ភ្នំពេញៈ ​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​សម្រេច​បន្ត​កិច្ចសហការ​ជាមួយ​អង្គការ​ River Ocean Cleanup និង​ Everwave ដោយបាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ដើម្បី​ពង្រីក​វិសាលភាព​នៃ​យុទ្ធនា​ការសម្អាត​ទន្លេ​ទៅតាម​បណ្តា​ខេត្ត​នៅ​កម្ពុជា បន្ទាប់ពី​ទទួលបាន​លទ្ធផល​ល្អ​ក្នុង​យុទ្ធនា​ការសម្អាត​ទន្លេ​ទាំង​ ៣ ក្នុង​រាជធានី​ភ្នំពេញ​។

ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​យុទ្ធនាការ​សម្អាត​ទន្លេ ដោយ​ប្រើប្រាស់​ទូក​ប្រមូល​សំរាម​បំពាក់​បច្ចេកវិទ្យា​ថ្មី​របស់​អាល្លឺម៉ង់ CollectiX នៅ​ថ្ងៃទី​ ១០ ខែ​​ឧសភា លោក ជា បូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​ថ្លែងថា សព្វថ្ងៃនេះ យុទ្ធនាការសម្អាត​ទន្លេ​នេះ​កំពុង​អនុវត្ត​យ៉ាងសកម្ម​ជាមួយ​ដៃគូ​អនុវត្តន៍​ក្នុង​ការប្រមូល​សំរាម​ចេញពី​ដង​ទន្លេ​នៅ​រាជធានី​ភ្នំពេញ​។

លោក ជា បូរ៉ា មានប្រសាសន៍​ថា៖ «​ដោយ​មើលឃើញ​ពី​លទ្ធផល និង​សក្តានុពល​នៃ​យុទ្ធនាការ​សម្អាត​ទន្លេ​នេះ ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​បាន​អនុញ្ញាត​ជាគោលការណ៍​ក្នុង​ការបន្ត​កិច្ចសហការ​ជាមួយ​អង្គការ River Ocean Cleanup និង Everwave ដើម្បី​ពង្រីក​វិសាលភាព​នៃ​យុទ្ធនា​ការសម្អាត​ទន្លេ​នេះ ទៅតាម​បណ្តា​ខេត្ត​នៅ​ទូទាំងប្រទេស​កម្ពុជា ក្នុងការ​សម្អាត​ទន្លេ បឹងបួ ដែល​កំពុង​ជួបប្រទះ​បញ្ហា​បំពុល​ដោយ​សំរាម​»​។

យោងតាម​ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១៨ ខែមីនា ឆ្នាំ​ ២០២២ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​សហគ្រាស​សង្គម​, អង្គការ Everwave, អង្គការ River Ocean Cleanup និង​សាលា​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​អនុវត្ត​យុទ្ធនាការ​សម្អាត​ទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

លោក ជា បូរ៉ា បាន​បញ្ជាក់ថា​៖ «​ដូច​​នេះ​ជា​សក្ខីភាព​នៃ​កិច្ចសហការ គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​រួម​នឹង​ក្រសួង​ទេសចរណ៍ ចុះ​អនុស្សរណៈ​យោគយល់​គ្នា ​(MoU)​ ស្តីពី​បេសកកម្ម​សម្អាត​ទន្លេ​ជា​ប្រវត្តិសាស្ត្រ សំដៅ​លើកកម្ពស់​ទីក្រុង​ស្អាត និង​វិស័យ​ទេសចរណ៍​ជាមួយ​នឹង​អង្គការ River Ocean Cleanup និង​ Everwave នៅថ្ងៃនេះ​»​។

