កោះកុងៈ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មហាផ្ទៃ​បានចេញ​លិខិត​មួយ​ស្នើ​ទៅ​លោកស្រី មិថុនា ភូថង អភិបាលខេត្ដ​កោះកុង​ចាត់ចែង​ឱ្យមាន​ការចុះពិនិត្យ​ស្រាវជ្រាវ និង​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​ទំហំ​ជាង ៥ ហិកតា​រវាង​ប្រជាពលរដ្ឋ និង​នាយក​ឧទ្យាន​ជាតិ​បទុមសាគរ ក្រោយ​មានការ​ស្នើសុំ​អន្តរាគមន៍​ពី​អង្គការ​មួយ​។

លិខិត​របស់​ក្រសួង​មហាផ្ទៃ​ចុះហត្ថលេខា​ដោយ លោក សក់ សេដ្ឋា កាលពី​ចុងខែ​មេសា ឆ្នាំ​ ២០២២ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ទី​១ ១ ឧសភា​បាន​ជម្រាប​លោកស្រី មិថុនា ភូថង អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​ថា អង្គការ​ប្រឆាំង​អំពើ​ពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បានធ្វើ​លិខិត​មក​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ដ​កោះកុង​ជួយ​ដោះស្រាយវិវាទ​ដីធ្លី​ទំហំ ៥២ ៧០០ ម៉ែត្រក្រឡា ស្ថិតនៅ​ចំណុច​ដំណាក់​អំបុក ភូមិ​ចម្លង​គោ ឃុំ​ថ្មស ស្រុក​បទុមសាគរ ខេត្ដ​កោះកុង​ រវាង​ឈ្មោះ លី សេង និង​ឈ្មោះ អ៊ឹង វន្នី នាយក​ឧទ្យាន​ជាតិ បទុមសាគរ​។

លិខិត​នេះ​ឱ្យដឹងថា​៖ «​អាស្រ័យ​ហេតុនេះ ក្រសួង​មហាផ្ទៃ​ស្នើ​លោកជំទាវ អភិបាល​នៃ​គណៈអភិបាលខេត្ដ​ចាត់ចែង​ឱ្យមាន​ការចុះពិនិត្យ សិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ដ​ដែលមាន​ចែង​ជា​ធរមាន រួច​ធ្វើការ​ឆ្លើយតប​ទៅ​សាមី​សំណើ​វិញ​»​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១១ ឧសភា ថា ទីតាំង​ដី ដែលមាន​វិវាទ​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កាត់​ចេញពី​តំបន់​ឧទ្យាន​ជាតិ​បទុមសាគរ​អស់ហើយ ដើម្បី​ធ្វើការ​បែងចែក​ដល់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន Union Development​។

លោក​បញ្ជាក់ថា​៖ «​ក្រោយមក​លោក អ៊ឹង វន្នី នាយក​ឧទ្យាន​ជាតិ​បទុមសាគរ គាត់​បានដាក់​ឈ្មោះ​ប្រពន្ធ​គាត់​ឱ្យ​រស់​នៅលើ​ទីតាំង​ដី​ហ្នឹង​។ ដីហ្នឹង​គឺជា​ដី​របស់​ពលរដ្ឋ ពួកគាត់​កាន់កាប់​តាំងពី​យូរ​មកហើយ តាំងពី​មិនទាន់មាន​ពលរដ្ឋ​មក​រស់នៅ​លើដី​នេះ​ទៅទៀត ហើយ​លោក វន្នី ក៏បាន​ដាក់ឈ្មោះ​ប្រពន្ធ​គាត់​ឱ្យមក​កាន់កាប់​លើដី​នេះ ដើម្បី​យក​ដី​របស់​ឈ្មោះ លី សេង​»​។

លោក អ៊ឹង វន្នី នៅ​ថ្ងៃទី​ ១១ ឧសភា បាន​បដិសេធ​ការចោទប្រកាន់ និង​ថ្លែងថា បញ្ហា​វិវាទ​ដីធ្លី​នេះ ចង់ដឹង​ច្បាស់​ទាល់តែ​ចុះមក​សាកសួរ​ផ្ទាល់​ដល់​មូលដ្ឋាន​៕