
លោក ជិន ម៉ាលីន ពេលផ្ដល់កិច្ចសម្ភាសន៍ដល់កាសែតភ្នំពេញប៉ុស្ដិ៍។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម
មានដើមកំណើតនៅក្រុងតាខ្មៅ ខេត្ដកណ្ដាលលោក ជិន ម៉ាលីន ជាកូនប្រជាពលរដ្ឋសាមញ្ញមានឪពុកជាវេជ្ជបណ្ឌិត និងម្ដាយជាមេផ្ទះ។ ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យតាមរយៈការខិតខំសិក្សារៀនសូត្រប្រកបដោយភាពឆ្លាតវៃ លោកបានទទួលអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន ២ នៅក្នុងស្រុក និងនៅសាលាភូមិន្ទរដ្ឋបាល ថ្នាក់អនុបណ្ឌិតចំនួន ២ ទៀត នៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក និងអាហារូបករណ៍ថ្នាក់បណ្ឌិតនៅប្រទេសចិន និងជប៉ុន។
តាមរយៈការខិតខំរៀនសូត្រ និងការកសាងសមត្ថភាព មិនបោះបង់ក្រោយប្រឡូកការងារជាមន្ដ្រីរាជការនៅទីស្ដីការគណៈរដ្ឋមន្ដ្រីជាង ១០ ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៣ លោកទទួលបានសេចក្ដីទុកចិត្ដពីរាជរដ្ឋាភិបាល ក៏ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌ ហើយនៅខែកុម្ភៈ ឆ្នាំ ២០២០ ត្រូវបានរាជរដ្ឋាភិបាលទូលថ្វាយព្រះមហាក្សត្រ តែងតាំងជារដ្ឋលេខាធិការក្រសួងយុត្ដិធម៌ថែមទៀត ខណៈបច្ចុប្បន្នលោកក៏មានតួនាទីជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផងដែរ។
ភ្នំពេញប៉ុស្ដិ៍បានជួបសម្ភាសលោកផ្ទាល់ ដើម្បីស្នើសុំឱ្យលោកចែករំលែកបទពិសោធលើការសិក្សារៀនសូត្រ របៀបស្នើសុំអាហារូបករណ៍ និងការប្រឡូកការងារក្នុងជួររាជរដ្ឋាភិបាលដល់យុវជន ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖
តើលោកបានប្រឡងជាប់បាក់ឌុបនៅឆ្នាំណា?
ខ្ញុំបានសិក្សានៅបឋមសិក្សារហូតដល់អនុវិទ្យាល័យ និងវិទ្យាល័យនៅក្រុងតាខ្មៅ ហើយបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ ១៩៩៦ ក្រោយមកនៅឆ្នាំ ១៩៩៦ ខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍ចូលរៀននៅសាកលវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចស្ថិតនៅក្បែរវិទ្យាល័យបឹងត្របែករយៈពេល ៤ ឆ្នាំ។ អ៊ីចឹង ខ្ញុំទទួលបានបរិញ្ញាបត្រផ្នែកច្បាប់នេះនៅឆ្នាំ ២០០០។
នៅពេលលោកទទួលបានបរិញ្ញាបត្រផ្នែកច្បាប់ តើលោកមានរៀនយកមុខជំនាញអ្វីផ្សេងបន្ថែមទៀតទេ?
នៅក្នុងអំឡុងពេលដែលខ្ញុំរៀនបរិញ្ញាបត្រផ្នែកច្បាប់នេះ ខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍ និងរៀនយកបរិញ្ញាបត្រមួយទៀតដែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកភាសាបរទេស គឺភាសាអង់គ្លេស។ ខ្ញុំបានបញ្ចប់បរិញ្ញាបត្រភាសារអង់គ្លេសនេះ នៅឆ្នាំ ២០០២។ ក្រោយពេលដែលខ្ញុំបានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់នៅឆ្នាំ ២០០០ ខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍នៅសាលាភូមិន្ទរដ្ឋបាល ផ្នែករដ្ឋបាលសាធារណៈរយៈពេល ២ ឆ្នាំ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ ២០០២។
តើលោកបានចូលបំពេញការងារក្នុងរាជរដ្ឋាភិបាលនៅឆ្នាំណា?
