ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ឱ្យ​បញ្ចុះបញ្ចូល​យ៉ាងណា​កុំឱ្យ​មានការ​ភាន់ច្រឡំ​លើ​ទំនាក់ទំនង​កម្ពុជា​-​អាមេរិក ដោយ​លោក​លើក​ករណី​កន្លងមក​ថា ការដែល​សហរដ្ឋអាមេរិក​បាន​ចោទប្រកាន់​កម្ពុជា​ថា​មាន​វត្តមាន​យោធា​ចិន​នៅ​កំពង់ផែ​រាម​គឺជា​រឿង​មិន​ពិត​។

លោក​ប្រាប់​ទៅ​ក្រុមហ៊ុន​បញ្ចុះបញ្ចូល​អាមេរិក​ដូច្នេះ​នៅក្នុង​ជំនួប​ជាមួយ​លោក ស្កុត ដេវីដ ផាវិន (Scott David Parven) តំណាង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​ផ្នែក​ច្បាប់​របស់​អាមេរិក នៅ​ថ្ងៃទី​ ១២ ខែឧសភា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក​ក្នុង​ឱកាស​ដែល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក នៅ​ថ្ងៃទី​ ១២-១៣ ខែឧសភា​។

ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា​៖ «​សម្តេចតេជោ​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ និង​បញ្ចុះបញ្ចូល​របស់​អាមេរិក​ថា មាន​កិច្ចការ​មួយចំនួន​ទៀត ដែល​ត្រូវធ្វើ​បន្ត គឺ​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ការភាន់ច្រឡំ​លើ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២»​។

ហ្វេសប៊ុក​ដដែល​បន្តថា​៖ «​ដូចជា​កន្លងមក​អាមេរិក មាន​ការចោទប្រកាន់​លើ​កំពង់ផែ​រាម​ថា មាន​វត្តមាន​យោធា​ចិន ដែល​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​ពិត ព្រោះ​កម្ពុជា​មាន​គោលជំហរ​ច្បាស់លាស់ ដោយ​ប្រកាន់​នយោបាយ​អព្យាក្រឹត​អចិន្ត្រៃយ៍ មាន​ចែង​ច្បាស់​ក្នុង​រដ្ឋធម្មនុញ្ញ ហើយ​កម្ពុជា​គ្មាន​នយោបាយ​ជ្រើសរើស​រវាង​ចិន និង​អាមេរិក​នោះទេ​»​។

លោក ហ៊ុន សែន បាន​ប្រាប់​លោក Parven ថា ការផ្អាក​ធ្វើ​សមយុទ្ធ​ជាមួយ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៧ គឺ​ដោយសារ​កម្ពុជា​ត្រូវ​រៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នៅ​ឆ្នាំ ​២០១៧ នេះ ហើយ​កម្ពុជា​ក៏​មិន​មានបំណង​បង្អាក់​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​អាមេរិក​នោះទេ​។

លោក​បន្តថា ការអនុញ្ញាត​ឱ្យ​នាវា​ប្រទេស​នានា​ចូល​ចត​នៅ​កំពង់ផែ​របស់​កម្ពុជា​នា​ពេលកន្លងមក​គឺជា​ការបង្ហាញ​ឱ្យឃើញ​នូវ​ការធ្វើ​ទំនាក់ទំនង​ដោយ​បើកចំហ​របស់​កម្ពុជា​ជាមួយ «​បណ្តា​ប្រទេស​ជា​មិត្ត​»​។

ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ដកស្រង់​សំដី​លោក Parven ថា កន្លងមក​ក្រុមហ៊ុនរ​របស់លោក​បាន​ធ្វើជា​ច្រើន​ជាមួយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​មាន​ភាពល្អប្រសើរ​។

លោក Parven ត្រូវបាន​ស្រង់​សំដី​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទាក់ទង​ជាមួយ​ថ្នាក់ដឹកនាំ​របស់​អាមេរិក​នៅ​ស្ថាប័ន​សភា ក៏ដូចជា​រដ្ឋាភិបាល​ធ្វើយ៉ាងណា​ឱ្យ​អាមេរិក​យល់​ពី​ជំហរ​របស់​កម្ពុជា​ទាំង​ទំនាក់ទំនង​ទ្វេភាគី ការងារ​អាស៊ាន និង​ការងារ​អន្តរជាតិ ជាពិសេស​គោលជំហរ​របស់​កម្ពុជា​ពាក់ព័ន្ធ​ការឈ្លានពាន​របស់​រុស្ស៉ី លើ​អ៊ុយក្រែន ការ​បម្រែបម្រួល​អាកាសធាតុ ពាណិជ្ជកម្ម និង​ការខិតខំ​របស់​កម្ពុជា​ខាង​ផ្នែក​មនុស្សធម៌​។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​ដកស្រង់​សំដី លោក Parven មក​ផ្សព្វផ្សាយ​ថា តាមរយៈ​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សភា និង​រដ្ឋាភិបាល​អាមេរិក​នោះ លោក Parven បាន​គូស​រំលេច​ថា អ្វីដែល​កម្ពុជា​បានធ្វើ​នាពេល​កន្លងមកនេះ ជា​រឿង​ដ៏ល្អ ដែល​គួរតែ​អបអរសាទរ និង​ផ្តល់​តម្លៃ​សម្រាប់​កម្ពុជា​។

នៅ​ចំពោះមុខ លោក Parven នៅក្នុង​ជំនួប​នេះ លោក ហ៊ុន សែន បញ្ជាក់ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​អាមេរិក​នាពេល​បច្ចុប្បន្ន​បាន​ឈានដល់​កម្រិត​ល្អប្រសើរ​មួយ​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បានឱ្យ​ដឹងថា អ្វីដែល​អាមេរិក​មិន​ធ្លាប់មាន​ពីមុនមក​ក្នុង​ទំនាក់ទំនង​ជាមួយ​កម្ពុជា គឺ​បាន​មាន​ក្នុង​ពេលធ្វើ​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ដូចជា​ការជួយ​ឱ្យមាន​ទីតាំង​ស្ថានទូត​ជាក់លាក់ ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ ២​។

លោក ហ៊ុន សែន អះអាង​ថា ក្នុង​រយៈពេល ៤​ ​ខែ​ឆ្នាំ​ ២០២២ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អាមេរិក មាន​កំណើន​គួរឱ្យ​សម្គាល់​ទោះបី​ស្ថិតក្នុង​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ក្នុងនោះ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក កើនឡើង​ដល់​ទៅ ៤៤ ​ភាគរយ​។

លោក​បន្តថា សហរដ្ឋអាមេរិក​បាន​ជួយ​ការអភិវឌ្ឍ​ជាច្រើន​នៅ​កម្ពុជា ដូចជា​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ ការដោះមីន ការបណ្តុះបណ្តាល និង​ការផ្តល់​វ៉ាក់សាំង​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ជាដើម​៕