ភ្នំពេញៈ កិច្ចប្រជុំរកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ជាលើកទី ១០ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១១ ខែឧសភា នៅតែមិនទាន់ទទួលបានលទ្ធផលវិជ្ជមាននៅឡើយ ខណៈតំណាងភាគីកម្មករ និយោជិត នៅតែរក្សាជំហរទាមទារដដែលហើយក្រុមហ៊ុនក៏នៅតែបន្តច្រានចោលសំណើរបស់ពួកគេដដែល។
មិនខុសពីសព្វដងក្រសួងការ-ងារ បន្តអញ្ជើញគូភាគីវិវាទ មកជួបប្រជុំដោះស្រាយ ដើម្បីឱ្យភាគី ទាំង ២ ចរចាគ្នា និងផ្តល់សម្បទានឱ្យគ្នាទៅវិញទៅមក ដើម្បីអាចឈានទៅបញ្ចប់ជម្លោះដែលអូសបន្លាយជិតកន្លះឆ្នាំមកហើយនេះ។ យ៉ាងណាមិញ កិច្ចប្រជុំជាលើក ទី ១០ ភាគីទាំង ២ នៅតែមិនទាន់រកចំណុចរួមឃើញនៅឡើយទេ ខណៈក្រសួងការងារបានកំណត់កាលបរិច្ឆេទប្រជុំលើកទី ១១ នៅថ្ងៃទី ១៨ ឧសភា ដើម្បីឱ្យភាគីទាំង ២ មានឱកាសនិយាយគ្នាឡើងវិញអំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាចឈានទៅបញ្ចប់វិវាទនេះ។
សេចក្តីជូនដំណឹងស្តីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី ១១ ខែឧសភា បានឱ្យដឹងថា សម្រាប់មតិរបស់សហជីព និងតំណាងភាគីកម្មករនិយោជិត នៅតែរក្សាជំហរដដែល ដោយស្នើឱ្យកម្មករនិយោជិត ២០០ នាក់ ដែលបានបញ្ឈប់ពីការងារចូលធ្វើការងារវិញ និងធ្វើការដោះដូរជាមួយកម្មករនិយោជិត ដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ ជំនួសប្រហែល ៣០០ នាក់ និងធ្វើការខែទី ១ ចំនួន ៥០% និងខែទី ២ ចំនួន ៧០% រហូតដល់មានវេនធ្វើការងារពេញវិញ។
បន្ថែមពីនេះ តំណាងសហជីពមានចម្ងល់ចំពោះការមិនព្រមទទួលយកកម្មករនិយោជិតចូលធ្វើការវិញ ខណៈដែលក្រុមហ៊ុនខ្វះបុគ្គលិក និងកំពុងជ្រើសរើសបុគ្គលិក។
សហជីពសំណូមពរក្រសួងការងារផ្តល់លិខិតរបស់អធិការការងារស្តីពីការឯកភាពលើការបញ្ឈប់ពីការងាររួមរបស់កម្មករនិយោជិតចំនួន ១ ៣២៩ នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំសហជីព ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីពនាពេលកន្លងមក។ សហជីពស្នើសុំបើកការិយាល័យសហជីពដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញឡើងវិញ ដើម្បីធ្វើការទំនាក់ទំនងការងារវិញ ដោយសារម្ចាស់ផ្ទះ នៅតែបន្តទាមទារប្រាក់ជួលផ្ទះ ដែលមានម៉ូតូ និងសម្ភារផ្សេងៗនៅក្នុងនោះ និងស្នើសុំទម្លាក់រាល់បទចោទទាំងអស់ ដល់ថ្នាក់ដឹកនាំ និងសមាជិកដែលត្រូវបានចោទប្រកាន់។
ចំណែកឯមតិរបស់តំណាងក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ជាក់ថា សំណើរបស់កម្មករនិយោជិតជាសំណើដដែលៗ ហើយក្រុមហ៊ុនមិនអាចទទួលយកអតីតបុគ្គលិកប្រមាណជិត ២០០ នាក់នេះ ដែលបានបញ្ឈប់ពីការងារឱ្យចូលធ្វើការវិញនោះទេ។ តំណាងក្រុមហ៊ុនថា៖ «ចំនួនបុគ្គលិកដែលកំពុងបំពេញការងារ នៅតែលើសពីចំនួនតម្រូវការជាក់ស្តែង ហើយចំពោះការជ្រើសរើសបុគ្គលិកថ្មី គឺសម្រាប់បំពេញតំណែងនៅក្នុងផ្នែកផ្សេងជំនួសបុគ្គលិកដែលបានលាឈប់កន្លងមក ហើយជាតួនាទី និងផ្នែកដែលមិនត្រូវបានកាត់បន្ថយ ដូចជា ផ្នែកព័ត៌មានវិទ្យា (IT) ឬផ្នែកជំនាញកាមេរ៉ា ជាដើម»។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងបញ្ជាក់ផងដែរថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ ដោយច្បាប់ក៏ដូចជាការទាមទាររបស់គូភាគី។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំង ២ មានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សានីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ។ ពាក់ព័ន្ធបញ្ហានេះដែរ ក្រុមអង្គការសិទ្ធិមនុស្ស និងមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការលើសិទ្ធិការងារជំរុញដល់ភាគីពាក់ព័ន្ធ រួមគ្នាដោះស្រាយវិវាទនេះឱ្យបានឆាប់ចប់ ដើម្បីកុំឱ្យមានបាតុភាពណាមួយកើតឡើង ដែលអាចជះឥទ្ធិពលដល់សង្គម ខណៈស្ថាប័នរដ្ឋកំពុងបន្តសម្របសម្រួលជូនភាគីទាំង ២៕