ភ្នំពេញៈ ​ក្រសួងបរិស្ថាន​បាន​ចុះ​អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ចំនួន​ ២ ​ជាមួយ​សួន​រុក្ខ​ឧទ្យាន​ KEW ​នៃ​ចក្រភព​អង់គ្លេស​ និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ដើម្បី​បន្ត​អភិរក្ស​ជីវចម្រុះ​ក៏​ដូចជា ស្រាវជ្រាវ​ប្រភេទ​រុក្ខជាតិ​កេសរកូល​ព្រៃ​នៅ​កម្ពុជា​។

ពិធី​ចុះ​អនុស្សរណៈ​នេះ​បាន​ធ្វើឡើង​ក្នុងឱកាស​ដែល​ក្រសួង​បរិស្ថាន​ប្រកាស​ដាក់ឱ្យ​ប្រើ​ជា​ផ្លូវការ “​សៀវភៅ​មគ្គុទ្ទេសក៍​ស្តីពី​គ្រឿងទេស​នៅ​ប្រទេស​កម្ពុជា​"​និង​រៀបចំ​វេទិកា​កេសរកូល​ជាតិ​លើក​ទី​ ២ នៅ​រាជធានី​-​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១១ ខែឧសភា ឆ្នាំ​ ២០២២​។

ក្នុង​ឱកាស​នោះដែរ​ក៏មាន​ការចុះ​អនុស្សរណៈ​រវាង​ក្រសួង​បរិស្ថាន និង​សួន​រុក្ខ​ឧទ្យាន KEW នៃ​ចក្រភព​អង់គ្លេស​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​ការបង្កើត និង​ដំណើរការ​នៃ​ការអភិរក្ស​ជីវចម្រុះ​ក្រៅ​ដែន​ធម្មជាតិ​នៅ​កម្ពុជា​ និង​អនុស្សរណៈ​រវាង​ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ស្តីពី​កិច្ចសហការ​រៀបចំ​ និង​ប្រតិបត្តិការ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព លោក សាយ សំអាល់ បាន​ថ្លែងថា កិច្ចការ​ស្នូល​របស់​ក្រសួង​បរិស្ថាន​គឺ​អភិរក្ស​ជីវចម្រុះ​ប្រកប​ដោយ​ចីរភាព​ដែល​រហូត​មកទល់​ពេលនេះ កម្ពុជា​មាន​ទីតាំង​អភិរក្ស​ជីវចម្រុះ​ចំនួន​ ៧៤ ​ទីតាំង ក្នុងនោះ​មាននៅ​ឧទ្យាន​ជាតិ ដែនជម្រក​សត្វព្រៃ តំបន់​ការពារ​ទេសភាព ព្រមទាំង​ការចុះបញ្ជី​ដីធ្លី និង​ការបោះ​បង្គោលព្រំ​ជាដើម​។ ​លោក​បន្តថា ចំណែក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន ក៏​ជា​ចំណែក​មួយ​នៃ​ការស្តារ​សេដ្ឋកិច្ច​មូលដ្ឋាន​ក៏ដូចជា ចូលរួម​អភិរក្ស​ជីវចម្រុះ​ផងដែរ ដូចជា ផ្កាអ័រគីដេ និង​កេសរកូល ជាដើម​។

លោក​ សាយ សំអាល់ បន្តថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​ក៏បាន​រៀបចំ​ឧទ្យាន​របស់​កម្ពុជា​ទៅតាម​បទដ្ឋាន​បច្ចេកទេស ដែលមាន​កន្លែង​សម្រាក​សម្រាប់​មនុស្ស និង​សត្វព្រៃ និង​បន្ទប់​ទឹក​ជាដើម ដើម្បី​បង្ក​ភាពងាយស្រួល​ ​និង​បង្កើន​ភាពទាក់ទាញ​ដល់​​ភ្ញៀវទេសចរ​ និង​ធានាបាន​ភាពគង់វង្ស​ដល់​ការអភិរក្ស​ធនធាន​ធម្មជាតិ​ និង​ជីវចម្រុះ​នៅ​កម្ពុជា​។