នៅពេលដែលខ្ញុំប្រឡងបញ្ចប់សាលាភូមិន្ទរដ្ឋបាលដោយទទួលបានចំណាត់ថ្នាក់ល្អ ពេលនោះខ្ញុំអាចមានសិទ្ធិជ្រើសរើសយកស្ថាប័នរដ្ឋណាក៏បានដែរ ដើម្បីបំពេញការងារ។ ចំពោះអ្នកប្រឡងជាប់ចូលសាលាភូមិន្ទរដ្ឋបាល ក្រោយពេលរៀនចប់ គាត់នឹងក្លាយជាមន្ដ្រីរាជការដោយស្វ័យប្រវត្តិតែម្ដង ហើយអ្នកដែលទទួលបានពិន្ទុល្អ អាចជ្រើសរើសយកស្ថាប័នរដ្ឋណាមួយក៏បានដែរ ដើម្បីបំពេញការងារ។ នៅពេលនោះខ្ញុំបានជ្រើសរើសយក ស្ថាប័នទីស្ដីការគណៈរដ្ឋមន្ដ្រី ដើម្បីចូលធ្វើការងារ នៅឆ្នាំ ២០០២។
ក្នុងអំឡុងពេលដែលលោកកំពុងរៀននៅមហាវិទ្យាល័យ តើលោកមានដែលឆ្លៀតធ្វើការក្រៅម៉ោងដែរទេ?
ក្នុងអំឡុងពេលដែលខ្ញុំកំពុងរៀននៅមហាវិទ្យាល័យខ្ញុំក៏បានធ្វើការងារក្រៅម៉ោងមួយចំនួនដែរ ដើម្បីបានកម្រៃផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ ដោយមិនពឹងផ្អែកទៅលើឪពុកម្ដាយទាំងស្រុងទេ។ ពេលនោះខ្ញុំធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស បង្រៀនក្រៅម៉ោង នៅពេលថ្ងៃត្រង់ និងពេលយប់ដើម្បីរកចំណូល។
ចុះនៅពេលដែលលោកបានចូលធ្វើការនៅទីស្តីការគណៈរដ្ឋមន្ត្រីតើលោកឈប់រៀន ឬក៏នៅតែរៀនបន្តទៀត?
នៅអំឡុងពេលដែលខ្ញុំចូលបំពេញការងារនៅទីស្ដីការគណៈរដ្ឋមន្ដ្រីនៅឆ្នាំ ២០០២ ខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត នៅប្រទេសជប៉ុន ផ្នែកវិទ្យាសាស្ដ្រនយោបាយនៅសាកលវិទ្យាល័យ Nagoya (Nagoya University) នៃទីក្រុង Nagoya រយៈពេលជិត ៣ ឆ្នាំ (២០០២-២០០៥) ទើបខ្ញុំត្រឡប់មកបំពេញការងារនៅទីស្ដីការគណៈរដ្ឋមន្ដ្រីវិញ។
ក្រោយពីបានបំពេញការងារឡើងវិញមួយរយៈនៅទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយបើទោះបីខ្ញុំបញ្ចប់ការសិក្សាមកពីប្រទេសជប៉ុនក៏ដោយ ក៏មិនទាន់អស់ចិត្តដែរ ពេលនោះខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិកនៅឆ្នាំ ២០០៩ ទៅរៀនយកអនុបណ្ឌិតផ្នែកច្បាប់នៅសាកលវិទ្យាល័យ Hawaii នៃរដ្ឋ Hawaii។ ប៉ុន្ដែកម្មវិធីសិក្សាអនុបណ្ឌិតនេះ គឺមានរយៈពេលតែ ១ ឆ្នាំទេ។ ខ្ញុំបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១០ ក៏ត្រឡប់មកប្រទេសកម្ពុជាវិញ ហើយក៏បានបន្តការងារនៅទីស្ដីការគណៈរដ្ឋមន្ដ្រីនេះបន្តទៅទៀត។
អ៊ីចឹង ពាក់ព័ន្ធនឹងការសិក្សា និងការបំពេញការងារនេះ គឺខ្ញុំបានបំពេញការងារនៅទីស្ដីការគណៈរដ្ឋមន្ដ្រី រួមទាំង ការសិក្សាផង គឺមានរយៈពេលប្រហែលជាង ១០ ឆ្នាំ នៅក្នុងនាមជាមន្ដ្រីនៃទីស្ដីការគណៈរដ្ឋមន្ដ្រីនៅមុនពេលដែលខ្ញុំបានមកបំពេញការងារនៅក្រសួងយុត្ដិធម៌ ក្នុងក្របខ័ណ្ឌនយោបាយក្នុងឆ្នាំ ២០១៣ គឺក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ខ្ញុំទទួលបានការផ្ដល់សេចក្ដីទុកចិត្ដនូវការតែងតាំងពីប្រមុខរាជរដ្ឋាភិបាលឱ្យខ្ញុំមកបំពេញការងារក្នុងក្របខ័ណ្ឌនយោបាយជាអនុរដ្ឋលេខាធិការនៅក្រសួងយុត្តិធម៌នេះក្នុងឆ្នាំ ២០១៣។
នៅពេលដែលលោកមកទទួលការងារជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តើលោកមានឆ្លៀតរៀនមុខជំនាញអ្វីបន្ថែមទៀតទេ?
