
ប្រជាពលរដ្ឋស្ម័គ្រចិត្តផ្ដល់ឈាមនាពេលកន្លងមក។ រូប Cambodia Blood Service
ភ្នំពេញៈ មន្ត្រីមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានបញ្ជាក់ថា កម្ពុជាមានតម្រូវការឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្សប្រមាណជិត ១០ ម៉ឺនប្លោក ក្នុង ១ ឆ្នាំ ដែលចំនួននេះ គឺលើសពីឆ្នាំមុនៗ ជិត ២០ ភាគរយ។ ឆ្លើយតបតម្រូវការនេះ វិស័យឯកជន និងស្ថាប័នរដ្ឋកំពុងមានយុទ្ធនាការជាបន្តបន្ទាប់ក្នុងការផ្តល់ឈាម។
លោក លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមប្រាប់ភ្នំពេញប៉ុស្តិ៍ តាមរយៈតេឡេក្រាមនៅថ្ងៃទី ១២ ឧសភា ថា កន្លងមក នៅរៀងរាល់ ៦ នាទីម្តង កម្ពុជាត្រូវការឈាម ១ ប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ។ តម្រូវការឈាមប្រចាំថ្ងៃសរុបប្រមាណជាង ២០០ ប្លោកនៅរាជធានីភ្នំពេញ ខណៈតម្រូវការទូទាំងប្រទេសមានប្រមាណជិត ១០ ម៉ឺនប្លោកក្នុង ១ ឆ្នាំ ដែលលើសពីឆ្នាំមុនៗជិត ២០ ភាគរយ។ មជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧០ ភាគរយនៃការផ្គត់ផ្គង់ឈាមនៅទូទាំងប្រទេស។
លោក សុវិទ្យ បានឱ្យដឹងទៀតថា តាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ចំពោះការទទួលឈាមតាមរយៈសប្បុរសជន ដោយមិនគិតកម្រៃ និងដោយស្ម័គ្រចិត្ត ឆ្លើយតបបានប្រមាណ ១០ ភាគរយនៃតម្រូវការ សរុបក្នុងប្រទេសតែប៉ុណ្ណោះ។ រីឯប្រទេសជិតខាងមានការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត អាចផ្គត់ផ្គង់រហូតដល់លើសពី ៩០ ភាគរយនៃតម្រូវការឈាម។ លោកថ្លែងថា ទោះបីការផ្តល់ឈាមដោយស្ម័គ្រចិត្តនៅមានការខ្វះខាតច្រើនក៏ដោយ ប៉ុន្តែកម្ពុជាអាចទប់ទល់ភាពខ្វះខាតឈាមបាន ដោយសារតែមានអ្នកបរិច្ចាគឈាមជំនួសរហូតដល់ជាង ៨០ ភាគរយ។
លោកថ្លែងថា៖ «យើងអាចទប់ទល់បានដោយសារមានអ្នកផ្តល់ឈាមជំនួស ហើយយើងក៏អត់ចង់បានអ្នកផ្តល់ឈាមជំនួសដែរ។ យើងចង់បានអ្នកផ្តល់ឈាមស្ម័គ្រចិត្តឱ្យមានការកើនឡើង ដូចប្រទេសជិតខាងរហូតដល់ ៩០ ភាគរយឯណោះបានយើងអាចផ្គត់ផ្គង់ឈាមបានគ្រប់គ្រាន់»។
លោកអះអាងថា កិច្ចបរិច្ចាគឈាមមានអត្ថប្រយោជន៍ច្រើន និងមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស។ រហូតមកទល់ពេលនេះមិនទាន់មានរោងចក្រណាផលិតឈាមបានទេ។ លោកបញ្ជាក់ថា៖ «សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ធ្វើអំណោយឈាម បែរជាហួសពេល»។
ខណៈតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិត មានការកើនឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ ហើយការផ្គត់ផ្គង់ឈាមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សហភាព-សហព័ន្ធយុវជនកម្ពុជារាជធានី- ភ្នំពេញ សហភាពសហព័ន្ធ-យុវជនកម្ពុជាវិស័យធនាគារ និងសមាគមធនាគារកម្ពុជាបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមរៀបចំយុទ្ធនាការបរិច្ចាគឈាមក្រោមប្រធានបទ «សង្គ្រោះជីវិតខ្ញុំ»។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ១២ ឧសភា នៅទីស្នាក់ការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ អគារខេមរានី វិថីវិចិត្រសិល្បៈ ខណ្ឌជ្រោយចង្វារ ដោយមានអ្នកចុះឈ្មោះចូលរួមសរុបប្រមាណជាង ៧០០ នាក់។ បន្ថែមពីលើការបរិច្ចាគឈាម សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បរិច្ចាគថវិកាចំនួន ៤ ម៉ឺនរៀលបន្ថែមសម្រាប់ឈាម ១ ប្លោកជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
