​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំ​រុញឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ផ្សព្វផ្សាយ​ពី​ការពិត​របស់​កម្ពុជា ខណៈ​លោក​អះអាងថា កម្ពុជា​បាន​រង​នូវ​ភាពអយុត្តិធម៌​កើតចេញពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​លោក​ជំរុញ​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​លោក មី​សែ​ល ភី​ទ្រុស​ហ្សិ​ល​ឡូ (Michael Petruzzello) ប្រធាន​ក្រុមហ៊ុន​ទំនាក់ទំនង​សាធារណៈ (PR Firm-Qorvis Communication) របស់​អាមេរិក​នា​ថ្ងៃទី​ ១២ ខែឧសភា ក្នុងឱកាស​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក ដែល​ធ្វើឡើង​នៅ​ថ្ងៃទី ​១២-១៣ ខែឧសភា នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​។​

​នៅក្នុង​ជំនួប​នេះ​លោក ហ៊ុន សែន ថ្លែងថា ការផ្សព្វផ្សាយ​នូវ​អ្វី​ដែលជា​តថភាព​ជាក់ស្តែង​របស់​កម្ពុជា​គឺជា​រឿង​សំខាន់​ណាស់ ដោយ​ស្ថានភាព​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន មិន​ដូច​អ្វីដែល​លើកឡើង​នៅ​ទំព័រសារព័ត៌មាន​ប្រឆាំងនឹង​កម្ពុជា​នោះទេ​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ក្រោយ​ជំនួប​នេះ​ថា​៖ «​សម្តេច​តេ​ជោ ក៏បាន​ជំរុញ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​ទស្សនកិច្ច និង​សរសេរ​ការពិត​របស់​កម្ពុជា​»​។

​លោក ហ៊ុន សែន ថ្លែងថា​៖ «​កម្ពុជា​មិន​ចង់ឱ្យ​ផ្សព្វផ្សាយ​នូវ​អ្វីដែល​ហួស​ពី​ការពិត​របស់​កម្ពុជា​នោះដែរ ពោលគឺ​ផ្សាយ​ត្រឹម​ស្ថានភាព​ជាក់ស្តែង​របស់​ក​ម្ពុ​ជា​តែប៉ុណ្ណោះ​។ កម្ពុជា​បាន​រង​នូវ​អយុត្តិធម៌​ច្រើនណាស់ កើតចេញពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ប្រាស់ចាក​ពីស​ភាព​ពិត​នៅ​កម្ពុជា​»​។

​លោក​បន្តថា ស្ថាប័ន​អន្តរជាតិ​មួយចំនួន​តែងតែ​យក​ការផ្សព្វផ្សាយ​ព័ត៌មាន​ជា​មូលដ្ឋាន​ក្នុងការ​វាយតម្លៃ​របស់​ខ្លួន ហើយ​នាំឱ្យ​ការវាយតម្លៃ​មិនបាន​ត្រឹមត្រូវ ព្រោះ​ព័ត៌មាន​ដែល​ស្ថាប័ន​អន្តរជាតិ​ទាំងនោះ​យក​ជា​មូលដ្ឋាន​ជា​ប្រភព​ផ្សព្វផ្សាយ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​។​

​បើតាម​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន លោក Petruzzello ចង់ឃើញ​កម្ពុជា​បង្កើន​ការបណ្តុះបណ្តាល​អ្នកនាំពាក្យ និង​តំណាង​របស់​កម្ពុជា​នៅ​គ្រប់​វិស័យ​ទាំងអស់ ដើម្បី​បង្កើន​សមត្ថភាព​ក្នុងការ​បង្ហាញ និង​ឆ្លើយតប​បញ្ហា​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​លោក ហ៊ុន សែន ប្រា​ប់លោក Petruzzello ថា កម្ពុជា​កំពុង​ជំរុញ​ការបណ្តុះបណ្តាល​មន្ត្រី​អ្នកនាំពាក្យ​ឱ្យមាន​សមត្ថភាព​កាន់តែ​ខ្ពស់ ក្នុងការ​ផ្តល់ព័ត៌មាន​ជាក់ស្តែង​ស្តីពី​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ព្រោះ​ការបណ្តុះបណ្តាល​មន្ត្រី​អ្នកនាំពាក្យ​ជា​រឿង​សំខាន់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ពាំនាំ​ការពិត​របស់​កម្ពុជា​ទៅកាន់​ពិភពលោក​។​

​យោងតាម​ហ្វេ​ស​ប៊ុ​កលោក ហ៊ុន សែន លោក Petruzzello បាន​សន្យា​ជួយ​ជំរុញ​ដល់​ការផ្សព្វផ្សាយ​ការពិត​ពី​កម្ពុជា​៕