មណ្ឌលគិរីៈ អាវុធហត្ថ​ខេត្តមណ្ឌលគិរី​កោះហៅ​ជនជាតិដើម​ភាគតិច​ព្នង​ ៣ ​នាក់ នៅ​ភូមិ​ឡោកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​ ឱ្យចូល​បំភ្លឺ​នៅ​អង្គភាព​កងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​នា​ថ្ងៃទី ​១៩ ឧសភា ពាក់ព័ន្ធ​ច្រើន​ករណី ដូចជា​មិន​គោរព​ដីកា​សម្រេច និង​ប្រើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​ជាដើម​។ ក្នុង​រឿងនេះ​ជនជាតិដើម​ភាគតិច​អះអាងថា ទង្វើ​នេះ​ជា​រឿង​អយុត្តិធម៌ ជា​ការគំរាម​កំហែង និង​រំលោភ​សិទ្ធិមនុស្ស​។

លិខិត​កោះហៅ​របស់​លោក​វរសេនីយ៍ត្រី អៃ ចំណាប់ ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​នៃ​អង្គភាព​កងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ចុះ​ថ្ងៃទី ​២ ឧសភា បង្ហាញថា ជនជាតិដើម​ភាគតិច​ព្នង​ ៣​ នាក់ ដែល​ត្រូវ​កោះហៅ​ក្នុង​នោះ​មាន​អ្នកស្រី​ ភ្លឹក ភីរុំ អ្នកស្រី​ ខ្វើង ទុំ និង​អ្នកស្រី​ ភ្លឹក ណារី​។ អ្នក​ទាំង​ ៣ ជា​ជនជាតិ​ព្នង​មាន​ទីលំនៅ ក្នុង​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​។ អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​កោះហៅ​អ្នក​ទាំង​ ៣ ​នោះ​ឱ្យ​ចូល​មកកាន់​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បី​ឆ្លើយ​បំភ្លឺ​ករណី​ជាច្រើន​។ ក្នុងនោះ​មាន ដូចជា បទ​មិន​គោរព​ដីកា​សម្រេច បទ​គំរាម​សម្លាប់ បទ​ប្រើ​ហិង្សា​ទៅលើ​អ្នកកាន់កាប់​អចលនវត្ថុ​អ្នកដទៃ និង​បទ​កំហែង​យក ដែល​បាន​ប្រព្រឹត្ត​អំឡុង ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​។

លិខិត​ដដែល​ឱ្យដឹងថា ការកោះហៅ​នេះ​ធ្វើឡើង​ដោយយោង​តាម​ពាក្យបណ្តឹង របស់​ឈ្មោះ ត្រឿង យុន ភេទ​ស្រី អាយុ ៦២ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​ ២១ ខែមីនា ឆ្នាំ​ ២០២២ និង​យោងតាម​ចំណារ​របស់​លោក​ ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ចុះ​ថ្ងៃទី​ ២២ ខែមេសា ឆ្នាំ​ ២០២២ អនុញ្ញាតឱ្យ​មន្ត្រី​នគរបាល​យុត្តិធម៌​បើក​ការស៊ើបអង្កេត​បឋម​។

អ្នកស្រី​ ភ្លឹក ភីរុំ តំណាង​សហគមន៍​សុខដុម​ថ្លែង​នៅ​ថ្ងៃទី​ ១១ ខែឧសភា​ថា ការកោះហៅ​របស់​កម្លាំង​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី គឺជា​រឿង​អយុត្តិធម៌​បំផុត​។ ព្រោះ​ក្រុម​ជនជាតិដើម​ភាគតិច​បាន​ធ្វើការ​ថែរក្សា​ការពារ​ព្រៃឈើ​ដែលជា​ទ្រព្យសម្បត្តិ​រដ្ឋ បែរជា​ក្លាយជា​អ្នក​មានទោស​ជាប់​ក្នុង​ការសង្ស័យ ត្រូវ​ហៅ​ឱ្យ​ចូលទៅ​បំភ្លឺ ប៉ុន្តែ​អ្នកមាន​លុយ​ដែល​បាន​ឃុបឃិត​ទិញ​ដីព្រៃ​បែរជា​រួចខ្លួន​ទៅវិញ​។

អ្នកស្រី​និយាយថា​៖ «​រាល់ថ្ងៃនេះ​ខ្ញុំ​ដើរចោល​កូន​ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ផ្ទុយទៅវិញ​ខ្ញុំ​ត្រូវ​បាន​អាជ្ញាធរ​កោះហៅ អាជ្ញាធរ​គំរាមកំហែង​ចាប់​ដាក់គុក​។ អ៊ីចឹង​សួរថា យុត្តិធម៌ ឬ​អត់​សម្រាប់​ខ្ញុំ ដែលជា​មនុស្ស​ការពារ​មិនមែន​របស់​ខ្លួនឯង​រាល់ថ្ងៃ ហើយ​អស់ទាំង​ទ្រព្យ​ខ្លួនឯង ដើម្បី​ការពារ​ព្រៃ​សាធារណៈ​របស់​រដ្ឋ ដី​សាធារណៈ​របស់​រដ្ឋ ផ្ទុយទៅវិញ​ខ្ញុំ​ត្រូវបាន​គេ​ចោទប្រកាន់​»​។

