សៀមរាបៈ សួនរុក្ខជាតិអង្គរដែលមានដើមឈើរាប់ម៉ឺនដើម ក្នុងនោះមានរុក្ខជាតិជាង ៥០០ ប្រភេទផ្សេងៗគ្នា ដែលគ្រោងសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៩ ខែឧសភា ត្រូវបានលើកពេលទៅធ្វើនៅថ្ងៃទី ១៩ ខែឧសភាវិញ ដោយសារមានបញ្ហាបច្ចេកទេសការងារមួយចំនួន និងការជាប់រវល់របស់ថ្នាក់ដឹកនាំ។
លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសួនរុក្ខជាតិអង្គរ ត្រូវបានលើកពេលពីថ្ងៃទី ៩ ខែឧសភា ទៅថ្ងៃទី ១៩ ឧសភាវិញ ដោយសារតែមានបញ្ហាបច្ចេកទេសការងារមួយចំនួន ជាពិសេសគឺថ្នាក់ដឹកនាំជាគណៈអធិបតីជាប់រវល់។
លោកឱ្យដឹងថា ដើម្បីបង្កើនកិច្ចអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋានអង្គរ និងទាក់ទាញភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរាបានបង្កើតសួនរុក្ខជាតិអង្គរលើផ្ទៃដីប្រមាណជិត ១៥ ហិកតា ដោយមានរៀបចំជាសួនសំខាន់ៗជាច្រើន។ ក្នុងនោះអាជ្ញាធរជាតិអប្សរាបានដាំកូនឈើ និងប្រភេទរុក្ខជាតិផ្សេងៗគ្នា រាប់ម៉ឺនដើមដែលមានរុក្ខជាតិជាង ៥០០ ប្រភេទផ្សេងៗគ្នា។
នៅទីនោះ មានសួនសត្វ និងសួនរុក្ខជាតិសំខាន់ៗចំនួន ៥ សួនបានបង្កើតឡើងក្នុងរចនាប័ទ្មបែបខ្មែរ រួមមាន សួនឱសថ និងគ្រឿងទេស សួនផ្កាស្មៅ និងផ្កាចម្រុះ សួនអម្បូរត្នោត សួនខ្មែរ សួនព្រៃឈើ និងសត្វព្រៃអង្គរជាដើម។ សួនទាំងនោះមានភាពទាក់ទាញខុសប្លែកពីគ្នា ជាពិសេសមានដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទ បម្រើផលប្រយោជន៍ខុសប្លែកពីគ្នា សម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងការងារសិក្សាស្រាវជ្រាវ។
លោក ឡុង កុសល ថ្លែងទៀតថា ដំបូងសួនរុក្ខជាតិអង្គរនេះ គឺជាសួនគ្រឿងទេសដែលមានទំហំដីត្រឹមជាង ២ ហិកតាប៉ុណ្ណោះ ប៉ុន្តែ នៅឆ្នាំ ២០១០ អាជ្ញាធរជាតិអប្សរាបានរៀបចំពង្រីកសួននេះឱ្យកាន់តែធំជាងមុន ដោយរៀបចំប្រព័ន្ធទឹក ដែលមានប្រភពពីស្ទឹងសៀមរាប ដើម្បីស្រោចស្រពរុក្ខជាតិទាំងនេះ ហើយនៅឆ្នាំ ២០១៨ អាជ្ញាធរជាតិអប្សរាក៏បានដាក់បន្ថែមសត្វជាច្រើនប្រភេទ ដូចជាអណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបមួយចំនួននៅក្នុងសួននេះ។ លោកបញ្ជាក់ថា៖ «សួនរុក្ខជាតិអង្គរនេះ មានភាពទាក់ទាញខុសប្លែកពីសួនដទៃទៀតជាច្រើន ជាពិសេសគឺមានដាំដើមឈើ និងរុក្ខជាតិកម្រៗជាច្រើនប្រភេទសម្រាប់ឱ្យកូនខ្មែរ និងអ្នកទេសចរជំនាន់ក្រោយៗបានស្គាល់ និងអាចមកសិក្សាស្រាវជ្រាវទៀតផង» ។
បើតាមអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា សួនរុក្ខជាតិអង្គរនេះអាចនឹងផ្ដល់ផលិតផលទេសចរណ៍ថ្មីៗថែមទៀតក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកដល់ទឹកដីខេត្តសៀមរាបឱ្យចាប់អារម្មណ៍ក្នុងការចូលមកកម្សាន្ត ដើរលម្ហែ-កាយ ក៏ដូចជាការដើរហាត់-ប្រាណក្រៅពីបានទៅទស្សនាប្រាសាទអង្គរ និងប្រាសាទនានារួមទាំងតំបន់ផ្សេងៗទៀត។
លោក សុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះថ្លែងនៅថ្ងៃទី ១០ ខែឧសភាថា ការបង្កើតឱ្យមានសួនរុក្ខជាតិអង្គរនេះ គឺមានប្រយោជន៍ធំធេងណាស់ដោយសារ ទី ១ អាចជាមជ្ឈមណ្ឌលមួយ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ផ្នែករុក្ខជាតិ ជំនាន់ក្រោយៗ ក៏ដូចជានិស្សិតចុះកម្មសិក្សា ឬមួយសរសេរសារណាផ្សេងៗ ក៏អាចទៅធ្វើការស្រាវជ្រាវនៅទីនោះបាន។ ទី ២ គឺជាការចូលរួមថែរក្សា និងអភិរក្សពូជរុក្ខជាតិក្នុងស្រុកផងដែរ។
លោកបានបញ្ជាក់ថា៖ «ដោយសារមានការទន្ទ្រានដីកសិកម្មវាធ្វើឱ្យរុក្ខជាតិកម្រមួយចំនួនប្រឈមនឹងការផុតពូជ ហេតុនេះបើសិនជាមានការបង្កើតសួនរុក្ខជាតិបែបហ្នឹងឡើងមក គឺវាជាអត្ថប្រយោជន៍ ក៏ដូចជាគុណប្រយោជន៍មួយដ៏ធំធេង សម្រាប់ស្រុកខ្មែរយើងដែរ»។
ប៉ុន្តែអ្នកស្រាវជ្រាវជីវចម្រុះរូបនេះបានលើកឡើងថា ការដាក់បញ្ជូលអណ្តើក ក្ងោក ព្រាប ទន្សាយជាដើម នៅក្នុងសួនរុក្ខជាតិនេះ បើគិតពីលក្ខណៈវិទ្យាសាស្ត្រ និងសិក្សាទៅលើប្រព័ន្ធអេកូឡូស៊ី គឺមិនសមស្របសម្រាប់សត្វទាំងនោះឡើយ ដោយសារវាខុសបរិស្ថានរបស់ពួកវា៕