ភ្នំពេញៈ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្សី នា​ថ្ងៃទី​ ១០ ឧសភា ទទួល​បាន​ពានរង្វាន់​ឯកអគ្គរាជទូត​ឆ្នើម​ប្រចាំឆ្នាំ​ ២០២២ ពី​ស្ថាប័ន​ Korea Consumer Global Council ដែល​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េខាងត្បូង បន្ទាប់ពី​បំពេញ​តួនាទី​ជា​ឯកអគ្គរាជទូត​អស់​រយៈពេល ​៧ ​ខែ​។

ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ខាងត្បូង​បញ្ជាក់​ក្នុង​ទំព័រ​ហ្វេសប៊ុក​នា​ថ្ងៃទី​ ១១ ​ឧសភា​ថា លោកស្រី​ទទួលបាន​ពានរង្វាន់​ពី​ស្ថាប័ន Korea Consumer Global Council ដែលជា​ស្ថាប័ន​ផ្សារភ្ជាប់​ទំនាក់ទំនង​រវាង​បណ្តា​អតិថិជន និង​បណ្តា​ក្រុមហ៊ុន​តាមរយៈ​ការប្រឹក្សា​យោបល់ ដើម្បី​ជា​ការទទួល​ស្គាល់​អំពី​ការចូលរួម​ចំណែក យ៉ាងសកម្ម​របស់​លោកស្រី​លើ​វិស័យ​ការទូត​ផ្តោតលើ​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​កូរ៉េ​ខាងត្បូង​។

លោកស្រី ជ្រឹង បុទុមរង្សី សរសេរ​លើ​ហ្វេសប៊ុក នា​ថ្ងៃទី​ ១១ ឧសភា ថា​៖ «​នេះ​ជាការ​លើកទឹកចិត្ត​មួយ​ដ៏មាន​តម្លៃ​ដែល​ស​បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែង​របស់​នាង​ខ្ញុំ​ក្នុង​ការ​បំពេញ​តួនាទី និង​ភារកិច្ច​បម្រើ​ជាតិ មាតុភូមិ និង​បម្រើ​ដល់​ផលប្រយោជន៍​បងប្អូន​ខ្មែរ​យើង ពិតជា​មាន​ការគាំទ្រ​ពី​ភាគី​កូរ៉េ ដែលជា​ម្ចាស់ផ្ទះ​ពិតប្រាកដ​ណាស់​»​។

លោកស្រី​បញ្ជាក់ថា លោកស្រី​ពុំ​អាចបំពេញ​កិច្ចការងារ​ទាំងនេះ​បានទេ ប្រសិនបើ​ពុំមាន​ការចូលរួម គាំទ្រ និង​លើកទឹកចិត្ត​ពី​មន្ត្រីរាជការ និង​បុគ្គលិក​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង ព្រមទាំង​ក្រុម​គ្រួសារ​របស់​លោកស្រី​ផ្ទាល់​រួម​ទាំង​ក្តី​អាណិត​ស្រឡាញ់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​។

លោកស្រី​ឯកអគ្គរាជទូត​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​បន្ត​អនុវត្ត​តួនាទី និង​ភារកិច្ច​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង ដើម្បី​សម្រេច​ឱ្យបាន​នូវ​សមិទ្ធផល និង​ជោគជ័យ​ថ្មីៗ​បន្ថែមទៀត ដើម្បី​បម្រើ​ផលប្រយោជន៍ និង​បុព្វហេតុ​ដល់​ប្រទេស និង​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។ លោកស្រី​ប្តេជ្ញា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​លើ​វិស័យ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ឧស្សាហកម្ម ទេសចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។

មុន​ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្សី គឺជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។ លោកស្រី​បានចាប់ផ្ដើម​ការងារ​ដំបូង​ក្នុង​ក្របខ័ណ្ឌ​រដ្ឋាភិបាល កាលពី​ឆ្នាំ ​២០១២ ​ក្នុងតួនាទី​ជា​អ្នក​សម្របសម្រួល​ថ្នាក់​ខេត្ត​ប្រចាំ​នៅ​ខេត្ត​កំពត​លើ​ការធ្វើ​សមាហរណកម្ម​ដីធ្លី​។ បន្ទាប់មក​លោកស្រី​បាន​ទទួល​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។

ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​ពី​ខែកញ្ញា ឆ្នាំ​ ២០២១ មុន​ចាក​ចេញពី​កម្ពុជា លោកស្រី​ថ្លែងថា​ក្នុងតួនាទី​ជា​ឯកអគ្គរាជទូត លោកស្រី​មាន​គោលបំណង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង ​២​។

សហប្រធាន​ស្ថាប័ន Korea Consumer Global Council លោកស្រី​ Yoon Jeong-Yeon និង​លោកស្រី Cho Eun-Young បញ្ជាក់ថា លោកស្រី​ ជ្រឹង បុទុមរង្សី បាន​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កូរ៉េ និង​កម្ពុជា និង​ត្រូវបាន​គេ​រំពឹងថា​នឹង​នាំមក​នូវ​សមិទ្ធផល​ការទូត​ដ៏ច្រើន​សន្ធឹក​សន្ធាប់​បន្ថែមទៀត សម្រាប់​ប្រទេស​ទាំង​ ២ មិន​ត្រឹមតែ​ក្នុង​វិស័យ​ការទូត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ក្នុង​វិស័យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​រវាង​កូរ៉េ និង​កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។

លោកស្រី​សហប្រធាន​ទាំង ​២ បញ្ជាក់ថា​៖ «​ក្នុងការ​ទទួលស្គាល់ ការរួមចំណែក ខាង​ការទូត​ដ៏ល្អឥតខ្ចោះ​របស់លោក​ជំទាវ ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ Korea Consumer Global Council សូម​ប្រគល់​ពានរង្វាន់​ឯកអគ្គរាជទូត​ឆ្នើម​ប្រចាំ​ ២០២២​ជូន​ចំពោះ​លោកជំទាវ​»​។

កាលពី​ខែមីនា ឆ្នាំ​ ២០២១ លោក ឡុង ឌីម៉ង់ អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​កូរ៉េខាងត្បូង​ទទួល​បាន​ពានរង្វាន់​ឯកអគ្គ​រាជទូត​ឆ្នើម​ប្រចាំឆ្នាំ​ ២០២១ ពី​សមាគម​ទូត​មិត្តភាព​វប្បធម៌​កូរ៉េ (Korea Ambassador Culture Friendship Association) ដែល​បានរួម​ចំណែក​ដល់​ការពង្រឹង​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​វប្បធម៌​រវាង​កម្ពុជា និង​កូរ៉េខាងត្បូង​៕