ជាមួយ​គ្នានេះ លោក ​ជា បូរ៉ា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ចូលរួម​សម្អាត​ទន្លេ ដងស្ទឹង​បឹងបួ និង​បញ្ឈប់​ការ​ចោល​សំរាម​ឥត​សណ្តាប់ធ្នាប់ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ធម្មជាតិ​ទាំងអស់គ្នា​ ដើម្បី​សម្រេចបាន​នូវ​ភាព​ស្អាត​ដែលមាន​សារៈសំខាន់​បំផុត​ក្នុងការ​ថែរក្សា និង​បង្កើន​ទេសភាព​ស្រស់ត្រកាល បរិស្ថាន​ល្អ អនាម័យ និង​ជា​តម្រូវការ​ចាំបាច់​សម្រាប់​ការជំរុញ​ការស្តារ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ប្រធាន​នាយកដ្ឋាន​សេវា​គាំពារ​ទីក្រុង​ស្អាត និង​ជំរុញ​ការប្រឡង​ប្រណាំង​នៃ​ក្រសួង​ទេសចរណ៍​លោក ហ៊ួត រិទ្ធី បាន​ថ្លែង​ដែរ​ថា យុទ្ធនាការ​សម្អាត​ទន្លេ​នេះ គ្រោង​នឹង​ពង្រីក​វិសាលភាព​ទៅ​ទូទាំង​ប្រទេស​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​បំពុល​ដោយ​សំរាម​នៅក្នុង​ទឹក​។

លោក​បាន​បញ្ជាក់ថា៖ «​ក្នុងន័យនេះ ក្រុម​ការងារ​ស្នើសុំ​កិច្ចសហការ​ពី​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​បណ្តា​ខេត្ត​ទាំងអស់ ដើម្បី​ជ្រើសរើស​ទីតាំង និង​ផ្តល់​កិច្ចសហការ​ដើម្បី​ការអនុវត្ត​យុទ្ធនាការ​នេះ​សម្រេច​បាន​ប្រកបដោយ​ភាពជោគជ័យ​»​។

លោក​ ហ៊ួត រិទ្ធី បានបញ្ជាក់​ទៀតថា ប្រសិនបើ​នៅតាម​ដង​ទន្លេ ឬ​កន្លែង​ណាមួយ​មាន​សំរាម​នៅក្នុង​ទឹក អាជ្ញាធរ​ខេត្ត​នីមួយៗ ឬ​អាជ្ញាធរ​មូលដ្ឋាន​អាច​ស្នើសុំ​ទូក​នេះ ដើម្បី​ចុះទៅ​ប្រមូល​សំរាម​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន ហើយ​ក្រុមការងារ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​នឹង​ផ្ដល់​កិច្ចសហការ​ជាមួយ​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត​ធ្លាប់បាន​លើកឡើងថា យុទ្ធនាការ​សម្អាត​ទន្លេ​មេគង្គ​ទន្លេសាប និង​ទន្លេបាសាក់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​ទូក​ប្រមូល​សំរាម​បំពាក់​បច្ចេកវិទ្យា​ថ្មី​របស់​អាល្លឺម៉ង់​ជា​បេសកកម្ម​ដំបូង​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ក្នុងការ​ចូលរួម​ចំណែក​ធ្វើឱ្យ​ទន្លេ​ស្អាត ទីក្រុង​ស្អាត ពិសេស​ចូលរួម​ក្នុង​យុទ្ធនា​ការប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​បញ្ហា​បច្ចេកទេស និង​ឧបករណ៍​គឺជា​បញ្ហាសំខាន់​ដោយសារ ទោះបី​យើង​មាន​ឆន្ទៈ​មាន​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ តែ​យើង​ខ្វះ​បច្ចេកទេស ក៏​មិនអាច​ទៅរួច​ដែរ​»​។

គួរបញ្ជាក់​ផងដែរ​ថា នៅតាម​ដងទន្លេ ឬ​កន្លែង​ណាមួយ​ដែលមាន​សំរាម​ក្នុង​ទឹក ហើយ​ចង់​ប្រើប្រាស់​ទូក​ប្រមូល​សំរាម​នេះ​អាជ្ញាធរ​រាជធានី ខេត្ត អាច​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត សុំ​ទូក​នេះ​ចុះទៅ​ប្រមូល​សំរាម​ក្នុង​មូលដ្ឋាន​របស់ខ្លួន​បាន​៕