មណ្ឌលគិរី​/​បាត់ដំបងៈ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត មណ្ឌលគិរី​នៅ​ថ្ងៃទី​ ១២ ឧសភា កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ​១១ ​នាក់​ទៅ​សាលាដំបូង​ខេត្ត​ជាមួយ​គ្រឿងញៀន​ជាង​ ៣ ​ក្រាម ខណៈ​ជន​ ៤​ នាក់​ទៀត ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​ ១០ ឧសភា ពាក់ព័ន្ធ​គ្រឿងញៀន​ ១០១ ​ថង់​តូច​។

លោក​ ស៊ុម សោភ័ណ្ឌ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​មណ្ឌលគិរី​ឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ឧសភា ថា សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១១​ នាក់​ (​ស្រី​ ២​ នាក់​) ​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

លោក​ថ្លែងថា​៖ «​ពួកគេ​មាន​ខ្លះ​ជា​អ្នក​ប្រើប្រាស់ អ្នកខ្លះ​ជួញដូរ និង​រក្សាទុក​គ្រឿងញៀន​»​។ លោក​ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​ ៩ និង​ថ្ងៃទី​ ១០ ខែឧសភា ឆ្នាំ​ ២០២២ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​មណ្ឌលគិរី និង​នគរបាល​ក្រុង​សែនមនោរម្យ​ដែល​សម្របសម្រួល​ផ្លូវច្បាប់​ពី​លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ភូមិ ស្វាយចេក សង្កាត់​សុខដុម ក្រុង សែនមនោរម្យ និង​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី​។ ក្នុងការ​បង្ក្រាប​នោះ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​បាន​ ១១ ​នាក់​ដែលមាន អាយុ​ចន្លោះ​ពី​ ១៩​ ដល់​ ៣៧ ​ឆ្នាំ​។ ក្នុងចំណោម​ ១១​ នាក់​នោះ​មានមុខ​សញ្ញា​សង្ស័យ​ជួញដូរ រក្សាទុក​គ្រឿងញៀន ៥ ​នាក់ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​មាន​ ៦​ នាក់​។ សមត្ថកិច្ច​ដកហូត​បាន​សារធាតុ​ញៀន​ទម្ងន់​ជាង​ ៣ ​ក្រាម និង​កាំភ្លើង​កែច្នៃ​ ១ ​ដើម​។

ដោយឡែក លោក កុយ ហៀង ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ឧសភា ថា ឈ្មោះ យី ហេង ភេទ​ស្រី អាយុ​ ២២ ​ឆ្នាំ វិត សេង ភេទ​ប្រុស អាយុ​ ៥៩ ​ឆ្នាំ ប៊ុន ថុល ហៅ ធួន ភេទ ប្រុស អាយុ​ ២៧ ​ឆ្នាំ និង សាន សល់ ភេទ​ស្រី អាយុ​ ៣៥ ​ឆ្នាំ ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​កាលពី​ថ្ងៃទី​ ១០ ​ឧសភា​។

លោក​ប្រាប់ថា​៖ «​ជន​ប្រុស​ស្រី​ទាំង ​៤​ នាក់​នោះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ពួកគេ​ក្នុង​ពន្ធនាគារ​ហើយ​បន្ទាប់ពី​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​គ្រឿងញៀន​»​។

លោក​បញ្ជាក់ថា ពួកគេ​ទាំង​ ៤​ នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ១០ ខែឧសភា ឆ្នាំ ​២០២២ ក្នុង​បទល្មើស​ជាក់ស្តែង​នៅ​ភូមិប​វេល​១ ឃុំ​បវេល ស្រុក​បវេល ខេត្ត​បាត់ដំបង​។ ជាមួយគ្នា​នោះ​សមត្ថកិច្ច​រឹបអូស​បាន​ថ្នាំញៀន​ប្រភេទ​ម៉ាទឹកកក​ចំនួន​ ៨​ ថង់​តូច ទូរស័ព្ទដៃ​ចំនួន​ ២​ គ្រឿង និង​ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​លក់​មួយចំនួន​ទៀត​។ រីឯ​ជនសង្ស័យ​ ២​ នាក់​ទៀត​ឃាត់ខ្លួន​នៅ ភូមិ ថ្នល់បត់ ឃុំ​អូររំដួល ស្រុក​ភ្នំព្រឹក និង នៅ​ភូមិ​អូរចំណិប ឃុំ​តាស្ដា ស្រុក​សំពៅលូន​។ សមត្ថកិច្ច​ដកហូត​វត្ថុតាង​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ១៨ ​ថង់​តូច ថ្នាំញៀន​យ៉ាម៉ា​ចំនួន ៧៥​ ថង់​តូច ទូរស័ព្ទដៃ​ ២ ​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​លក់ ១ ​គ្រឿង និង​សម្ភារ​ជក់​ថ្នាំញៀន​មួយចំនួនទៀត​៕