កំពង់ស្ពឺៈ ក្រុម​សកម្មជន​បរិស្ថាន​និយាយថា ​ទីតាំង​ឡ​ដុតធ្យូង ​និង​រោងខ្ទម​ខុសច្បាប់​ជាង​ ២០ កន្លែង ​ត្រូវបាន​កម្លាំង​​មន្ត្រី​ឧទ្យា​នុរក្ស​នៃ​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​រុះរើ ​និង​កម្ទេចចោល​ បន្ទាប់​ពី​ម្ចាស់​ទីតាំង​ឡ​ដុតធ្យូង​ទាំងនោះ ​មិន​អនុវត្ត​តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ​ដែល​តម្រូវឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការធ្វើ​អាជីវកម្ម​នេះ ​ព្រោះ​វា​ជាផ្នែក​មួយ​នៃ​ការធ្វើ​ឱ្យ​បាត់បង់​ធនធាន​ព្រៃឈើ​ជាតិ។

លោក​ តាន់ គឹមសួគ៌ ​(Tan Kimsour)​ ជាសកម្មជន​បរិស្ថាន​មកពី​សហគមន៍​ឱរ៉ាល់ ​បាន​រាយការណ៍​លើ​បណ្ដាញ​សង្គម​របស់​លោក​ថា ​នៅ​ថ្ងៃទី ១០​ ឧសភា ​ឆ្នាំ ២០២២ ​លោក​និង​ប្រជាសហគមន៍​ឱរ៉ាល់ ​ព្រមទាំង​មន្ត្រី​ឧទ្យានុរក្ស​នៃ​ការិយាល័យ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​សរុប​ ៣០ នាក់ ​បានរួម​សហការ​គ្នា​ចុះល្បាត​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ​ហើយ​បានរក​ឃើញ​និង​បំផ្លាញ​ចោល​នូវ​ទីតាំង​ឡ​ដុតធ្យូង ​និង​រោងខ្ទម​ខុស​ច្បាប់​ជាង ​២០ កន្លែង ។

លោក​បានបញ្ជាក់​ថា​៖ «ក្នុង​ ១ ឡ​ដុត​ធ្យូង ​គឺ​អាច​ត្រូវបាន​កាប់​បំផ្លាញ​ដើម​ឈើ ​[ជំទង់ៗ]​ ពី​ ២០ ​ទៅ​ ៣០ ដើម»។

បើ​តាម​ការរៀបរាប់​របស់​លោក​គឺមសួគ៌ ​កាលពី​៦ខែ​មុន​ ម្ចាស់​ទីតាំង​ឡ​ដុតធ្យូង​និង​ខ្ទម​ខុស​ច្បាប់​ទាំង​នោះ ​ត្រូវបាន​កម្លាំង​មន្ត្រី​ឧទ្យានុរក្ស ​ចុះធ្វើ​ការ​អប់រំ​ណែនាំ ​និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ខុស​ច្បាប់​នេះ​ម្ដង​រួច​មក​ហើយ។ ក្នុង​អំឡុង​ពេល​នោះ ​ក្រុម​ការងារ​បានផ្ដល់​ឱកាស​ដល់​ម្ចាស់​ឡ​ដុត​ធ្យូង ​និង​ខ្ទម​ខុស​ច្បាប់​ទាំង​នោះ ​ឱ្យធ្វើ​ការរុះរើ​ដោយ​ខ្លួន​ឯង​ ក្រោយពី​ប្រមូល​ផល​ធ្យូង​រួច។ ប៉ុន្តែ​ពួកគេ​មិន​អនុវត្ត​តាម​ការណែនាំ​របស់​សមត្ថកិច្ច ​និង​បន្ត​លួច​ធ្វើសកម្មភាព​កាប់​ឈើ​យក​មក​ដុត​កែ​ច្នៃ​ធ្វើ​ជាធ្យូង​ខុស​ច្បាប់​ទៀត។

លោក​បានបន្តថា ​ក្រុម​មន្ត្រី​ឧទ្យានុរក្ស ​និង​ប្រជាសហគមន៍​ឱរ៉ាល់ ​ក៏បាន​រកឃើញ​ទីតាំង​ដីព្រៃ​រាប់​សិប​ហិកតា ​ត្រូវបាន​ក្រុម​ជន​មិន​ស្គាល់​មុខ​លួច​ទន្ទ្រាន​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់​ផង​ដែរ។

