
ជនសង្ស័យចាប់រំលោភ ក្រោយសមត្ថកិច្ចចាប់ខ្លួនពីថ្ងៃ ៩ ឧសភា។ រូបថត កងរាជអាវុធហត្ថខេត្ត
បន្ទាយមានជ័យៈ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១១ ឧសភា បានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីចាប់ខ្លួនករណីចាប់ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់រំលោភសេពសន្ថវៈរហូតបានសម្រេច ប្រព្រឹត្តកាលពីថ្ងៃទី ៨ ឧសភាឆ្នាំ ២០២២ នៅសង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ។
លោក ព្រហ្ម ថេន ប្រធានមន្ទីរយុត្តិធម៌នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងនៅថ្ងៃទី ១១ ឧសភាថា ជនសង្ស័យឈ្មោះ លីស វិច័ន្ទត្រា ហៅ ត្រា អាយុ ២៦ ឆ្នាំ រស់នៅភូមិជើងវត្ត ឃុំ-ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។ បុរសរូបនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១១ ឧសភា រួចហើយ។
លោកថា៖ «ជានីតិវិធីគឺជនសង្ស័យត្រូវសមត្ថកិច្ចលោកបញ្ជូនទៅតុលាការពីម្សិលមិញ (ថ្ងៃទី ១០ ឧសភា) ប៉ុន្តែតុលាការចាត់ចែងមិនទាន់ក៏ផ្ញើជនសង្ស័យនៅបញ្ជាការដ្ឋាន ១ ថ្ងៃសិនទៅ»។
លោក ឡាក់ ភី ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យឱ្យដឹងថា បើតាមចម្លើយរបស់ក្មេងរងគ្រោះឈ្មោះ យ.ស.យ អាយុ ១៦ ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ នាងបានស្គាល់គ្នាជាមួយជនសង្ស័យឈ្មោះ លីស វិច័ន្ទត្រា ហើយក្រោយមកក៏មានទំនាក់ទំនងគ្នាតាមហ្វេសប៊ុកជាបន្តបន្ទាប់។ លុះដល់យប់ថ្ងៃទី ៨ ឧសភា ឆ្នាំ ២០២២ ជនសង្ស័យបានបបួលនាងដើរលេង ហើយបាននាំចូលផ្ទះសំណាក់ ថ្មពេជ្រ ស្ថិតនៅក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ហើយចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេច។
លោកបន្តថា ក្រោយកើតហេតុ នារីរងគ្រោះបាននិយាយរឿងនេះប្រាប់ម្តាយ ហើយម្តាយរបស់នាងបានទៅប្តឹងនៅសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅថ្ងៃទី ៩ ឧសភា ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះ សមត្ថកិច្ចអាវុធហត្ថក្រុងសិរីសោភ័ណក៏បានសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ បន្ទាប់មកដោយមានការចូលរួមសម្របសម្រួលផ្លូវច្បាប់ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សមត្ថកិច្ចក៏បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានពីថ្ងៃទី ៩ ឧសភា ក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោកបន្តទៀតថា ក្រោយសាកសួរ ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានចាប់បង្ខំនារីរងគ្រោះរំលោភសេពសន្ថវៈនៅផ្ទះសំណាក់ឈ្មោះ ថ្មពេជ្រ រហូតបានសម្រេចពិតមែន៕