កំពង់ស្ពឺ​/​ព្រះសីហនុៈ បុរស​ជា​ប្តី​ត្រូវបានធ្វើ​ការចាប់ខ្លួន​ក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ១២ ​ខែឧសភា​នេះ ក្រោយពី​បាន​វាយ​ប្រពន្ធ​មាន​ផ្ទៃពោះ​ ៨ ​ខែ​ស្លាប់ ហើយ​បាន​រត់គេចខ្លួន​នៅក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​ ១០ ខែឧសភា ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​អង្គភាព​ការពារ​កុមារ (CPU) ​នៅ​ថ្ងៃ​សុក្រ​ទី ​១៣ ​ខែឧសភា​នេះ​។

ប្រភព​ដដែល​បានឱ្យ​ដឹងថា នៅពេល​មានការ​ឈ្លោះប្រកែក​គ្នា​នោះ ជនសង្ស័យ​ជា​ប្តី​បាន​យក​វត្ថុ​រឹង​ទៅ​វាយ​ទៅលើ​ប្រពន្ធ ដែល​បណ្តាល​ឱ្យមាន​របួស​ធ្ងន់ធ្ងរ​។ បុរស​ជា​ប្តី​បាន​រត់គេចខ្លួន​ពី​កន្លែង​កើតហេតុ​។ ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មាន​អាយុ​ ៣៦ ​ឆ្នាំ ហើយ​មាន​ផ្ទៃពោះ​ ៨​ ខែ​។ ទាំង​ម្តាយ និង​កូន​ក្នុង​ពោះ​បាន​បាត់បង់​ជីវិត​នៅ​មន្ទីរពេទ្យ ដោយសារតែ​រងរបួស​ធ្ងន់​ពេក​។ នគរបាល​មូលដ្ឋាន​បាន​អះអាងថា ជនសង្ស័យ​ជា​មនុស្ស​ប្រមឹក​ម្នាក់​។

ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ដើម្បី​ធ្វើការ​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​។

នៅ​ថ្ងៃទី​ ១២ ខែឧសភា នៅវេលា​ម៉ោង​ ៥ និង​ ៣០ ​នាទី​ល្ងាច ជនសង្ស័យ​មានឈ្មោះ យ៉ែម ចន្ថា អាយុ​ ៤៣ ​ឆ្នាំ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​បាន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

វីដេអូ៖