លោក​ថា​៖ «​ថ្មីៗ​នេះ ឧទាហរណ៍​នៅ​ឧទ្យាន​កែប​គឺជា​ការរៀបចំ​មួយ​ដែល​យើង​ប៉ង​ធ្វើ​យូរហើយ​ជា​ឧទ្យាន​មួយ​ផ្សារភ្ជាប់​នឹង​ការរៀបចំ​ក្រុង ហើយ​ក្រុងកែប​ជា​ទីក្រុង​តូច​ច្រឡឹង​មាន​សមុទ្រ ម្ហូប​ឆ្ងាញ់ និង​ជា​កន្លែង​ដែល​ជន​ក្នុងស្រុក និង​ក្រៅ​ស្រុក​ចូលចិត្ត​ទៅ​កម្សាន្ត​។

អ៊ីចឹង​យើង​រៀបចំ​ឧទ្យាន​នេះ​ជា​បំណែក​នៃ​ក្រុង​ហើយ​សង្ឃឹមថា​​ឧទ្យាន​នេះ​នឹង​ក្លាយជា​ជីវិត​ថ្មី​មួយ​របស់​ខេត្ត​ និង​ជា​កន្លែង​ដើរលេង​ក្នុង​ស្តង់ដា​យូរអង្វែង »​។

លោក​បន្ថែមថា ក្រសួង​បរិស្ថាន​ក៏​នឹង​ត្រៀម​រៀបចំ​ឱ្យ​កាន់តែ​ប្រសើរ​នៅតាម​ឧទ្យាន​ជាតិ​មួយចំនួន​ទៀត ដូចជា នៅ​តំបន់​ស្ទឹង​ពពក រមណីយដ្ឋាន​ធម្មជាតិ​គិរីរម្យ និង​រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន​ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ផងដែរ​។

ក្រសួង​បរិស្ថាន​បានឱ្យ​ដឹងថា ការរៀបចំ​វេទិកា​កេសរកូល​ជាតិ​លើក​ទី​ ២​ នេះ គឺ​ក្នុង​គោលបំណង​សំខាន់ៗ​រួមមាន ផ្សព្វផ្សាយ​ឱ្យ​សាធារណជន​បាន​ស្គាល់​ពី​ប្រភេទ​កេសរកូល​ព្រៃរបស់​កម្ពុជា​ និង​ចែករំលែក​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​ការរៀបចំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរកូល សុខ អាន ភ្នំ​គូលែន​។ ចូលរួមចំណែក​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ធម្មជាតិ​ និង​ផ្សារភ្ជាប់​បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ​ និង​ពង្រឹង​ការអភិរក្ស កេសរកូល​ព្រៃ​នៅ​កម្ពុជា​។

ដោយឡែក​សៀវភៅ​មគ្គុទ្ទេសក៍​ស្តីពី​គ្រឿងទេស​នៅ​កម្ពុជា ក្រសួង​បានរៀបចំ​ឡើង ដើម្បី​កំណត់​អត្តសញ្ញាណ ចងក្រង​ទុកជា​ឯកសារ​អំពី​លក្ខណៈ​ជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹង​ជា​ប្រពៃណី​ និង​របៀប​នៃ​ការប្រើប្រាស់​រុក្ខជាតិ​គ្រឿងទេស​នៅ​កម្ពុជា​ដែល​ប្រជាជន​តែងតែ​អនុវត្ត​តាំងពី​ដូនតា​សម្រាប់​ធ្វើជា​គ្រឿងផ្សំ​ក្នុង​ម្ហូបអាហារ​ប្រចាំថ្ងៃ​ និង​ជា​ឱសថ​ថែរក្សា​សុខភាព និង​ព្យាបាល​ជំងឺ​៕