លោក​ឱម ម៉ាក់ធារី ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ ​នៅ​ថ្ងៃទី១១ ​ខែឧសភា ​បានសាទរ​ចំពោះ​កិច្ចខិត​ខំប្រឹង​ប្រែង​រួម​គ្នា​រវាង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន ​និង​ប្រជាសហគមន៍​ឱរ៉ាល់ ​ក្នុង​ការចុះ​ល្បាត​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​ខាង​លើ​នេះ។

លោក​ថ្លែងថា​៖«យើង​លើក​ទឹកចិត្ត​ដល់​មន្ត្រី ​និង​ដៃគូ​សហប្រតិបត្តិការ​របស់​យើង ​ដែល​ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ប្រជាសហ​គមន៍​មូលដ្ឋាន​ផងដែរ ​ដែលបាន​រួមគ្នា​ចុះ​ស្រាវជ្រាវ ​បង្ការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​យើង​ ប្រកប​ដោយ​ប្រសិទ្ធិភាព។ ទោះ​យ៉ាងណា​ខ្ញុំ​នៅ​មិនទាន់​ទទួលបាន​របាយការណ៍​អំពី​ករណីនេះ​ពី​មន្ត្រី​ជំនាញ​យើង​នៅ​ឡើយ​ទេ»។

ចំណែក​លោក​ហ៊ុល ម៉ារ៉ា ​ប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​នៅ​ពេលនេះ​ក្រុម​ការងារ​របស់​លោក ​និង​ប្រជាសហគមន៍​ឱរ៉ាល់ ​កំពុង​បន្ត​ល្បាត​ស្រាវជ្រាវ ​និង​បង្ក្រាប​បទល្មើស​ក្នុង​ព្រៃ​នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​នៅ​ឡើយ ​ដោយ​ការល្បាត​នេះ​មាន​រយៈពេល​៣ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី១០​ដល់​ថ្ងៃ​ទី១២ ​ខែឧសភា ​ឆ្នាំ​២០២២។

លោក​ថ្លែងថា​៖«ជាការ​ពិត ​លោក​តាន់ គឹមសួគ៌ ​គាត់​បានចូល​រួម​ចុះ​ល្បាត​ជាមួយ​ក្រុម​មន្ត្រី​ឧទ្យានុរក្ស​របស់​យើង។ មែន​ ហើយ​តាមរយៈ​ការបង្ហាញ​ទិន្នន័យ​ជំហាន​បឋម ​ដែល​លោក​តាន់ គឹមសួគ៌ ​បានបង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​គាត់​ យើង​រីក​រាយ​ចំពោះ​លទ្ធផល​ការងារ ​របស់​មន្ត្រី​យើង ​រួមទាំង​ប្រជាសហគមន៍ ​ដែលបាន​ចូលរួម ​នៅក្នុង​ប្រតិបត្តិការ​ចុះ​ល្បាត​ព្រៃ​ សម្រាប់​ថ្ងៃ​ទី១០ ​ខែឧសភា ​ឆ្នាំ​២០២២។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ​នៅ​រង់ចាំ​លទ្ធផល​ផ្លូវការ​ពី​មន្ត្រី​យើង​ ក្រោយ​ត្រឡប់​ពី​ល្បាត​ព្រៃ​វិញ»។

លោក​ប្រាប់​ថា​ ជាទូទៅ ​ក្រោយ​រកឃើញ​បទល្មើស​ទាក់​ទង​នឹង​ការកាប់​ទន្ទ្រាន​ដី​ព្រៃ ​ឬ​សង់​ខ្ទម​ក្នុង​ព្រៃ​នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ ​គឺ​មន្ត្រី​ឧទ្យានុរក្ស ​តែងតែ​បន្ត​ស្រាវជ្រាវ​រក​មុខ​សញ្ញា​នៃ​ជនប្រព្រឹត្ត​បទល្មើស ​ដើម្បី​ស្នើសុំ​គោល​ការណ៍​ពី​សមត្ថកិច្ច​នៃ​ស្ថាប័ន​ពាក់ព័ន្ធ ​ដើម្បី​ដក​ហូត​ដីព្រៃ ​ដែលបាន​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​មកជា​សម្បត្ត​រដ្ឋ​វិញ​ ហើយ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស ​ត្រូវ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​មាន​ចំណាត់ការ​បន្ត​តាម​នីតិវិធី៕

វីដេអូ៖