អ្នកស្រី​ ភ្លឹក ណារី ជនជាតិដើម​ភាគតិច​ក្នុង​សហគមន៍​សុខដុម និយាយ​នៅ​ថ្ងៃទី​ ១១ ខែឧសភា​ថា បញ្ហាដីធ្លី​នេះ​កើតឡើង​នៅ​ឆ្នាំ​ ២០១៩ គឺមាន​អ្នកទិញ​ដី​ម្នាក់​មក​អះអាងថា ដីព្រៃ​ចំនួន​ ៧០ ​ហិកតា នៅ​ភូមិ​ឡៅកា សង្កាត់​សុខដុម ក្រុង​សែនមនោរម្យ​នោះ​ជា​ដី​របស់ខ្លួន​ហើយ​ដាក់​គ្រឿងចក្រ​ចូល​ឈូសឆាយ​។ ឃើញ​ដូច​នោះ​ទើប​ក្រុម​ជនជាតិ​ដើម​ភាគតិច​បានធ្វើ​ការហាម​ឃាត់ ដោយសារ​តែ​ដី​នោះ ក្រុម​ជនជាតិ​ដើម​ភាគតិច​ ៣០ ​គ្រួសារ​បានធ្វើការ​អាស្រ័យផល​តាំងពី​ដូនតា​មក​ម្ល៉េះ​។

អ្នកស្រី​ប្រាប់ថា​៖ «​ពួកខ្ញុំ​អត់ឱ្យ​ទេ ដោយសារ​ពួកខ្ញុំ​អាស្រ័យ​ផល​តាំងពី​កើតមក ហើយ​តាំងពី​ជីដូន​ជីតា ក៏​នៅឯ​ហ្នឹង ហើយ​កូនចៅ​ពួកខ្ញុំ​ទៀត​ក៏​នៅ​ទី​ហ្នឹង ដែល​ត្រូវ​អាស្រ័យផល​ពី​ដើម​ជ័រ​ឈើ រក​ឃ្មុំ រក​អនុផល​ព្រៃឈើ​ផ្សេងៗ ធ្វើស្រែ​ចម្ការ​វិលជុំ​អ៊ីចឹងទៅ​។ ដល់ពេល​គាត់​យក​អ៊ីចឹង បាន​អី​អាស្រ័យ​ផល​ពួកខ្ញុំ​នេះ​»​។

អ្នកស្រី​ ណារី ឱ្យដឹងថា បញ្ហាដីធ្លី​នេះ​ជនជាតិដើម​ភាគតិច​ធ្លាប់បាន​ស្នើសុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​សង្កាត់ និង​ក្រុង​ឱ្យជួយ​សម្រួល​ដោះស្រាយ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​យកចិត្តទុកដាក់​ខ្វល់ខ្វាយ​ជួយ​នោះទេ ពោលគឺ​យកចិត្ត​ទុកដាក់​តែ​ខាង​អ្នកមាន​លុយ​។ អ្នកស្រី​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច​ធ្លាប់​ស្នើឱ្យ​អាជ្ញាធរ​សង្កាត់ និង​អាជ្ញាធរ​ក្រុង ជួយ​សម្រួល​ធ្វើការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិដើម​ភាគតិច តាំងពី​ឆ្នាំ​ ២០០៤​ មក​ម្ល៉េះ​។ ប៉ុន្តែ​អាជ្ញាធរ មិន​អើពើ ហើយ​នៅពេល​ក្រុម​ជនជាតិ​ដើម​ភាគតិច​តវ៉ា ពេល​មាន​អ្នក​ចូលទៅ​ទន្ទ្រាន បែរជា​ចោទថា ជនជាតិ​ដើម​ភាគតិច​គ្មាន​ប្លង់​ទៅវិញ​។

លោក​ គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់​ក្រុមការងារ​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ខេត្តមណ្ឌលគិរី ថ្លែងថា ការកោះហៅ​នេះ គឺជា​រូបភាព​គំរាមកំហែង និង​រំលោភសិទ្ធិ​ជនជាតិដើម​ភាគតិច ដែល​ជា​ម្ចាស់​តំបន់ ភូមិ​ស្រុក​។ ឯ​ជន​ចំណូលស្រុក មិនដឹងថា​នៅទីណា ហើយ​ដី​របស់គាត់​នោះ​នៅទីណា​ឡើយ​។ លោក​ថា​៖ «​ការទិញ​របស់គាត់​ហ្នឹង គឺ​ទិញ​ដីព្រៃ​សុទ្ធ មិនដឹងថា​គាត់​ទិញ​របៀប​ណា​។ អាហ្នឹង​ជាការ​រំលោភច្បាប់​ផង ហើយ​ជាការ​រំលោភ សិទ្ធិ​ជនជាតិដើម​ភាគតិច​ផង ហើយ​គាត់ ប្រើ​កងកម្លាំង​អាវុធហត្ថ​ហ្នឹង​គឺ​ដើម្បី​បំភ័យ កុំឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​សហគមន៍​ជនជាតិដើម​ភាគតិច​ហ៊ាន​ធ្វើ​ការតវ៉ា​»​។

លោក ពៅ សុផាត ចៅសង្កាត់​សុខដុម​ថ្លែងថា​៖ «​ប្អូនឯង​ចង់ដឹង​រឿង​ពិត ចុះមក​ផ្ទាល់ៗ​មក​។ អាជ្ញាធរ​រក​ដំណោះស្រាយ យើង​ [​ជនជាតិ​ភាគតិច​]​ អត់​ចង់​ដោះស្រាយ ហើយ​មក​ជេរប្រទេច​បណ្តាសា​គេ​អី​។ ព្រោះ​ធម្មតា​ទេ បើ​បងប្អូន​ខាង​ជនជាតិ​មិន លក់​ឱ្យគេ​ក៏​គេ​មិន​ទិញ​ដែរ យើង​យល់​អ៊ីចេះ មិនបាច់​ទៅ​ចង់ដឹង ចង់​ឆ្ងល់​អី​ទេ​»៕