ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​អំពាវនាវ​ដល់​កាកបាទក្រហម​កម្ពុជា ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ និង​សប្បុរសជន​នានា​បន្ត​ជំរុញ​ចលនា​លើកកម្ពស់​សុខុមាលភាព​គ្រួសារ និង​លើកកម្ពស់​ភាពរឹងមាំ​របស់​គ្រួសារ​ទាំងអស់​នៅ​កម្ពុជា ទោះបី​ក្នុងដំណាក់កាល ដែល​ពិភពលោក​កំពុង​ជួបប្រទះ​បញ្ហា​ថវិកា ដើម្បី​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​ ១៩ ​ក៏ដោយ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន លើកឡើង​ដូចនេះ​នា​ថ្ងៃទី​ ១០ ឧសភា ក្នុង​សារលិខិត​នៃ​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ ខួប​លើក​ទី​ ២៨ ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ​ «​គ្រួសារ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការថែរក្សា​ និង​ការពារ​សន្តិភាព​»​។ ប្រមុខ​រដ្ឋាភិបាល​ក៏បាន​ប្រាប់​ឱ្យ​បណ្តា​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត ត្រូវ​បន្ត​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​រៀបចំ​ឱ្យបាន​ទូលំទូលាយ និង​ផុសផុល ដើម្បី​ជាការ​រួមចំណែក​ក្នុង​ការលើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​ក្នុង​បរិបទ​កូវីដ​ ១៩​។

លោក​ថា ប្រធានបទ​ខាងលើ​នេះ បង្ហាញ​យ៉ាងច្បាស់​នូវ​អត្ថន័យ​ថា គ្រួសារ​ពិតជា​កោសិកា​មួយ​ដ៏សំខាន់​ក្នុងការ​ដើរតួនាទី​ជាកម្លាំង​ចលករ​ក្នុង​ការផ្តល់​នូវ​បទពិសោធ ចំណេះដឹង​ជា​មូលដ្ឋាន ជំរុញ​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ពិសេស ការរក្សា​បាន​នូវ​សន្តិភាព តុល្យភាព​សង្គម និង​ស្ថិរភាព​ជាតិ​។

ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ គោលនយោបាយ​នេះ​កំពុង​ផ្តោត​ជា​ចម្បង​ដល់​ការលើកកម្ពស់​ជីវភាព​គ្រួសារ​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ អំឡុងពេល​បិទខ្ទប់ និង​ការផ្តល់​សាច់ប្រាក់​សម្រាប់​កញ្ចប់​គ្រួសារ​ក្រីក្រ​ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ ឆ្នាំ មនុស្ស​វ័យចាស់​គ្មាន​ទីពឹង ជនពិការ​ក្រីក្រ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​មូលនិធិ​ជាតិ​ជំនួយ​សង្គម​ត្រូវ​បន្ត​រៀបចំ​គោលនយោបាយ​ផ្សេងៗ​ក្នុងការ​ផ្តល់​កិច្ច​អន្តរាគមន៍​គាំពារ​សង្គម​ជារួម និង​ជំនួយ​សង្គម​ដោយឡែក​ដល់​ប្រជាជន​ទូទៅ ពិសេស​ជនរងគ្រោះ និង​ងាយ​រងគ្រោះ ដើម្បី​សំដៅ​លើកកម្ពស់ ជីវភាព​រស់នៅ និង​ការកសាង​គុណភាព​ជីវិត​ប្រកបដោយ​បរិយាប័ន្ន​»​។

លោក​ស្នើឱ្យ​ដៃគូ​អភិវឌ្ឍ អង្គការ មិនមែន​រដ្ឋាភិបាល​ទាំង​ជាតិ​ និង​អន្តរជាតិ​បន្ត​ចូលរួម​ឱ្យបាន​កាន់តែ​សកម្ម​បន្ថែមទៀត​ក្នុង​ការជួយ​គាំទ្រ​ដល់​សកម្មភាព កម្មវិធី​អភិវឌ្ឍន៍​គ្រួសារ​ទាំង​ថវិកា និង​ធនធានមនុស្ស ដើម្បី​ធានា​ឱ្យបាន​នូវ​ការលើកកម្ពស់​ដល់​ភាពរឹងមាំ​របស់​គ្រួសារ​ទាំងអស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ ហ៊ុន សែន ស្នើថា​៖ «​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ កាកបាទ​ក្រហម​កម្ពុជា សប្បុរសជន​នានា សូម​បន្ត​ជំរុញ​ចលនា​លើកកម្ពស់​ដល់​សុខុមាលភាព​គ្រួសារ និង​បន្ត​បង្កើន​សកម្មភាព​មនុស្សធម៌​ឱ្យ​កាន់តែខ្លាំងក្លា​ថែមទៀត​តាម​គ្រប់​រូបភាព​ដែល​អាចធ្វើ​ទៅបាន ទាំង​ការជំរុញ​ចលនា និង​សកម្មភាព​នោះ ទោះ​ធ្វើ​ដោយ ផ្ទាល់​ក្ដី ឬ​ដោយ​ប្រយោល​ក្តី​»​។