លោកបានថ្លែងថា៖ «ក្រោមកិច្ចសហការពីស្ថាប័នទាំង ៤ យុទ្ធនាការបរិច្ចាគឈាម «សង្គ្រោះ ជីវិតខ្ញុំ» មានគោលបំណងធំៗចំនួន ៣ គឺទី ១ កៀរគរការបរិច្ចាគឈាមពីបុគ្គលិកក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ភាគីពាក់ព័ន្ធ និងសាធារណជន ដើម្បីជួយសង្គ្រោះជីវិតអ្នកដែលមានតម្រូវការឈាមបន្ទាន់។ ទី ២ បរិច្ចាគថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទី ៣ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការបរិច្ចាគឈាម»។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាថ្លែងថា វិស័យធនាគារក៏បាននិងកំពុងចូលរួមការងារមនុស្សធម៌ជាច្រើន ដូចជា ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស និងការងារមនុស្សធម៌ផ្សេងៗទៀតជាដើម។
លោកថ្លែងថា៖ «ដោយពិនិត្យឃើញថា តម្រូវការឈាមនៅកម្ពុជាមានការកើនឡើងជារៀងរាល់ឆ្នាំ ខណៈដែលអ្នកបរិច្ចាគឈាមមិនបានគ្រប់គ្រាន់តាមតម្រូវការទើបថ្ងៃនេះយើងជួបជុំគ្នាចូលរួមយុទ្ធនាការស្តីពី “សង្គ្រោះ ជីវិតខ្ញុំ” និងបន្ថែមជាមួយការប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាផងដែរ»។
លោកស្រី តិមា វិច្ឆិកាល សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានថ្លែងថា ការចូលរួមពីគ្រប់កោសិការបស់សង្គមកម្ពុជាក្នុងការបរិច្ចាគឈាម ដោយស្ម័គ្រចិត្តនេះ គឺជាចលនាសង្គ្រោះអាយុជីវិតរបស់ប្រជាជន និងកុមារដែលកំពុងមានតម្រូវការឈាមជាចាំបាច់ នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាពនានា ដើម្បីរស់រានមានជីវិត។
លោកស្រីបញ្ជាក់ថា៖ «យុទ្ធនាការបរិច្ចាគឈាម និងការបរិច្ចាគថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផានេះនឹងវិវឌ្ឍក្លាយទៅជាចលនាជាតិ ដែលមានភាពសកម្មរស់រវើក និងរីកសាយភាយទូទាំងផ្ទៃប្រទេស ដើម្បីជាចំណែកនៃការចូលរួមលើកកម្ពស់មនសិការ ខ្មែរជួយខ្មែរ និងស្មារតីនៃវប្បធម៌ចែករំលែក»។
លោកស្រី ដា អ្នកនាំពាក្យក្រសួងផែនការថ្លែងនៅថ្ងៃទី ១២ ឧសភា ថា ឆ្លើយតបការចាំបាច់របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសប្បុរសជនអ្នកផ្តល់ឈាម លេខាធិការដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និង ស.ស.យ.ក. វិស័យផែនការ នឹងមានកម្មវិធីផ្តល់ឈាម នៅថ្ងៃទី ១៩ ឧសភា នេះ ចាប់ពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកតទៅនៅទីស្តីការក្រសួងផែនការ។
លោកបានបញ្ជាក់ថា៖ «ការបរិច្ចាគឈាម វាពិតជាអាចជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញខ្លួនរបស់យើងបាន នៅពេលដែលពួកគេត្រូវការឈាមជាចាំបាច់។ យើងខ្ញុំចង់ចូលរួមចំណែកជួយសង្គមជាតិ មិនថា ជាការងារអ្វីនោះទេ សំខាន់ឱ្យតែសាងអំពើល្អ»៕