ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ- ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានធ្វើការបដិសេធថា ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនមានការសហការជាមួយក្រសួងសុខាភិបាលក្នុងការធ្វើបណ្ណចាក់វ៉ាក់សាំងកូវីដ ១៩ ថ្មី ឬអាចចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេស។
លោកស្រីបានលើកឡើងដូចនេះតាមរយៈសេចក្តីជូនព័ត៌មានស្តីពីចរាចរចេញបណ្ណ និងវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ កាលពីថ្ងៃទី ១២ ខែឧសភា ដោយលោកស្រីថា កន្លងមកមានការប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមរបស់ក្រុមហ៊ុនឯកជន និងបុគ្គលមួយចំនួនថា ពួកគាត់មានការសហការជាមួយក្រសួងសុខាភិបាលក្នុងការធ្វើបណ្ណថ្មី ឬអាចចេញវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ១៩ ឱ្យប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ទៅក្រៅប្រទេសបាន។
លោកស្រីបានបញ្ជាក់ថា៖ «គ.វ.ក-១៩ សូមបដិសេធចោលទាំងស្រុងនូវការប្រកាសរបស់ក្រុមហ៊ុន និងបុគ្គលទាំងនោះ និងសុំបញ្ឈប់សកម្មភាពឃោសនាទាំងអស់នេះជាបន្ទាន់។ យើងក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវឈប់ជឿលើការឃោសនាបោកប្រាស់ទាំងនោះ ដើម្បីចៀសវាងនូវការខាតបង់ប្រាក់ និងបង្កឱ្យមានភាពអនាធិបតេយ្យក្នុងសង្គមដែលធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល»។
លោកស្រី ឱ វណ្ណឌីន បានបន្តថា គ.វ.ក-១៩ មិនទទួលស្គាល់បណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ ១៩ ដែលចេញដោយក្រុមហ៊ុនឯកជន ឬបុគ្គលណាក្រៅពីក្រសួងសុខាភិបាល ឬក្រសួងការពារជាតិនោះឡើយ។ បើតាមសេចក្តីជូនដំណឹងនេះ ប្រជាពលរដ្ឋអាចធ្វើការស្នើសុំវិញ្ញាបនបត្រចាក់វ៉ាក់សាំងនេះ តាមប្រព័ន្ធអនឡាញ តាមរយៈតំណភ្ជាប់ http://search.vaccirie.gov.kh និងមិនមានបង់កម្រៃទេ។
ដោយឡែក ទាក់ទងនឹងដំណើរការនៃការចាក់វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី ១១ ខែឧសភា ថា វ៉ាក់សាំងកូវីដ ១៩ នៅកម្ពុជាអាចចាត់ទុកថា ជាវ៉ាក់សាំងជោគជ័យបំផុតរបស់កម្ពុជា ពីព្រោះការចាក់វ៉ាក់សាំងនៅកម្ពុជាមិនមាននិន្នាការនយោបាយមិនមានបែងចែកពូជសាសន៍ សាសនា និងមិនមានការបែងចែកតំបន់ផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងមិនមានការអួតអាងអីទេ យើងជាអ្នកក្រ យើងក្រទ្រព្យសម្បត្តិ តែយើងមិនក្រចិត្តទេ។ ហ៊ុន សែន ហ៊ានលេង លេងដើម្បីការពារអាយុជីវិតរបស់ប្រជាជន ហើយមិនមានការប្រកាន់បក្ខពួកនោះឡើយ។ ក្នុងពេលដែលមានការឃោសនាអកុសលពីក្រៅប្រទេសចូលទៅកុំឱ្យចាក់វ៉ាក់សាំង ដោយសារចាក់ទៅវាងាប់ ប៉ុន្តែពេលនេះពលរដ្ឋជិត ១៥ លាននាក់ហើយបានចាក់វ៉ាក់សាំង»។
ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាលកម្ពុជាកំពុងតែពិនិត្យមើលថែមទៀតថា តើអាចចាក់កុមារអាយុ ២ ឆ្នាំទៀតបាន ឬអត់ដែលចំណុចនេះត្រូវការសិក្សាបន្ថែម។
ចំណែកលោកស្រី ឱ វណ្ណឌីន បានលើកឡើងឱ្យដឹងដែរថា ការចាក់វ៉ាក់សាំងនៅតែជាយុទ្ធសាស្ត្រដ៏សំខាន់របស់រាជរដ្ឋាភិបាល ហើយលោកនាយករដ្ឋមន្ត្រីក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋរួចហើយផងដែរពីការបន្តទទួលយកវ៉ាក់សាំងនេះ ដើម្បីការពារពីមេរោគកូវីដ ១៩។
លោកស្រីថា៖ «វ៉ាក់សាំងគឺសំខាន់ បងប្អូនអាចមានស្ថានភាពល្អប្រសើររហូតមកដល់បច្ចុប្បន្ននេះ ដោយសារវ៉ាក់សាំង ដែលវាជាកត្តាមួយក្នុងចំណោម កត្តាផ្សេងៗទៀតដែលធ្វើឱ្យបងប្អូនមានភាពស៊ាំនៅក្នុងសហគមន៍ និងបុគ្គលដែលយើងអាចទប់ស្កាត់បានភាពវាយលុកធ្ងន់ធ្ងរនៃជំងឺកូវីដ ១៩ និងកាត់បន្ថយបាននូវអ្នកសម្រាកពេទ្យ និងអត្រាស្លាប់ផងដែរ»។
ប្រធាន គ.វ.ក-១៩ រូបនេះ បានបន្ថែមថា តម្រូវការចាក់វ៉ាក់សាំងកូវីដ ១៩ នៅតែមាន និងត្រូវតែបន្តចាក់នៅពេលដែលដល់ពេលវេលា ឬវេនរបស់អ្នក បើទោះបីជាស្ថានភាពនៃការឆ្លងវីរុសកូវីដ ១៩ មានភាពប្រសើរក៏ដោយ ប៉ុន្តែវាកាន់តែមានតម្រូវការពីព្រោះគ្រប់គ្នាត្រូវរួមគ្នារក្សានូវនិរន្តរភាពនៃការរស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មី។ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ទូទាំងប្រទេសបានចំនួនជាង ១៤,៩៩ លាននាក់ ឬស្មើនឹង ៩៣,៦៩% ។ អត្រាអ្នកដែលបានចាក់ដូសទី ៣ មានជាង ៨,៨ លាននាក់ និងដូសទី ៤ បានចំនួនជាង ២ លាននាក់៕
វីដេអូ៖