
លោក ទៀ បាញ់ (កណ្តាល) រដ្ឋមន្ត្រីការពារជាតិ និងមន្ត្រីយោធាជាន់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយសៀវភៅស របស់ក្រសួងការពារជាតិនៅថ្ងៃទី១២ឧសភា។ រូបថត ក្រសួងការពារជាតិ
ភ្នំពេញៈ ចាប់ពីពេលនេះតទៅ ការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា ហើយការធ្វើទំនើបកម្មនេះ នឹងមិនមានត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ គឺនឹងត្រូវធ្វើនៅក្នុងវិស័យផ្សេងៗទៀត ដូចជាការពារអាកាស អាវុធធុនធ្ងន់ ការសង្គ្រោះ រក្សាសន្តិភាព ប្រឆាំងអំពើភេរវកម្ម និងឧក្រឹដ្ឋកម្មឆ្លងដែនជាដើម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ។
ក្រសួងការពារជាតិ បានប្រកាសចេញផ្សាយជាផ្លូវការ នូវសៀវភៅស ការពារជាតិឆ្នាំ២០២២ (DWP2022) នៅថ្ងៃទី ១២ ខែ ឧសភា បានឱ្យដឹងថា ចាប់ពីពេលនេះតទៅ ការធ្វើទំនើបកម្មកងយោធពលខេមរភូមិន្ទ គឺជាអាទិភាពចម្បងមួយ នៅក្នុងដំណើរការកែទម្រង់យោធា។ សមត្ថភាពកងយោធាកម្ពុជា នឹងមិនត្រូវបានចាប់បង្ខំឱ្យស្ថិតនៅក្នុងសភាពចាស់គម្រិល តោកយ៉ាក ឬដើរថយក្រោយនោះឡើយ។
សេចក្តីប្រកាសដដែលបញ្ជាក់ថា ការធ្វើទំនើបកម្ម នឹងមិនមានត្រឹមតែមូលដ្ឋានកងទ័ពជើងទឹករាមប៉ុណ្ណោះទេ តែនឹងត្រូវធ្វើនៅក្នុងវិស័យផ្សេងៗទៀត ដូចជាការពារអាកាស អាវុធធុនធ្ងន់ ការសង្គ្រោះ ប្រតិបត្តិការ រក្សាសន្តិភាព ការប្រឆាំងអំពើភេរវកម្មនិងឧក្រឹដ្ឋកម្មឆ្លងដែន។
សេចក្តីប្រកាសព័ត៌មានសរសេរថា៖ «ការធ្វើទំនើបកម្មនេះ មិនមែនបង្កការគំរាម កំហែងដល់ប្រទេសណាមួយនោះឡើយ ផ្ទុយទៅវិញ ជាការការពារខ្លួន និងរួមចំណែកក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ តែប៉ុណ្ណោះ»។
ក្រសួងការពារជាតិ បានលើកឡើងថា សន្តិភាពដ៏កម្ររកបាននៅកម្ពុជា ទាមទារឱ្យមានការថែរក្សាការពារឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។
ត្រូវចាត់វិធានការជាបន្ទាន់ ចំពោះរាល់សកម្មភាពទាំងឡាយណា ដែលមានចរិតជាបដិវត្តន៍ពណ៌ ដើម្បីភាពសុខដុមរមនា និងវិបុលភាពរបស់ប្រជាជាតិកម្ពុជា។
ទន្ទឹមនឹងនេះ ត្រូវលើកស្ទួយតម្លៃនិងខិតខំកសាង តឹកតាងនៃប្រវត្តិសាស្ត្រយោធា ដែលជាមូលដ្ឋានគ្រឹះ នៃនយោបាយឈ្នះ ឈ្នះ នាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញ រហូតដល់សព្វថ្ងៃនិងតទៅថ្ងៃអនាគត។
ក្រសួងការពារជាតិបញ្ជាក់ថា៖ «ការផ្សារភ្ជាប់ទំនាក់ទំនងរវាងសមរភូមិមុខ និងសមរភូមិក្រោយ គឺជាកត្តាមិនអាចខ្វះបានសម្រាប់ទ្រទ្រង់ ដល់ខឿនការពារជាតិ។ សម្ព័ន្ធមេត្រីភាពរវាងកងទ័ព និងស្ថាប័នរដ្ឋនិងឯកជន នឹងលើកតម្លៃ នៃពលិកម្មដ៏ធំធេង របស់កងទ័ព និងបង្កើនការគាំទ្រទាំងស្មារតី និងសម្ភារ ពីសំណាក់សមរភូមិក្រោយ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅថ្ងៃទី ១២ ខែឧសភាថា គ្រប់ប្រទេសទាំងអស់ត្រូវតែមានសៀវភៅស ឬហៅថា សៀវភៅមគ្គុទេសក៍ សម្រាប់គោលនយោបាយការពារជាតិរបស់ខ្លួន។
បរិបទបច្ចុប្បន្ន គឺស្ទើតែគ្រប់ប្រទេសទាំងអស់ កំពុងតែពង្រឹងវិស័យការពារជាតិរបស់ខ្លួន ដោយសារតែការគំរាមកំហែង នៃបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិ។ ដោយឡែកសម្រាប់កម្ពុជា ការធ្វើកំណែទម្រង់លើវិស័យការពារជាតិ ឬទំនើបកម្មវិស័យការពារជាតិគឺ មានលក្ខណៈសម្រាប់ការពារតែប៉ុណ្ណោះ មិនបង្ករជាការគំរាមកំហែងដលប្រទេសជិតខាងណាមួយនោះទេ។
លោកថ្លែងថា៖«បើយើងនិយាយពីវិស័យការពារជាតិរបស់យើង ខ្ញុំមើលទៅ ទោះជាយើងធ្វើទំនើបកម្មក៏មិនបង្ករជា ហានិភ័យដល់ប្រទេសជិតខាងណាមួយដែរ។ កម្ពុជាសព្វថ្ងៃគឺយើងប្រើយុទ្ធសាស្ត្រគេហៅថា Defensive approach នៅក្នុងវិស័យការពារជាតិរបស់ខ្លួន» ។
លោក គិន ភា បញ្ជាក់ថា ប្រយោជន៍នៃការធ្វើទំនើបកម្ម វិស័យការពារជាតិ ទី១ ប្រទេសជាតិដែលខ្លាំងត្រូវមានខឿនការពារជាតិរឹងមាំ ដែលទាមទារការធ្វើកំណែទម្រង់ ធ្វើទំនើបកម្មជាប្រចាំ តាំងពីសព្វាវុធ កងកម្លាំង និងការអនុវត្តកតព្វកិច្ចយោធា ដើម្បីប្រជាពលរដ្ឋមានភាពម្ចាស់ការ រួមចំណែកក្នុងវិស័យការពារជាតិ។
ក្រៅពីនោះ កម្ពុជាមានសសរស្តម្ភសំខាន់ៗទៀត សម្រាប់ពង្រឹងឱ្យជាតិខ្លាំងរាប់តាំងពីធនធានមនុស្ស វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង ការដើរត្រូវខាងនយោបាយការបរទេសជាដើមផងដែរ៕