​មួយថ្ងៃ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ ថែមទាំង​ផ្គត់ផ្គង់​ដល់​ភូមិសាស្ត្រ​ខេត្តតាកែវ​ដែល​នៅក្បែរនោះ​ផងដែរ​។​

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ស្ថិតនៅ​ស្រុក​ជុំ​គិរី ខេត្តកំពត ធ្វើឡើង​កាលពី​ថ្ងៃទី​១០​ខែឧសភា​នេះ លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​ថ្លែងថា រោច​ចក្រ​ផលិត​ទឹកស្អាត​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​មូលដ្ឋាន រួមទាំង​កងទ័ព​ដែល​ឈរជើង​ប្រចាំការ​នៅ​តំបន់​នោះ​ផងដែរ​។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នេះ​ជា​សមិទ្ធិផល​មួយទៀត​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត​កំពត សំដៅ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ រាប់ទាំង​ប្រជាពលរដ្ឋ​ដែល​នៅ​ទីប្រជុំជន​ក្បែរ​នោះ ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ​ផងដែរ​»។

លោក​បន្តថា លើសពីនេះ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ម្លេ​ច ក៏បាន​ជួយ​បំពេញ​នូវ​សេចក្តីត្រូវការ​ទឹកស្អាត​ជូន​ដល់​មជ្ឈមណ្ឌល​ព្យាបាល និង​ស្តារនីតិសម្បទា និង​កងទ័ព​ក្នុង​កងពលតូច​ថ្មើរ​លេខ​៣១ (​អតីត​កងពលតូច​អន្តរាគមន៍​លេខ​១១) ដែល​កំពុង​ឈរជើង​ការពារ ថែរក្សា​សុខសន្តិភាព​ជា​មួយ​នឹង​ការអភិវឌ្ឍ​នៅ​តំបន់​នេះ​ថែមទៀត។​

នា​ពិធី​នោះ លោក ស៊ឹម ស៊ីថា បាន​ថ្លែងថា ការលេចឡើង​នូវ​រោងចក្រ​ផលិត​ទឹកស្អាត​នេះ ធ្វើឡើង​តាម​ការចង្អុលបង្ហាញ​ក្នុង​ទស្សនៈវិស័យ​គិតគូ​វែងឆ្ងាយ របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ ដែល​បាន​ជំ​រុញឱ្យ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចុះ​ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធភាព រៀបចំ​គម្រោង​ស្នើសុំ​ការអនុម័ត​ពី​ក្រុមប្រឹក្សាភិបាល​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​ធ្វើការ​សាងសង់​រោង​ចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត នៅក្រៅ​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​ជា​លើក​ទី​១ ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​បាក់​នឹម ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្តកំពត សំដៅ​រួមចំណែក​ពង្រីក​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ ជាពិសេស​កងពលតូច​អន្តរាគមន៍​លេខ​១១។​

មន្ដ្រី​សម្របសម្រួល​អង្គការ​អា​ដ​ហុក​ប្រចាំ​ខេត្ដ​កំពត លោក យន់ ផល្លី មានប្រសាសន៍ថា ការរៀបចំ​ប្រព័ន្ធ​ទឹកស្អាត​ម្លេ​ចនេះ វា​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ទូទៅ​នៅ​តំបន់​នោះ ខណៈ​លោក​សង្កេតឃើញថា​ជា​យូរ​ឆ្នាំ​មកហើយ​ពលរដ្ឋ​នៅ​ទីនោះ​ត្អូញត្អែរ​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​។ លោក​ថា​៖«​កន្លងមក​សង្កេតឃើញ​ថា​នៅ​ស្រុក​ឈូក និង​ស្រុក​ជុំ​គិ​រិ ដែល​នៅជាប់​ព្រំប្រទល់​គ្នា​នេះ មានការ​ខ្វះខាត​ទឹក​ប្រើប្រាស់​ក្នុង​មូលដ្ឋាន ហើយ​ការដាក់ឱ្យ​ប្រើប្រាស់​រោងចក្រ​ទឹកស្អាត​ម្លេ​ចនេះ បានន័យថា​ពលរដ្ឋ​នឹងមិន​ព្រួយបារម្ភ​រឿង​ខ្វះ​ទឹក​នោះទេ​»​។​

យ៉ាងណាមិញ​លោក​សង្កេតឃើញថា នៅ​ស្រុក​ខ្លះ តំបន់​មួយចំនួន​មានការ​ខ្វះខាត​ទឹកស្អាត​នៅឡើយ ដោយនៅ​ប្រើ​ទឹក​អណ្តូង ទឹកស្រះ ខណៈ​លោក​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រីក​បណ្តាញទឹក​ស្អា​តប​ន្ថែ​ម​ទៀត​។​

សូមជម្រាបថា រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត " ម្លេ​ច​" និង​ប្រព័ន្ធ​ចែកចាយ​ទឹក ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ ចាប់ផ្តើម​សាងសង់ នៅ​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ​២០១៨ និង​បញ្ចប់​ដំណើរការ​សាកល្បង​ផលិត​ទឹកស្អាត​នៅ​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ដោយ​ចំណាយ​ថវិកា​ប្រមាណ​១០៦៦០​លាន​រៀល មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន ២​ពាន់​ម៉ែត្រគុប ក្នុង​មួយថ្ងៃ។

រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​គូសបញ្ជាក់ថា ថ្នាក់ដឹកនាំ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្ពស់ ទៅលើ​ការផ្គត់ផ្គង់​ទឹកស្អាត ដោយបាន​ខិតខំ​ជំរុញ​ព​ន្លឿ​ន​ការងារ សាងសង់​រោងចក្រ​ផលិត​ទឹកស្អាត ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ ប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ចេរភាព​នៅ​ទូទាំងប្រទេស​៕