ព្រះសីហនុៈ នគរបាល​ស្រុក​ព្រៃនប់​ នៅ​ថ្ងៃទី១២ ​ឧសភា ​បន្ត​ស្វែងរក​ចាប់ខ្លួន​បុរស​ស្រវឹង​ខួប​ម្នាក់​ពាក់ព័ន្ធ​នឹង​ការវាយ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​កំពុង​មានផ្ទៃពោះ​៧ខែ ​ដែល​សង្ស័យ​មកពី​រឿង​ប្រចណ្ឌ​ ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី១០ ​ឧសភា ​នៅ​ភូមិ-ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក​ អ៊ួង វុទ្ធី​ អធិការ​នគរបាល​ស្រុក​ព្រៃនប់ ​ឱ្យដឹង​នៅ​ថ្ងៃទី១២​ឧសភា ​ថា ​ករណី​ជនសង្ស័យ​ ឈ្មោះ ​យ៉ែម ចិន្តា ​អាយុ ៣៧ឆ្នាំ ​កំពុង​ត្រូវបាន​សមត្ថកិច្ច​របស់​លោក​ស្វែងរក​ចាប់ខ្លួន​ ពាក់ព័ន្ធ​នឹង​ការវាយ​សម្លាប់​ប្រពន្ធ​របស់​គាត់​ ឈ្មោះ​វ៉ាន់ វុន​ អាយុ​៣៦ឆ្នាំ។ ពួកគេ​រស់នៅ​ភូមិ-ឃុំ​ជើងគោ ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។

លោក​ថ្លែងថា​៖«ចាប់​តាំងពី​ថ្ងៃ​កើតហេតុ ​រហូតដល់​ពេលនេះ​ សមត្ថកិច្ច​របស់​យើង​កំពុង​ស្វះ​ស្វែងរក​ជនសង្ស័យ​ ដើម្បី​ចាប់​ខ្លួន។ យើង​កំពុងតែ​ធ្វើការងារ​នេះ​យ៉ាង​សកម្ម​បំផុត»។

លោក​ហុក ប្រឹម ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ជើងគោ​ប្រាប់​នៅ​ថ្ងៃទី១២ ​ឧសភា ​ថា ​គ្រួសារ​នេះ​មាន​កូន​ចំនួន​៦នាក់​(ស្រី២​នាក់)​ហើយ​កំពុង​មាន​ផ្ទៃពោះ​៧ខែ​កូន​ម្នាក់​ទៀត។ ពួកគេ​មានរ​បរជា​អ្នក​ដុត​ធ្យូង​លក់។ ទាំង​២នាក់​ប្តី​ប្រពន្ធ​នេះ​ក៏​ជា​មនុស្ស​ញៀន​ស្រា ​និង​ឈ្លោះ​គ្នា​ជាប្រចាំ​មិន​លួស​ថ្ងៃ​ណា​ឡើយ។

លោក​បន្ត​តាម​សាច់​ញាតិ ​និង​សាក្សី​នៅក្បែរ​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​ថា បុរស​សង្ស័យ​ពេល​ផឹកស្រា​ស្រវឹង​តែងតែ​ឈ្លោះ​ជាមួយ​ស្ត្រី​រងគ្រោះ​និង​ចោទ​ប្រពន្ធ​ថា​លួច​មាន​ស្នេហា​ជាមួយ​ប្រុស​ផ្សេង។ ​នៅមុន​ពេល​កើតហេតុ ​គេ​បានឮ​សំឡេង​ទាំង​២នាក់​ប្តី​ប្រពន្ធ​មាន​ទំនាស់​ឈ្លោះ​វាយតប់​គ្នា​ តែ​អ្នក​ជិតខាង​មិនបាន​ចាប់​អារម្មណ៍​នឹង​គ្រួសារ​នេះ​ទេ ​ដោយសារ​ពួកគេ​មាន​ទម្លាប់​ឈ្លោះ​និង​វាយតប់​គ្នា​ជាប្រចាំ​ថ្ងៃ​មក​ហើយ។ លុះ​ក្រោយមក​ ទើប​អ្នក​ជិតខាង​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ​ដឹង​ដោយ​ឮ​សំឡេង​កូនៗ​យំ​ហើយក៏​ទៅ​មើល ​ឃើញ​ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្តី​វាយ​ស្លាប់​បាត់ទៅ​ហើយ។ ភ្លាមៗ​នោះ​អ្នកភូមិ​បាន​រាយការណ៍​ប្រាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​របស់​លោក។

បើ​តាម​លោក​ហុក ប្រឹម​ ក្រោយ​ពី​ទទួលបាន​ព័ត៌មាន​នេះ​មក លោក​បាន​រាយការណ៍​ទៅ​លោក​ អ៊ួង ​វុទ្ធី ​អធិការ​នគរបាល​ស្រុក​ព្រៃនប់។ ពេល​នោះ​លោក​មេ​ប៉ុស្តិ៍ ​បាន​ចុះ​ដល់ផ្ទះ​កើតហេតុ​ ដោយ​មាន​ទាំង​នគរបាល​កោសល្យវិច័យ​ខេត្ត​ព្រះសីហនុ​ និង​គ្រូពេទ្យ​ចូលរួម​ផង។ នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​សាកសួរ​កូនៗរ​បស់​ស្ត្រី​រងគ្រោះ​ ពួកគេ​ក៏បាន​ប្រាប់ថា​ នៅ​ពេល​កើត​ហេតុ​យប់​ថ្ងៃទី១០ ​ឧសភា​នោះ​ កូនៗ​របស់​ស្ត្រី​រងគ្រោះ​បានឃើញ​ឪពុក​របស់គេ​វាយ​សម្រាត​ខោ​ម្តាយ​ ហើយ​បាន​យក​អង្រែ​បុកគ្រឿង​រុក​ប្រដាប់​ភេទ ​និង​វាយ​រហូត​ដល់​ស្លាប់​នៅក្នុង​ផ្ទះ។

លោក​បញ្ជាក់​ថា​ ជនសង្ស័យ​ធ្លាប់​ជាប់គុក​ម្តង​មក​ហើយ ​ពាក់ព័ន្ធ​នឹង​ការបង្ក​របួសស្នាម​កាប់​ប្អូនថ្លៃ​ខ្លួន​ ហើយ​ទើបតែ​ចេញ​ពី​ពន្ធនាគារ​បាន​ជាង​១ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ក៏​មាន​រឿង​បែប​នេះ​ទៀត៕