
ស្លាកសញ្ញា នៅក្នុងទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក។ រូបថត ក្រសួងបរិស្ថាន
កំពង់ធំៈ លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការផ្សព្វផ្សាយ លើកកំម្ពស់ការយល់ដឹង ពីការការពារនិងអភិរក្សសត្វស្លាប់ទេសន្តរវេសន៍ ជារឿងសំខាន់ក្នុងការកាត់បន្ថយការគំរាមកំហែង និងការបំពុលទៅដល់ពពួកសត្វទាំងនោះ ដែលធ្វើការផ្លាស់ទីទាំងជិតនិងឆ្ងាយដើម្បីស្វែងរកទីជម្រក និងប្រភពចំណីទៅតាមរដូវកាល ដោយឆ្លងកាត់កម្ពុជា ។
លោក សៅ សុភាព ថ្លែងនៅថ្ងៃទី ១១ ខែឧសភាថា កម្ពុជាបានចូលរួមនៅក្នុងសហគមន៍អន្តរជាតិ ក្នុងការងារផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង អំពីការការពារនិងអភិរក្សសត្វស្លាបទេសន្តរវេសន៍ ដែលជាសត្វធ្វើការផ្លាស់ប្តូរតាមរដូវកាល ហេតុនេះបើមិនមានការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងជាសាធារណៈទេនោះ នឹងអាចនាំឱ្យសត្វស្លាបទាំងអស់នោះ ទទួលរងនូវការគំរាមកំហែង និងជួបនូវបញ្ហាបំពុលផងដែរ។
លោកថា ក្នុងឆ្នាំ ២០២២នេះ ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោក ធ្វើឡើង ក្រោមប្រធានបទ «ផលប៉ះពាល់នៃការបំពុលដោយពន្លឺ លើសត្វស្លាបទេសន្តរប្រវេសន៍»។ កម្ពុជាបានប្រារព្ធទិវាសត្វស្លាបនេះ នៅថ្ងៃទី១០ ខែឧសភា ក្នុងវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានការចូលរួម ពីតំណាងមន្ទីរពាក់ព័ន្ធនៃខេត្តកំពង់ធំ អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន នាយកសាលា តំណាងសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ៤០០នាក់ ។
លោក សៅ សុភាព ប្រាប់ថា គោលបំណងនៃការៀបចំនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់ អវិជ្ជមាននៃការបំពុលពន្លឺលើសត្វស្លាបទេសន្តរប្រវេសន៍ និងចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ។
លើសពីនេះ គឺបង្កើនការយល់ដឹង សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ ព្រមទាំង បណ្តុះគំនិតស្មារតី ដល់សាធារណជន ជាពិសេសសិក្សានុសិស្ស និងសហគមន៍មូលដ្ឋាន ឱ្យចេះស្រលាញ់ ថែរក្សា និងចូលរួមការពារទីជម្រក និងកន្លែងរកចំណីរបស់សត្វស្លាបទេសន្តរប្រវេសន៍ ។
លោកបញ្ជាក់ថា៖«ពន្លឺសិប្បនិម្មិត អាចនាំឱ្យមានការរំខានប៉ះពាល់ដល់ប្រភេទសត្វស្លាបទេសន្តរវេសន៍ ជាពិសេសទេសន្តវេសន៍រយៈចម្ងាយឆ្ងាយ ដែលគាត់មានការវង្វេងទិស ឬក៏មានការប៉ះទង្គិចជាមួយនឹងអគារឬសំណង់ខ្ពស់ៗ និងមានការយល់ច្រឡំនិងរំខានទៅដល់ការកំណត់ពេលវេលាហោះហើររបស់សត្វស្លាប់ទេសន្តរវេសន៍»។
លោករដ្ឋលេខាធិការ ប្រាប់ថា ចំពោះផ្លូវហោះហើររបស់សត្វទេសន្តរវេសន៍នេះ សម្រាប់កម្ពុជាគឺស្ថិតនៅក្នុងបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដែលកម្ពុជាមានច្រើនកន្លែងផងដែរ ។
លោកថ្លែងថា៖«កន្លែងហោះហើរនេះ គឺតំបន់ដីសើមបឹងទន្លេសាបរបស់យើង គឺជាតំបន់មួយ មានសារសំខាន់ ដែលយើងឃើញ មានដូចជានៅតំបន់ព្រែកទាល់ តំបន់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ នៅអន្លង់ព្រីងខេត្តកំពត នៅបឹងស្នេហ៍ព័ន្ធតាឡី ខេត្តព្រៃវែង និងមានមួយកន្លែងទៀតនៅខេត្តតាកែវ» ។
លោក ប៊ូ វរសក្ស នាយកកម្មវិធីប្រចាំកម្ពុជា នៃអង្គការជីវិតសត្វស្លាបអន្តរជាតិ ថ្លែងនៅថ្ងៃទី១១ ខែឧសភាថា អង្គការរបស់លោក សហការជាមួយក្រសួងបរិស្ថាន បានធ្វើសកម្មភាពអភិក្សជាច្រើនចំពោះសត្វស្លាបទេសន្តរវេសន៍ ដែលផ្លាស់ទីមកកម្ពុជា។
សកម្មភាពអភិរក្សនោះ មាននៅតំបន់ព្រែកល្ពៅ តំបន់ភូមិព្រីង និងនៅក្នុងតំបន់បឹងទន្លេសាបមួយចំនួន ដែលគាំទ្រការរស់នៅក្នុងអំឡុងពេលណាមួយ នៃប្រភេទសត្វស្លាបទេសន្តរវេសន៍ ខណៈការគំរាមកំហែងនៅតែបន្តកើតមាន។
លោកប្រាប់ថា៖« កក្តាគំរាមកំហែង ដែលកំពុងកើតឡើងនោះ គឺជាកត្តាដោយប្រយោលគឺ មានការប្រើប្រាស់ជីគីមី ឬថ្នាំគីមីហួសកម្រិតនៅតំបន់ហ្នឹង ចង់មិនចង់គឺប៉ះពាល់ដល់ពួកវា។ មានការទន្ទ្រានយកដី ឬដុតព្រៃ ដែលជាទីជម្រករបស់វា ក្រៅពីនោះក៏មានការដាក់អន្ទាក់ដាក់មង ដើម្បីចាប់ពពួកសត្វទាំងនោះផងដែរ» ៕