លោក​ក៏បាន​អំពាវនាវ​ដល់​គ្រួសារ និង​សហគមន៍​នីមួយៗ​ត្រូវ​បន្ត​ពង្រឹង​ស្មារតី សាមគ្គីភាព​ល្អ យកចិត្ត​ទុកដាក់​អប់រំ​សីលធម៌​ និង​ប្រពៃណី​ទំនៀមទម្លាប់​ល្អ​ប្រកប​ដោយ​មនសិការ និង​ការទទួល​ខុសត្រូវ​ខ្ពស់​ដល់​សមាជិក​គ្រួសារ​ខ្លួន​តាមរយៈ​ការផ្តល់​ការអប់រំ​រៀនសូត្រ សីលធម៌ សុជីវធម៌ ចរិយាធម៌ ចំណេះដឹង​ទូទៅ​ និង​ជំនាញ​វិជ្ជាជីវៈ​ផ្សេងៗ​ផងដែរ​។

ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តីពី​គ្រួសារ​ ១៥ ឧសភា ចំនួន​ ២៨ ​លើក​រួចមកហើយ​ក៏ដោយ ក្នុងនាម​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ជួបជុំ ការផលិត​នូវ​ខ្សែភាពយន្ត​អប់រំ​ខ្លីៗ និង​កម្មវិធី​ផ្សព្វផ្សាយ​អំពី​ការអប់រំ ទូន្មាន​ដល់​កូនចៅ ប្រុស​ស្រី លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ កម្មការិនី ផ្សព្វផ្សាយ​ជាច្រើន ដើម្បី​អបអរសាទរ​ក្នុងឱកាស​ប្រារព្ធ​ទិវា​នេះ​ជា​រៀងរាល់ឆ្នាំ​។

ក្នុងន័យនេះ លោក​ ហ៊ុន សែន ស្នើឱ្យ​ក្រសួង​សង្គមកិច្ច​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន​ និង​សមាគម​ទូរទស្សន៍​រៀបចំ​ឱ្យមាន​ជា​វេទិកា​តុមូល​ និង​ការផលិត​វីដេអូ​អប់រំ ដើម្បី​ចាក់ផ្សាយ​នៅតាម​ស្ថានីយទូរទស្សន៍ រោងភាពយន្ត និង​ទីសាធារណៈ​ផ្សេងៗ​ពី​គុណតម្លៃ​គ្រួសារ​ក្នុងការ​ចូលរួម​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ និង​សហការ​ជាមួយ​ក្រសួង​អប់រំ និង​ក្រសួង​ការងារ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​នៅតាម​គ្រឹះស្ថាន​អប់រំ និង​រោងចក្រ សហគ្រាស​នានា​ទូទាំង​ប្រទេស​។

លោកស្រី​ ម៉ែន នារីសោភ័គ អគ្គលេខាធិការរង​ទី​ ១​ កាកបាទ​ក្រហម​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​មួយ​ថា កាកបាទក្រហម​កម្ពុជា​មាន​យុទ្ធសាស្ត្រ​ ២០០៣-២០១០ បន្ទាប់មក​មាន​យុទ្ធសាស្ត្រ ២០១១-២០២០​។ បច្ចុប្បន្ន​កាកបាទក្រហម​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ ២០២១-២០៣០​។

កាកបាទ​ក្រហម​កម្ពុជា​មាន​យុទ្ធសាស្ត្រ​លើ​វិស័យ​អាទិភាព​ចំនួន​ ៤ ក្នុងនោះ​មាន ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ការ​ថែទាំ​សុខភាព​តាម​សហគមន៍ ការលើក​កម្ពស់​គោលការណ៍​គ្រឹះ តម្លៃ​មនុស្សធម៌ និង​ការងារ​អភិវឌ្ឍន៍​សាខា អនុសាខា​ទាំង​ ២៥ ​រាជធានី​ខេត្ត​។

លោកស្រី​ថ្លែងថា​៖ «​ការជួយ​របស់​កាកបាទ​ក្រហម​កម្ពុជា​ពី​ ១ ​ឆ្នាំ ទៅ​ ១​ ឆ្នាំ​ក្នុង​រង្វង់​ប្រតិបត្តិការ​របស់​យើង គឺ​យើង​ត្រូវការ​ថវិកា​ខ្ទង់​ពី​ ១២​ ទៅ​ ១៣ ​លាន​ដុល្លារ​អាមេរិក​។ តាំងពី​ឆ្នាំ​ ២០១១ ​មក ថវិកា​ដែល​យើង​ទទួលបាន​ទិវា​ ៨ ឧសភា យើង តែងតែ​ធ្វើការ​បរិច្ចាគ​ ១ ​លាន​ដុល្លារ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​តាម​មណ្ឌល​កុមារកំព្រា​មួយចំនួន​ផងដែរ​»​។

ក្នុង​រយៈពេល​នៃ​ការទប់ស្កាត់​ជំងឺ​កូវីដ ​១៩ កាកបាទ​ក្រហម​កម្ពុជា​ក៏បាន​ចូលរួម​ចែករំលែក​ជាមួយ​រាជរដ្ឋាភិបាល​ជាច្រើន​ផងដែរ​៕