ដោយសារតែការស្រឡាញ់ការសិក្សា ដើម្បីដុសខាត់សមត្ថភាពបន្តទៅទៀត ខ្ញុំនៅមិនទាន់ស្កប់ស្កល់នូវអ្វីដែលខ្ញុំមាន ក៏តែងតែស្វះស្វែងរកចំណេះ។ ខ្ញុំក៏ទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសចិនថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ដ្រនយោបាយនៅឆ្នាំ ២០១៨។ ប៉ុន្ដែកម្មវិធីសិក្សាថ្នាក់បណ្ឌិតនៅប្រទេសចិននេះ គឺមានលក្ខណពិសេស គឺជាកម្មវិធីសិក្សា សម្រាប់ថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដែលមានការមមាញឹក គឺមិនចាំបាច់ឱ្យយើងទៅសិក្សាដោយផ្ទាល់ជាប់ជាប្រចាំនៅប្រទេសចិននោះទេ គឺជាកម្មវិធីសិក្សាបែបចល័ត គឺយើងទៅសិក្សាផ្ទាល់ខ្លះ និងសិក្សាពីចម្ងាយនៅកម្ពុជាខ្លះ។ កម្មវិធីសិក្សានេះ មានរយៈពេល ៣ ឆ្នាំ ហើយក្នុង ១ ឆ្នាំ យើងត្រូវទៅសាលា ២ ទៅ ៣ ដងប៉ុណ្ណោះ ហើយក្នុង ១ ដង មានរយៈពេលប្រហែល ១ ខែ ដើម្បីជួបជាមួយគ្រូ ធ្វើកិច្ចការងារសាលា និងរៀនមុខវិជ្ជាមួយចំនួនដែលសាលាបានតម្រូវ។
តើមានការលំបាកទេ នៅពេលដែលលោកធ្វើការផង រៀនផងបែបនេះ?
ខ្ញុំអាចធ្វើការងារបណ្ដើរ ធ្វើការសិក្សាស្រាវជ្រាវបណ្ដើរលើកម្មវិធីសិក្សាថ្នាក់បណ្ឌិតនេះ ដែលវាមិនប៉ះពាល់ដល់ការងាររបស់យើងទេ។ ក៏ប៉ុន្ដែវាមិនមែនជាការងាយស្រួល ដូចការសិក្សាថ្នាក់អនុបណ្ឌិតទេ ដែលយើងទៅសិក្សានៅប្រទេសគេតែម្ដងនៅទីនោះដែលវាមានការផ្ចង់អារម្មណ៍ក្នុងការសិក្សាជាង។ ក៏ប៉ុន្ដែរៀនថ្នាក់បណ្ឌិតនេះ យើងរៀនផង ធ្វើការងារផង វាមានការលំបាក ពីព្រោះយើងមានបន្ទុកការងារច្រើន ហើយត្រូវរៀបចំពេលវេលាមួយសម្រាប់ការសិក្សាថ្នាក់បណ្ឌិតនេះ។ យ៉ាងណាក្តី ខ្ញុំបានពុះពារតស៊ូរៀនរហូតបានបញ្ចប់ថ្នាក់បណ្ឌិតនេះនៅចុងឆ្នាំ ២០២១ ដោយទទួលបានការការពារនូវសារណាថ្នាក់បណ្ឌិតរបស់ខ្ញុំដោយជោគជ័យ។
ដូច្នេះជាសញ្ញាបត្រចុងក្រោយរបស់ខ្ញុំ គឺថ្នាក់អនុបណ្ឌិតចំនួន ២ នៅប្រទេសជប៉ុន និងសហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតនៅចិន។ បច្ចុប្បន្ននេះខ្ញុំក៏កំពុងសរសេរសារណាថ្នាក់បណ្ឌិតមួយទៀតនៅប្រទេសជប៉ុនដែរ ប៉ុន្ដែដោយសារការងាររវល់ពេក ខ្ញុំមិនទាន់អាចបញ្ចប់ក្នុងពេលនេះបានទេ ពេលមានឱកាស ខ្ញុំនឹងខិតខំបញ្ចប់សារណាថ្នាក់បណ្ឌិតនៅប្រទេសជប៉ុនមួយទៀត ដែលជាទិសដៅរបស់ខ្ញុំ គឺយកថ្នាក់អនុបណ្ឌិត ២ និងថ្នាក់បណ្ឌិត ២ ដែរ។
តាមរយៈបទពិសោធនៃការសិក្សារហូតទទួលបានការងារនៅក្នុងជួររាជរដ្ឋាភិបាលនេះ តើលោកមានចំណុចពិសេសអ្វីអាចចែករំលែកដល់យុវជន?
