អាមេរិកៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលចំពោះការលើកឡើងជុំវិញថា រាជរដ្ឋាភិបាល និងតុលាការកម្ពុជាបានចោទប្រទេសសហរដ្ឋអាមេរិកជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។ ប៉ុន្តែសហមេធាវី លោក កឹម សុខា ថា ការលើកឡើងរបស់លោក នាយករដ្ឋមន្ត្រី នេះវាសមល្មមដែលអាចលើកលែងពីការចោទប្រកាន់កូនក្តីរបស់លោកបាន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរប្រមាណ ២ ០០០ នាក់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ១២ ខែឧសភា បញ្ជាក់ថា ករណីនេះ លោក កឹម សុខា បាននិយាយដោយខ្លួនឯងនៅក្នុងវីដេអូឃ្លីប ថា មានបរទេសនៅពីក្រោយ និងរៀបចំផែនការឱ្យ។ ដូច្នេះសហរដ្ឋអាមេរិក និងលោក កឹម សុខា ត្រូវដោះស្រាយគ្នាតែ ២ នាក់ទៅ។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖ «ទាំងតុលាការ ទាំងរាជរដ្ឋាភិបាលអត់មានចោទអាមេរិកទេ អ្វីដែលកើតមាន គឺ កឹម សុខា និយាយពីអាមេរិកឱ្យជួយអ៊ីចេះៗៗ។ រឿងនេះ វាមិនមែនរឿងរវាងកម្ពុជា និងអាមេរិកឯណា រឿង កឹម សុខា អ៊ីចឹងអាមេរិកត្រូវធ្វើឥរិយាបថយ៉ាងម៉េចថា «ម៉េចបានយកឈ្មោះខ្ញុំទៅនិយាយ» រឿងហ្នឹងវាតែប៉ុណ្ណឹងតើ យើងអត់បានទៅចោទអាមេរិក ជួយផ្តួលរំលំរដ្ឋាភិបាលទេ គឺ កឹម សុខា ទេ និយាយខ្លួនឯង តើ»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងឯកសារភ័ស្តុតាងដើមបណ្តឹង និងទាំងឯកសារភ័ស្តុតាងរបស់មេធាវីរបស់ លោក កឹម សុខា ដែលដាក់នៅតុលាការគឺ មិនមានអ្វីខុសគ្នានោះទេ ហើយក៏គ្មានអ្នកយកមកកាត់តនោះដែរ។
តែទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រីបញ្ជាក់ករណីនេះ ដំណើរការយ៉ាងណា វាគឺជានីតិវិធីរបស់តុលាការតែប៉ុណ្ណោះ លោក មិនលូកដៃចូលនោះទេ។
ចំពោះបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានលើកមកនិយាយជាមួយលោក កឹម សុខា នៅពេលជួបលោករយៈពេល ៤ ម៉ោង នៅឯខេត្តកំពង់ចាម នៅពេលដែលលោក កឹម សុខា បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធបងប្រុសទី ២ របស់លោកនោះទេ។ ប៉ុន្តែនៅពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ការធ្វើដំណើរចេញទៅក្រៅប្រទេសរបស់លោក កឹម សុខា ដើម្បីពិនិត្យមើលសុខភាព និងសួរសុខទុក្ខកូនចៅមិនមានអ្វីជាបញ្ហានោះទេ ខណៈដែលបច្ចុប្បន្ននេះ លោក កឹម សុខា មានសិទ្ធិធ្វើដំណើរនៅក្នុងស្រុកបាន។
លោកថ្លែងថា៖ «រឿង កឹម សុខា មកក្រៅ មិនគួរក្លាយទៅជាឧបសគ្គនោះទេ ប៉ុន្តែត្រង់សម្រេចឱ្យទៅ ឬមិនឱ្យជាអំណាចរបស់តុលាការ ខ្ញុំមិនលូកលាន់ទេ តែបំណងរបស់ខ្ញុំ ខ្ញុំគិតថា បើខ្ញុំជាតុលាការ បើសុំ ខ្ញុំឱ្យ ប៉ុន្តែខ្ញុំមិនមែនជាចៅក្រម កុំ យល់ច្រឡំថា ខ្ញុំគាបសង្កត់ទៅលើតុលាការឱ្យលោក កឹម សុខា ចាកចេញ ខ្ញុំមិនធ្វើអ៊ីចឹងទេ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងកោតសរសើរ និងគោរព លោក កឹម សុខា ដែលមានសមានចិត្តចូលរួមគោរពវិញ្ញាណក្ខន្ធទាំងម្តាយក្មេក និងបងប្រុសទី ២ របស់លោកផងដែរ ប៉ុន្តែលោកបានរិះគន់ចំពោះលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសដែលមិនបានផ្ញើសារ រំលែកទុក្ខថា មិនបានចាប់យកឱកាសក្នុងការវិលចូលកម្ពុជាវិញ និងជាមនុស្សល្ងង់។
