
ទីតាំងកន្លែងកើតហេតុដែលចោរលួចលុយជាង ៩០ ម៉ឺនដុល្លារអាមេរិក។ រូបថត ហ្វេសប៊ុក
ពោធិ៍សាត់ៈ នគរបាលជំនាញខេត្តពោធិ៍សាត់ កំពុងបន្តស្រាវជ្រាវករណីចោរលួចលុយពីទូដែកជាង ៩០ ម៉ឺនដុល្លារអាមេរិក ក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលហេតុការណ៍កើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ឧសភា នៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក សារឿន សារ៉ាវុធ អធិការស្តីទីស្រុកក្រគរនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ឱ្យដឹងនៅថ្ងៃទី ១១ ខែឧសភា ថា នគរបាលជំនាញខេត្តពោធិ៍សាត់ និងនគរបាលស្រុកក្រគរកំពុងបើកការស៊ើបអង្កេតករណីចោរគាស់ទ្វាររោងចក្រលួចលុយចំនួន ៩៨ ម៉ឺនដុល្លារ និង ៩ ៧៩១ ៥០០ រៀល។ ជុំវិញបទល្មើសនេះសមត្ថកិច្ចនគរបាលខេត្តកំពុងធ្វើការស្រាវជ្រាវបន្តទៀត។
លោកប្រាប់ថា៖ «ឥឡូវនេះយើងមិនទាន់បានលទ្ធផលអ្វីទេហើយយើងកំពុងធ្វើការអនុវត្តនីតិវិធីបន្តទៀត។ យើងកំពុងបន្តមិនទាន់ចេញជាលទ្ធផលអ្វីនៅឡើយទេ»។
លោកឱ្យដឹងថា រោងចក្រនោះមានយីហោឈ្មោះ តៃអ៊ីហ្ស៊ី ជារោងចក្រកាត់ដេរសម្លៀកបំពាក់គ្រប់គ្រងដោយជនជាតិចិនដែលមានទីតាំងស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ តាមការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់នៅថ្ងៃទី ១១ ឧសភា បានធ្វើការសន្និដ្ឋានបឋមថា ចោរបានកាត់ត្រចៀកសោទ្វាររោងចក្រក្នុងចន្លោះម៉ោងជាង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ឧសភា ឆ្នាំ ២០២២ ហើយចូលក្នុងបន្ទប់រដ្ឋបាល និងវាយទូដែកចំនួន ៤ ទូដែលមានលុយនៅក្នុងនោះយកលុយគេចខ្លួនបាត់។
លោកបញ្ជាក់ថា តាមពិតទៅនៅរោងចក្រខាងលើមានសន្តិសុខយាមត្រឹមត្រូវតែអាចជាចន្លោះប្រហោងនៃការយាមយ៉ាងម៉េចក៏មិនដឹងទើបបណ្តាលឱ្យមានហេតុការណ៍នេះកើតឡើងបែបនេះ។ ដូច្នេះកម្លាំងសមត្ថកិច្ចកំពុងដុតដៃដុតជើងយ៉ាងសកម្ម ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ៕
វីដេអូ៖