មែនទែនទៅ ការសិក្សារបស់យើង វាជាចំណុចចាប់ផ្ដើមនៃភាពជោគជ័យរបស់យើង នៅក្នុងការងារ ក៏ប៉ុន្ដែគ្រាន់តែថា ដើម្បីទទួលបានការជោគជ័យនៅក្នុងការងារ វាគួបផ្សំទៅនឹងកត្ដាផ្សេងទៀត។ បានន័យថា ការសិក្សាយើងទទួលបានជំនាញផ្នែករឹង ដូចជាយើងរៀនផ្នែកច្បាប់ គឺទទួលបាននូវជំនាញផ្នែកច្បាប់។ ដូច្នេះពាក់ព័ន្ធនឹងការងារនេះ ដើម្បីទទួលបានជោគជ័យក្នុងការងារ គឺយើងត្រូវការជំនាញផ្នែកទន់មួយចំនួនទៀត ដូចជាជំនាញនៃការទំនាក់ទំនង ជំនាញនៃភាពជាអ្នកដឹកនាំ ការប្រាស្រ័យ យល់ដឹងពីបរិយាកាសជុំវិញខ្លួនយើង និងការបត់បែនទៅតាមសភាពការណ៍ បរិយាកាសកន្លែងការងាររបស់យើងជាដើម។
ដូច្នេះទោះបីជាយើងកំពុងតែរៀនសូត្រនៅមហាវិទ្យាល័យក្នុងប្រទេសក៏ដោយ ក្រៅប្រទេសក៏ដោយ យើងត្រូវកសាងខ្លួនយ៉ាងម៉េចឱ្យបាននូវជំនាញរឹង និងជំនាញទន់ឱ្យបានក្នុងពេលតែមួយ។ ជំនាញរឹងនេះ យើងត្រូវធ្វើម៉េចខិតខំសិក្សារៀនសូត្រនៅសាលាឱ្យទទួលបានពិន្ទុល្អ ក៏ប៉ុន្ដែក្នុងពេលដែលយើងសិក្សានេះ ជាពិសេសសិក្សានៅក្រៅប្រទេស គឺត្រូវខិតខំយ៉ាងម៉េចកសាងនូវជំនាញទន់របស់យើងមួយទៀត ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់យើង។
តើត្រូវធ្វើដូចម្តេចក្នុងការកសាងបុគ្គលិកលក្ខណៈ?
ការកសាងបុគ្គលិកលក្ខណៈរបស់យើងនេះ គឺមិនមែនបានពីសាលាមកទេ គឺបានពីសង្គម និងបរិយាកាសដែលយើងកំពុងរស់នៅ។ អ៊ីចឹងបានជាខ្ញុំលើកទឹកចិត្ដយុវជន ក្នុងពេលសិក្សានៅក្នុងស្រុកក៏ដោយ ក្រៅស្រុកក៏ដោយ គឺការផ្ដោតលើការសិក្សាគឺជារឿងសំខាន់ហើយ ប៉ុន្ដែក៏កុំផ្ដោតតែមួយមុខទៅលើការសិក្សានៅសាលា គឺយើងត្រូវចូលរួមសកម្មភាពនានានៅក្នុងសង្គម តាមរយៈការងារស្ម័គ្រចិត្ដ ការងារសង្គម ការងារសហគមន៍ ដើម្បីកសាងនូវបុគ្គលិកលក្ខណៈ របស់យើងឱ្យយល់ដឹងពីសង្គមឱ្យបានទូលំទូលាយ យល់ដឹងពីមនុស្ស និងបរិយាកាសនៅជុំវិញខ្លួន ជាពិសេសបណ្ដុះនូវភាពជាអ្នកដឹកនាំរបស់យើងឱ្យមានភាពពេញវ័យគ្រប់គ្រាន់។
កត្ដាទាំងនេះបានជួយដល់យើងនៅពេលដែលយើងចេញទៅបំពេញការងារ ពីព្រោះនៅពេលដែលចេញទៅបំពេញការងារយើងមានជំនាញផ្នែករឹងពូកែហើយបន្ថែមលើនេះ យើងអាចមានជំនាញទន់មួយទៀត គឺយើងអាចធ្វើការងារបានជាមួយមនុស្សគ្រប់គ្នា និងអាចសម្របខ្លួនទៅបាន គ្រប់បរិយាកាសការងារទាំងអស់ និងអាចដោះស្រាយបញ្ហានៅចំពោះមុខបានប្រកបដោយប្រសិទ្ធភាព។...(នៅមានត ដែលជាភាគបញ្ចប់ នៅថ្ងៃសុក្រសប្តាហ៍ក្រោយ)។
វីដេអូ៖