ក្នុងជំនួបជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅឯសហរដ្ឋអាមេរិក លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកក៏បានលើកឡើងពីការព្រួយបារម្ភចំពោះសវនាការលោក កឹម សុខា ផងដែរ។
លោក ចាន់ ចេន សហមេធាវីរបស់លោក កឹម សុខា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែឧសភាថា ចំពោះការថ្លែងបដិសេធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា សំណុំរឿងកូនក្តីរបស់លោក គឺលោក កឹម សុខា មិនជាប់ពាក់ព័ន្ធទៅនឹងសហរដ្ឋអាមេរិក គឺវាគ្រប់គ្រាន់សម្រាប់ការទម្លាក់ការចោទប្រកាន់ទៅលើកូនក្តីរបស់លោក។
លោកថ្លែងថា៖ «ចំណុចនេះ គឺជាចំណុចសំខាន់មែនទែន ពីព្រោះនៅក្នុងរឿងក្តីនេះសំខាន់គឺភាគីដើមចោទដែលមានរដ្ឋាភិបាលជាអ្នកចោទប្រកាន់។ អ៊ីចឹងបើដើមចោទ ខាងរដ្ឋាភិបាលមិនបានចោទប្រកាន់ទេ វាច្បាស់ហើយថា ជារឿងរបស់កូនក្តីរបស់ខ្ញុំជាមួយនឹងអាមេរិក។ អ៊ីចឹង យើងមិនចាំបាច់ធ្វើការវិភាគ ឬលើកឡើងនូវអំណះអំណាងអីទេ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណឹង វាគ្រប់គ្រាន់ក្នុងការទម្លាក់ការចោទប្រកាន់មកលើកូនក្តីរបស់យើងខ្ញុំ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១២ ខែឧសភាថា ករណីសំណុំរឿងលោក កឹម សុខា បើផ្អែកទៅលើអង្គហេតុដែលមានវីដេអូឃ្លីប ដែលលោក កឹម សុខា និយាយ គឺវាពាក់ព័ន្ធនឹងលោក កឹម សុខា ដែលមានការទំនុកបម្រុងរបស់សហរដ្ឋអាមេរិក។
តែទោះជាយ៉ាងណា ពាក្យថា សហរដ្ឋអាមេរិកនេះមិនបានសំដៅដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកទេ ដោយមិនដឹងថា សហរដ្ឋអាមេរិកណាទេជាបុគ្គលសហរដ្ឋអាមេរិក ឬ ក្រុមណាមួយនោះទេ។
លោកថ្លែងថា៖ «តួអង្គដែលពាក់ព័ន្ធនឹងរឿងហ្នឹង គឺសហរដ្ឋអាមេរិកដែលកំណត់មិនបាន ហើយនិងតួអង្គលោក កឹម សុខា។ បើយើងថា រដ្ឋាភិបាលអាមេរិក គឺមិនមែនទេ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាជាដើមបណ្តឹងនៅក្នុងករណីហ្នឹង ពីព្រោះរាជរដ្ឋាភិបាលមានភារកិច្ចរក្សានូវសណ្តាប់ធ្នាប់ និងសន្តិសុខជាតិ។ អ្វីដែលវាប៉ះពាល់ដល់សន្តិសុខជាតិ ចាំបាច់ត្រូវតែមានវិធានការផ្លូវច្បាប់»។
លោកថា សំណុំរឿងលោក កឹម សុខា ដែលត្រូវបានចោទពីបទសន្ទិដ្ឋភាពជាមួយនឹងបរទេសនេះ វាតិច ឬក៏ច្រើនតែងតែប៉ះពាល់ និងរំខានដល់ទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកមិនខាននោះទេ ពីព្រោះសហរដ្ឋអាមេរិក តែងតែលើកឡើងរហូតមកទល់នឹងបច្ចុប្បន្ននេះ៕
វីដេអូ៖